ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ UN ជំរុញ​ឱ្យ​កម្ពុជា និង​ថៃ អនុវត្ត​ការ​អត់ធ្មត់ បញ្ជៀ​សការ​បង្កើន​ជម្លោះ

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ឡើង​វិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ពិសេស​របាយការណ៍​នៃ​ការ​វាយប្រហារ​តាម​អាកាស…

សហរដ្ឋអាមេរិក ៖ លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ឡើង​វិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ពិសេស​របាយការណ៍​នៃ​ការ​វាយប្រហារ​តាម​អាកាស និង​ការ​ចល័ត​អាវុធ​ធុន​ធ្ងន់​នៅ​តំបន់​ព្រំដែន​។ លោក​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់ធ្មត់ និង​បញ្ជៀ​សការ​បង្កើន​ជម្លោះ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ លោក Stéphane Dujarric អ្នកនាំពាក្យ UN បាន​លើក​ឡើង​ថា «​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​យ៉ាងច្រើន ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ការ​ផ្លាស់​ទីលំនៅ​ទាំង​សងខាង​ព្រំដែន​។ ប្រមុខ UN បាន​សង្កត់ធ្ងន់​ថា ភាគី​ទាំង​ពីរ​ត្រូវ​តែ​ការពារ​ជន​ស៊ី​វិល និង​សម្របសម្រួល​ជំនួយ​មនុស្សធម៌ ហើយ​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់ធ្មត់ និង​បញ្ជៀ​សការ​បង្កើន​ជម្លោះ​ថែម​ទៀត​»​។

តាម​សេចក្តីថ្លែងការណ៍ លោក​អគ្គលេខាធិការ​បញ្ជាក់​ជា​ថ្មី នូវ​ការ​អំពាវនាវ​របស់​លោក​ដល់​ភាគី​នានា​ឱ្យ​ត្រឡប់​ទៅ​រក​ក្របខ័ណ្ឌ​នៃ​សេចក្តី​ប្រកាស​រួម ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ប្តេជ្ញា​ចិត្ត​ឡើង​វិញ​ចំពោះ​បទ​ឈប់​បាញ់ និង​អនុវត្ត​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង និង​កសាង​ទំនុកចិត្ត​។

លោក​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ប្រើប្រាស់​យន្តការ​ទាំងអស់​សម្រាប់​ការ​សន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​ជម្លោះ តាម​រយៈ​មធ្យោបាយ​សន្តិភាព​។ UN ក៏​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់ ដែល​មាន​គោលបំណង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​៕ ប្រភព ៖ UN, Reuters និង Xinhua

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