ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​លក់ធ្យូង តើកា.ប់កបដែរប្ញអត់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​ ការ​ប្រើ​ចង្ក្រានហ្គាស​ឬ​ឆ្នាំងអគ្គិសនី នៅ​ក្នុង​ការ​ចម្អិនម្ហូប​អាហារ​កំពុង តែ​ពេញ​និយម​សម្រាប់ ជនជាតិ​ខ្មែរ​យើង ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឬ​តាម​ទីក្រុង​និង​ទីប្រជុំជន​នានា ព្រមទាំង​ប្រើ​រហូត…

រាជធានី​ភ្នំពេញ ៖ សព្វ​ថ្ងៃនេះ​ ការ​ប្រើ​ចង្ក្រានហ្គាស​ឬ​ឆ្នាំងអគ្គិសនី នៅ​ក្នុង​ការ​ចម្អិនម្ហូប​អាហារ​កំពុង តែ​ពេញ​និយម​សម្រាប់ ជនជាតិ​ខ្មែរ​យើង ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឬ​តាម​ទីក្រុង​និង​ទីប្រជុំជន​នានា ព្រមទាំង​ប្រើ​រហូត ដល់​ចង្ក្រាន​អាំង​សាច់​អគ្គិសនី​ថែម​ទៀត​ផង ។ ពេល​នេះ​ គឺជា​យុគ​សម័យ​​ទំនើប រីកចម្រើន​និង​សុ​ី​វិ​ល័យ ព្រោះ​ការ​ប្រើ​ចង្ក្រានហ្គាស ឬ​ឆ្នាំងបាយ​អគ្គិសនី​នោះ អាច​ធ្វើ​ឲ្យ​ការ​ចម្អិន​អាហារ​មាន​ភាព​ឆាប់​ឆ្អិន​ឆាប់​បាន​បរិភោគ និយាយ​រួម​រហ័ស​ទាន់ចិត្ត​ហើយ​ក៏​មិន​លំបាក​បង្កាត់ភ្លើង និង​គ្មាន​ផ្សែងហុយ​ដូច​ជា​ការ​ដុត​អុស​ឬ​ធ្យូង ។ ចំពោះ​អ្នកធ្វើការ​និង​លក់ដូរ​ជាប់រវល់​ច្រើន ដែល​ពុំ​សូវ​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ចម្អិន​អាហារ និង​ដើម្បី​ឆាប់​បាន​បរិភោគ​នោះ​គឺ​បាន ប្រើ​ចង្ក្រានហ្គាស​ឬ​ឆ្នាំងភ្លើង​អគ្គិសនី​ដោយ​ពេញ​និយម​បំផុត ។

ថ្វី​ដ្បិតតែ​សព្វថ្ងៃ​មានការ​ប្រើ​ហ្គា​ស់​ច្រើន​បែប​នេះ​ក្ដី ក៏​ការ​ប្រើប្រាស់​ធ្យូង​នៅ​តែ​មាន​បន្ត​ហើយ​ធ្យូង​ក៏​នៅ​តែ​ជា​តម្រូវការ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មិន​អាច​ខ្វះ​បាន​ដដែល ។ ជាក់ស្តែង​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​តែងតែ​ប្រទះ​ឃើញ​អ្នកលក់​ធ្យូង​តាម​រុ​ឺ​ម៉ក​ម៉ូតូ​ជា​ហូរហែ​រាល់ថ្ងៃ ដែល​បញ្ជាក់​បាន​ថា​នៅ​រាជធានី​ភ្នំពេញ គឺ​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​ធ្យូង ដោយ​ខានមិនបាន ជា​ពិសេស​នៅ​តាម​ហាង​គុយទាវ និង​កាហ្វេ​តាម​គ្រួសារ​ជា​ច្រើន ព្រមទាំង​នៅ​តាម​ហាង​អាំង​សាច់​ឬ​ហាង​គោដុត​ជាដើម ។

បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់ និង​ខ្លួនប្រាណ មុខមាត់ ព្រមទាំង​ដៃ​ប្រឡាក់ប្រឡូស​ដោយ​ក្អែល​ខ្មៅ​បាន​ប្រាប់​ថា ខ្ញុំ​ឈ្មោះ សំ​អឿ​ន អាយុ​៤០​ឆ្នាំ ជា​អ្នកលក់​ធ្យូង ។ ខ្ញុំ​ប្រកប​មុខរបរ​លក់​ធ្យូង​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ដឹក​ធ្យូង​តាម​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​នៅ​ក្នុង​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ យក​ទៅ​ដើរ​ដាក់​ឲ្យ​ម៉ូយ​តាម​ផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ជាយក្រុង​ក្នុង​ដូច​ជា​ផ្សារ​ចោម​ចៅ និង​ផ្សារ​សុ​ិ​ន​ជូ​រី​ផ្លារ​ហ្សា ព្រមទាំង​លក់រាយ​ឲ្យ​អតិថិជន​តាម​ផ្ទះ​ផង​ដែរ ។

