រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោកស័រហ្គេយឆយហ្គូ ប្រកាសកាលពីថ្ងៃទី២៤ មេសាថា សមយុទ្ធយោធាបានចាប់ផ្តើមនៅប្រទេសរុស្ស៊ី ជិតព្រំដែនអ៊ុយក្រែនជាការឆ្លើយតបចំពោះការកើនឡើងនៃភាពតានតឹងក្នុងប្រទេសនេះ ។ រដ្ឋមន្ត្រីរូបនោះនិយាយថា ប្រទេសរុស្ស៊ីត្រូវបង្ខំចិត្តបញ្ចេញប្រតិកម្មតបចំពោះម៉ាស៊ីនយោធាអ៊ុយក្រែន និងចំពោះសមយុទ្ធរបស់អូតង់នៅអឺរុ៉បខាងកើត ។ លោកបន្តថា អាជ្ញាធរក្រុងគៀវបានចេញបញ្ជាឱ្យប្រើកម្លាំងប្រឆាំងបណ្តាជនស៊ីវិល ។
ប្រសិនបើម៉ាស៊ីនយោធានេះពុំបញ្ឈប់ទេនោះនឹងនាំឱ្យមានមនុស្សស្លាប់ និងរបួសកាន់តែច្រើន ។ សមយុទ្ធយោធាគ្រោងធ្វើដោយកងកម្លាំងអូតង់នៅប្រទេសប៉ូឡូញ និងក្នុងបណ្តាប្រទេសនៅតំបន់បាល់ទិក នឹងពុំជួយឱ្យមានការកែលម្អសភាពការណ៍ជ្រួលច្របល់នៅអ៊ុយក្រែនឡើយ ។ យើងបង្ខំចិត្តបញ្ចេញប្រតិកម្មតបចំពោះការវិវត្តន៍នៃសភាពការណ៍នេះ ។នាវេលាល្ងាចថ្ងៃទី២៤ មេសានោះរដ្ឋាភិបាលអ៊ុយក្រែនបានទុកពេល៤៨ម៉ោងដល់ក្រុងមូស្គូដើម្បីផ្តល់ឱ្យខ្លួននូវការពន្យល់នានា និងភាព លម្អិតនៃសមយុទ្ធយោធានេះ។
នៅក្រុងវ៉ាស៊ីនតោន ក្រសួងការពារប្រទេសអាមេរិកអំពាវនាវដល់ក្រុងមូស្គូឱ្យចាត់វិធានការនានាដើម្បីកាត់បន្ថយភាពតានតឹង ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក STEVE WARREN និយាយថា ការប្រកាសពីសមយុទ្ធយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន គឺផ្ទុយទៅនឹងអ្វីដែលយើងបានស្នើដល់រុស្ស៊ីឱ្យកាត់បន្ថយភាពតានតឹង ។ ការវាយលុកប្រឆាំងពួកបំបែកខ្លួននិយមបន្តអ៊ុយក្រែនបានបន្តការវាយលុកប្រឆាំងពួកបំបែកខ្លួននិយមស្និទ្ធរុស្ស៊ី ។ អាជ្ញាធរអ៊ុយក្រែនកាលពីថ្ងៃទី២៤ មេសា បានធ្វើការវាយលុកដោយបង្ហូរឈាមប្រឆាំងពួកបំបែកខ្លួននៅក្រុងស្លាវីយ៉ានស្ក៍ ជាទីតាំងរបស់ពួកបះបោរស្និទ្ធរុស្ស៊ីនៅភាគខាងកើតប្រទេសភ្លាមៗក្រោយការបរិហាររបស់រុស្ស៊ី ដែលតបតវិញតាមរយៈការធ្វើសមយុទ្ធក្បែរព្រំដែន ។
ការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ុយក្រែន និងពួកបំបែកខ្លួននិយមនៅក្រុងស្លាវីយ៉ាស្ក៍ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ក្នុងជួរពួកបះបោរ ហើយទាហានអ៊ុយក្រែនម្នាក់ត្រូវរបួស ។ ពួកបំបែកខ្លួនអះអាងថា ខាងក្រុមរបស់ពួកគេមានស្លាប់ម្នាក់ និងរបួសម្នាក់ ។
លោកពូទីន ព្រមានអ៊ុយក្រែនយ៉ាងខ្លាំងប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២៤ មេសា ចាត់ទុកប្រតិបត្តិការរបស់កងទ័ពអ៊ុយក្រែននៅភាគខាងកើតប្រទេសថា ជាអំពើឧក្រិដ្ឋធ្ងន់ធ្ងរ ហើយព្រមានពីបណ្តាផលវិបាកធ្ងន់ធ្ងរទាំងឡាយ ប្រសិនបើក្រុងគៀវប្រើប្រាស់អាវុធប្រឆាំងប្រជាជនខ្លួនឯងផ្ទាល់ ។
ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយមួយឯទីក្រុងសាំងប៉េទ័រស្បួរ លោកពូទីន មានប្រសាសន៍ថា ប្រសិនបើរបបក្រុងគៀវចាប់ផ្តើមប្រើប្រាស់កងទ័ពប្រឆាំងប្រជាជននោះជាអំពើឧក្រិដ្ឋធ្ងន់ធ្ងរមួយ ។ ក្នុងករណីបែបនេះអាជ្ញាធរអ៊ុយក្រែននឹងទទួលងារជារបបយោធាមួយ ។
