ខេត្តសៀមរាប ៖ ហាងម៉ាស្សា និងផ្ទះសំណាក់យីហោបុីបុី ១៦៨ ស្ថិតនៅតាមបណ្តោយផ្លូវខាងត្បូងភ្លើងស្តុបទន្លេសាប ឆ្ពោះទៅផ្សារញ៉ែក្រុងសៀមរាប ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការតាមដានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរចំនួន២១នាក់ (ស្រី១៥នាក់ ប្រុស៦នាក់) ក្នុងនោះខ្មែរ២នាក់កាលពីយប់ថ្ងៃទី២៤ មេសា ពីបទបម្រើសេវាផ្លូវភេទ ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សា និងផ្ទះសំណាក់យីហោបុីបុី ១៦៨ ដែលបង្កប់បម្រើសេវាផ្លូវភេទនេះ គឺក្រោមការបញ្ជាដឹកនាំកម្លាំងពីសំណាក់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស៊្រាង រតនៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការបង្ក្រាប បន្ទាប់ពីហាងនេះបើកបម្រើភ្ញៀវបានរយៈពេល២០ថ្ងៃ ។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា ឱ្យដឹងទៀតថា ចំពោះករណីបង្ក្រាបហាងម៉ាស្សា និងផ្ទះសំណាក់បង្កប់បម្រើសេវាផ្លូវភេទនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិខ្មែរ និងវៀតណាមចំនួន២១នាក់ (ស្រី១៥នាក់ ប្រុស៦នាក់) ក្នុងនោះមានភ្ញៀវខ្មែរដែលចូលទៅរកសេវាផ្លូវភេទចំនួន២នាក់ ។ ក្នុងប្រតិបត្តិការនោះបុរសជាថៅកែហាងម៉ាស្សា និងផ្ទះសំណាក់ឈ្មោះបាវ អាយុ១៩ឆ្នាំ ជាជនជាតិវៀតណាមបានព្យាយាមរត់គេចពីសមត្ថកិច្ច ដោយបើកបង្អួចជាន់ទី៣ នៃហាងម៉ាស្សានោះលោតទម្លាក់មកក្រោមបណ្តាលឱ្យរបួសធ្ងន់បាក់ភ្លៅស្តាំ បាក់ប្រអប់ជើងស្តាំ ភ្នែកស្តាំ បបូរមាត់ និងហើមកែងដៃឆ្វេងត្រូវបានបញ្ជូនទៅមន្ទីរព្យាបាលឯកជនភ្លាមៗតែម្តង ។
ក្នុងការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចកងរាជអាវុធហត្ថដកហូតបានស្រោមអនាម័យចំនួន១.៩៨០ ប្រើហើយមួយចំនួនធំ និងសៀវភៅសម្រាប់កត់បញ្ជីបុគ្គលិកចេញចូលចំនួន១០ក្បាល វិក្កយបត្រមួយចំនួនធំ កូនសោបន្ទប់ចំនួន១៩ និងស្លាកលេខសម្គាល់ខ្លួននារីចំនួន៩ ។បច្ចុប្បន្ននារីជនជាតិវៀតណាមចំនួន១៥នាក់ និងបុគ្គលិកប្រុសជាជនជាតិវៀតណាម ព្រមទាំងមានភ្ញៀវខ្មែរ២នាក់ផងដែលចូល ទៅរកសេវាផ្លូវភេទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនមកកាន់ការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃកងរាជអាវុធហត្ថខេត្តដើម្បីសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្ត ។
សូមបញ្ជាក់ថា គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី២៥ មេសា មន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា សមត្ថកិច្ចកំពុងសួរនាំបន្តរហូតទាល់តែអស់ ប៉ុន្តែមិនទាន់ដឹងថាបញ្ជូនទៅតុលាការ ឬឱ្យធ្វើកិច្ចសន្យាដើម្បីដោះលែងឱ្យត្រឡប់ទៅគេហដ្ឋានវិញនៅឡើយទេ ៕
ចែករំលែកព័តមាននេះ