អ្វី​ដែល​គួរ​កត់សម្គាល់​នោះ​ឃើញ​ថា បើ​ទោះជា​សព្វ​ថ្ងៃនេះ​មានការ​ប្រើប្រាស់​ចង្ក្រានហ្គាស ឬ​ឆ្នាំងអគ្គិសនី​ច្រើន​ក្ដី ក៏​ចំនួន​នៃ​ការ​លក់​ធ្យូង​មិន​មានការ​ធ្លាក់​ចុះ​លក់​មិន​ដាច់​ឬ​ក៏​ពិបាក​លក់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​មាន​ពេល​ខ្លះ​រក​ធ្យូង​លក់​សឹង​មិន​បាន​ផង ។ និយាយ​រួម​យ៉ាង​ហោច​ណាស់​ក៏​ការ​លក់​ចេញ​នៅ​តែ​មាន​ចំនួន​ថេរ និង​មាន​ពេល​ខ្លះ​ទៀត​កើនឡើង​ថែម​ទៀត ដូច្នេះ​ក៏​អាច​កំណត់​បាន​ថា ទោះបីជា​ចង្ក្រានហ្គាស​ឬ​ឆ្នាំងអគ្គិសនី​កំពុង​វាយលុក​មាន​អ្នក​ប្រើប្រាស់​ច្រើន​ហើយ​ក៏​ដោយ ក៏​ធ្យូង​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ដដែល ឬ​អាច​និយាយ​បាន​ថា​ធ្យូង​និង​ហ្គា​ស​កំពុង​ដើរ​ទន្ទឹម​គ្នា​តែ​ម្ដង ។

លោក សំ​អឿ​ន បាន​ប្រាប់​បន្ត​ទៀត​ថា សម្រាប់​គ្រួសារ​អ្នក​ដែល​មិន​ចូល​ចិត្ត ឬ​គ្មាន​លទ្ធភាព​និង​ខ្លាច មិន​ហ៊ាន​ប្រើ​ចង្ក្រានហ្គាស​ឬ​ឆ្នាំងអគ្គិសនី​វិញ នៅ​តែ​ប្រកាន់​យក​មធ្យោបាយ​ដុត​ធ្យូង​ដើម្បី​ចម្អិន​អាហារ ហើយ​ក៏​មានគ្រួសារ​ខ្លះ​ប្រើ​ទាំង​២​មុខតែ​ម្ដង ។ ជាក់ស្ដែង​ដូច​ជា​នៅ​តាម​ហាង​គុយទាវ កាហ្វេ ហាង​បាយ ហាង​សាច់​អាំង ឬ​ហាង​គោដុត​ជាដើម​។​ល​។​ហាង​ទាំងនេះ​ប្រើ​ចង្ក្រានហ្គាស​ផង និង​ដុត​ធ្យូង​ផង​ដែរ ដែល​ចង្ក្រាន​ហ្គាស​ប្រើ​សម្រាប់​តែ​ការ​ចម្អិនម្ហូប​អាហារ​ដែល​ភ្ញៀវ​កុម្ម៉ង់​លឿន ។

ចំណែកឯ​ធ្យូង​វិញ​គឺ​ប្រើ​សម្រាប់​ការ​ចម្អិន​រម្ងាស់​ទឹក​ស៊ុប​ឲ្យ​ផុយ និង​រក្សា​កម្ដៅ​ឲ្យ​នៅ​ក្ដៅ​ជាប់​រហូត​ឬ​ដាំទឹក​សម្រាប់​ឆុង​កាហ្វេ​និង​តែ ពេញ​១​ថ្ងៃ ដែល​មិន​អាច​បើក​ហ្គា​ស​ជាប់​រហូត​ដូច​ធ្យូង​ពី​ព្រឹក​ដល់​ល្ងាច​ឬ​យប់​បាន​នោះ​ទេ ដូច្នេះ​គឺ​ត្រូវ​ប្រើ​ធ្យូង​ជំនួស​ហ្គា​ស​ទើបបាន ។ ម្យ៉ាង​ធ្យូង​ដាក់​តែ​២​ឬ​៣​ដុំ​ក្នុង​ចង្ក្រាន​គឺ​ឆេះ​ងំ​មាន​រងើកភ្លើង​ជាប់​រហូត អាច​ធ្វើ​ការងារ​ផ្សេង​ៗ​បាន​ដោយ​ងាយស្រួល មិន​ចាំបាច់​មើល​ញឹកញាប់​ឬ​ខ្លាច​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដូច​ជា​ហ្គា​ស​ឡើយ ។

