ប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា កាលពីព្រឹកថ្ងៃទី២៥ មេសា បានទៅដល់ប្រទេសកូរ៉េខាងត្បូងដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃមួយនៅទីនោះ ខណៈមានការគំរាមកំហែងសាកល្បងនុយក្លេអ៊ែរលើកទី៤របស់កូរ៉េខាងជើង ។
ក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងកត់សម្គាល់ឃើញពីការកើនឡើងនៃសកម្មភាពនៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ PUNGGYE-RI របស់កូរ៉េខាងជើងដែលអាចមានន័យថា មានការរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ក្រុងព្យុងយ៉ាង ។ ថ្ងៃទី២៥ មេសា នោះវិទ្យាស្ថានអាមេរិក-កូរ៉េ ជាមជ្ឈមណ្ឌលសិក្សាមួយពីកូរ៉េខាងជើងលាតត្រដាងថា ការវិភាគនានាលើបណ្ដារូបភាពផ្កាយរណបបង្ហាញពីការបង្កើនសកម្មភាពនៅទីតាំងសាកល្បងនុយក្លេអ៊ែរនោះ ។
ពួកអ្នកវិភាគនិយាយថា ក្រុងព្យុងយ៉ាងអាចផ្គើនដល់ទស្សនកិច្ចរបស់លោកអូបាម៉ានៅកូរ៉េខាងត្បូង ដោយធ្វើការសាកល្បងនុយក្លេអ៊ែរថ្មី។ ក៏ប៉ុន្ដែអ្នកវិភាគខ្លះយល់ថា ក្រុងព្យុងយ៉ាងមិនប្រថុយប្រថានបង្កឱ្យប្រទេសចិន ជាសម្ព័ន្ធមិត្ដធំខឹងសម្បាឡើយ ។
ក្រុងសេអ៊ូលជាដំណាក់កាលទី២នៃដំណើរទស្សនកិច្ចរបស់លោកអូបាម៉ានៅអាស៊ី បន្ទាប់ពីក្រុងតូក្យូមុនពេលលោកបន្ដដំណើរទៅកាន់ម៉ាឡេស៊ី នាថ្ងៃទី២៦ មេសា ៕
ចែករំលែកព័តមាននេះ