អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកម្នាក់អះអាងថា ការតាមរុករកយន្តហោះបាត់ដានម៉ាឡេស៊ី ជើងហោះហើរ MH 370 អាចប្រើពេលជាច្រើនឆ្នាំក្រោយបរាជ័យក្នុងប្រតិបត្តិការតាមរុករកនៅបាតសមុទ្រមក ។ ចាប់តាំងពី២សប្តាហ៍មកហើយ ការតាមរុករកនៅបាតសមុទ្រផ្តោតក្នុងតំបន់ទំហំ១០គីឡូម៉ែត្រក្រឡា ស្ថិតក្នុងមហាសមុទ្រឥណ្ឌាត្រង់តំបន់ស្ថិតនៅចម្ងាយប្រមាណជា២.២០០គីឡូម៉ែត្រខាងលិចទីក្រុង PERTH ។ ក៏បុ៉ន្តែបេសកកម្មទាំងឡាយប្រើរ៉ូបូមុជទឹករបស់កងម៉ារីនអាមេរិកឈ្មោះ BLUEFIN-21 ដែលចុះដល់ជម្រៅ៤.៥០០ម៉ែត្រពុំទទួលបានលទ្ធផលអ្វីវិញសោះ មុនពេលរូ៉បូនោះធ្វើប្រតិបត្តិការរុករករយៈពេល១៦ម៉ោងទៀតគ្រោងនាថ្ងៃទី២៥ មេសា។
អ្នកទទួលខុសត្រូវរូបនោះដែលមិនបញ្ចេញឈ្មោះអះអាងថា យើងបានរុករកពាសពេញតំបន់តូចនោះ តែយើងពុំបានរកឃើញអ្វីឡើយ។ តំបន់រុករកនឹងពង្រីកបន្ថែមទៀត ហើយបែបនោះគេអាចនិយាយបានថា ការរុករកប្រើពេលច្រើនឆ្នាំ ។ ប្រទេសម៉ាឡេស៊ីនឹងចេញផ្សាយនាសប្តាហ៍ខាងមុខនេះនូវរបាយការណ៍ដំបូងមួយស្តីពីការបាត់ដានយន្តហោះធុនប៊ូអុីង៧៧៧ នោះ ។
នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីបរ៉ាហ្សាក់ ដែលរដ្ឋាភិបាលរបស់លោករងការរិះគន់យ៉ាងខ្លាំងថា គ្មានតម្លាភាពក្នុងការសើុបអង្កេត ។ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាមេរិក CNN លោកណាជីប ថ្លែងថា ខ្ញុំស្នើដល់ក្រុមអ្នកជំនាញការមួយឱ្យសិក្សារបាយការណ៍នេះដែលនឹងអាចចេញផ្សាយនាសប្តាហ៍ខាងមុខ ៕
ចែករំលែកព័តមាននេះ