លោកពូទីន ចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវថា ប្រើប្រាស់កម្លាំងជ្រុលប្រឈមមុខបណ្តាសមាសភាពទាមទារបង្កើតរដ្ឋសហព័ន្ធនៅភាគខាងកើតប្រទេស ហើយផ្តល់ភាពស្របច្បាប់ដល់បណ្តាក្រុមជ្រុលនិយមជាជាងចាប់ផ្តើមការចរចាជាតិដ៏ពិតប្រាកដមួយ ។
លោកបន្តថា យើងបានចូលរួមក្នុងការចរចាក្រុងហ្សឺណែវ ។ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលតាមកិច្ចព្រមព្រៀងទាំងនោះភាគីទាំងពីរត្រូវរំសាយអាវុធ បោះបង់ចោលការកាន់កាប់បណ្តាអគាររដ្ឋ ។ យើងមិនត្រូវដើរលើផ្លូវនៃការប្រឈមមុខដាក់គ្នា តែដើរលើផ្លូវនៃការចរចាក្នុងផ្ទៃប្រជាជនក្នុងប្រទេសទាំងមូល ។
ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស័រហ្គេយឡាវរ៉ូវ វិញ កាលពីថ្ងៃទី២៤ មេសា អះអាងថា សហរដ្ឋអាមេរិកត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញអាជ្ញាធរអ៊ុយក្រែនឱ្យគោរពបណ្តាកិច្ចសន្យាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងក្រុងហ្សឺណែវស្តីពីអ៊ុយក្រែន ។ ម្យ៉ាងវិញទៀត លោកឡាវរ៉ូវ ស្នើដល់អាជ្ញាធរអ៊ុយក្រែនឱ្យពិនិត្យបណ្តាការទាមទាររបស់តំបន់ទាំងឡាយ ហើយខិតខំធ្វើឱ្យសម្រេចបានការសម្របសម្រួលគ្នាជាមួយប្រជាជន ។
អ៊ុយក្រែនស្នើរុស្ស៊ីដកទ័ពចេញពីព្រំដែន
ប្រធានាធិបតីស្តីទីអ៊ុយក្រែនលោកអាឡិចសាន់ដ្រ៍ តួកជីណូវ កាលពីថ្ងៃទី២៤ មេសា បានស្នើដល់រុស្ស៊ីឱ្យដកកងទ័ពរបស់ខ្លួនចេញពីព្រំដែនរួម ក្រោយការប្រកាសរបស់ក្រុងមូស្គូពីសមយុទ្ធយោធាជាប្រតិកម្មតបចំពោះប្រតិបត្តិការរបស់ក្រុងគៀវប្រឆាំងពួកបំបែកខ្លួននិយមសិ្នទ្ធរុស្ស៊ី ។
ក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោកតួកជីណូវ និយាយថា យើងស្នើដល់រុស្ស៊ីឱ្យបញ្ចប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអ៊ុយក្រែន ការគំរាមកំហែង និងការបង្ខិតបង្ខំនានា ហើយដកកងទ័ពចេញពីព្រំដែនខាងកើតរបស់ប្រទេសយើង ។ លោកចោទប្រកាន់រុស្ស៊ីជាថ្មីថា បង្កើតចលនាបំបែកខ្លួននិយមនៅបណ្តាតំបន់ខាងកើតអ៊ុយក្រែន ដោយនិយាយថា ក្រុងមូស្គូគាំទ្រពួកភេរវករ និងពួកឃាតករ ។
លោកចនគ័ររី ព្រមានក្រុងមូស្គូ
ភាពតានតឹងនៅតែខ្លាំងក្លាកាលពីថ្ងៃទី២៥ មេសា នៅអ៊ុយក្រែន ក្រោយការវាយលុកបង្ហូរឈាមប្រឆាំងពួកបំបែកខ្លួននិយមនៅភាគខាងកើតប្រទេស ដែលបរិហារយ៉ាងខ្លាំងដោយរុស្ស៊ី តែរុស្ស៊ីក៏ទទួលការព្រមានយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិកដែរ ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនគ័ររី កាលពីយប់ថ្ងៃទី២៤ មេសា ចោទប្រកាន់ថា ប្រទេសរុស្ស៊ីពុំបានធ្វើការផ្តួចផ្តើមគំនិតអ្វីដើម្បីអនុវត្តកិច្ចព្រមព្រៀងក្រុងហ្សឺណែវ ដើម្បីកាត់បន្ថយភាពតានតឹងនៅអ៊ុយក្រែនឡើយ ។ លោកបរិហារថា នោះជាការខុសឆ្គងដែលនឹងបង់តម្លៃយ៉ាងធ្ងន់មួយ ។ លោកចាត់ទុកសមយុទ្ធយោធាថ្មីៗរបស់រុស្ស៊ីនៅព្រំដែនអ៊ុយក្រែនថា ជាការគំរាមកំហែងមួយ ៕
ចែករំលែកព័តមាននេះ