បុរស​អ្នកលក់​ធ្យូង​បាន​បញ្ជាក់​ថា ធ្យូង​ខាងលើ​ត្រូវ​បាន​ឈ្មួញ​នៅ​ឯ​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ដឹក​តាម​រថយន្ត​មក​បោះ​ដុំ​ឲ្យ​ឈ្មួញកណ្ដាល​មួយទៀត​នៅ​ក្នុង​ឃុំ ស្រុក ដែល​លោក​រស់នៅ ។ គាត់​ថា ប៉ុន្តែ​ខ្ញុំ​ពុំ​បានដឹង​ថា​ឈ្មួញកណ្ដាល​ទិញ​ចូល​ក្នុង​១​គីឡូក្រាម​ថ្លៃ​ប៉ុន្មាន​នោះ​ទេ ។ បន្ទាប់​មក​ឈ្មួញកណ្ដាល​បាន​រៀបចំ​លក់​បន្ត​ឲ្យ​រូប​ខ្ញុំ និង​អ្នក​ដ៏​ទៃ​ទៀត​ដោយ​អ្នកខ្លះ​៣០០​គីឡូក្រាម ខ្លះ​ទៀត​៥០០​ឬ​៦០០​គីឡូក្រាម ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ដឹក​រួច​និង​មាន​ម៉ូយ​ច្រើន​អាច​លក់​ចេញ​អស់ ។

ដោយឡែក ​ឈ្មួញកណ្ដាល​បានដឹង​ច្បាស់​ពី​អ្នក​ដែល​ទៅ​ទទួលយក​ធ្យូង​ដើម្បី​លក់​បន្ត​ជា​ប្រចាំ​នោះ​បានដឹង​នរណា​ត្រូវ​យក​ប៉ុន្មាន​រយ​គីឡូក្រាម​និង​នរណា​ត្រូវ​ចេញ​លក់​រាល់ថ្ងៃ ឬ​ចេញ​លក់​១​ថ្ងៃ​ខាន​១​ថ្ងៃ​ជាដើម គឺ​ឈ្មួញកណ្ដាល​នេះ​រៀបចំ​ច្រក​បាវ​និង​ថ្លឹង​គីឡូក្រាម​ទុកដាក់​ឲ្យ​រួច​ជា​ស្រេច​មិន​ឲ្យ​អត់​នោះ​ឡើយ ។ គាត់​ថា​ចំពោះ​តម្លៃ​ដែល​ខ្ញុំ​ទិញ​ពី​ឈ្មួញកណ្ដាល​ក្នុង​១​គីឡូក្រាម​ថ្លៃ​ជិត​១២០០​រៀល​ទៅ​ហើយ ដូច្នេះ តម្រូវ​ឲ្យ​ខ្ញុំ​លក់​ចេញ​វិញ​ថ្លៃ​១៤០០​រៀល​ទៅ​១៥០០​រៀល ហើយ​ចំពោះ​រ៉ឺ​ម៉ក​ម៉ូតូ​របស់ខ្ញុំ​តូច គឺ​ដឹក​បាន​ត្រឹមតែ​ចំនួន​៣០០​គីឡូក្រាម​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មិន​អាច​ប្រើ​រុ​ឺ​ម៉ក​ធំ​បាន​ទេ ។ គាត់​ថា ការ​ប្រើ​រុ​ឺ​ម៉ក​ធំ​ថ្វី​ដ្បិតតែ​ដឹក​បាន​ច្រើន ប៉ុន្តែ​វា​ជួប​និង​បញ្ហា​ប្រឈម​ច្រើន​ដូច​ជា ការ​ដែល​ត្រូវ​ចូល​លក់​តាម​ទីប្រជុំជន​ទីផ្សារ និង​ផ្លូវ​តូច​ចង្អៀត​ជួប​ការ​លំបាក ម្យ៉ាង​រ៉ឺ​ម៉ក​ធំ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​ក្នុង​ការ​ជួយ​ទ្រ​ទប់​លំនឹង​វា ។

ដោយឡែក ​បុរស​អ្នកលក់​ធ្យូង​ម្នាក់​ទៀត ឈ្មោះ ឡា​ង ខា អាយុ​៤៥​ឆ្នាំ រស់នៅ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ដែរ​បាន​និយាយ​ថា ខ្ញុំ​ប្រកប​មុខរបរ​លក់​ធ្យូង​នេះ​ជាង​១០​ឆ្នាំ​ហើយ​ដែរ មុខរបរ​មួយ​នេះ​ចិញ្ចឹម​ឆ្នាំង​សម្រាប់​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់ខ្ញុំ​ទាំងមូល ដោយ​មិន​អាច​អត់​បាន​ឡើយ ។ ធ្យូង​ដែល​ខ្ញុំ​ដឹក​យក​ទៅ​លក់​គឺ​ទទួល​ទិញ​ពី​ម៉ូយ​ដែល​ដឹក​មក​ពី​ខេត្តកំពង់ធំ យក​មក​លក់​ឲ្យ​ខ្ញុំ​ដល់​ផ្ទះ ហើយ​ក្នុង​១​គីឡូក្រាម​ថ្លៃ​១១៥០​រៀល បន្ទាប់​មក​ខ្ញុំ​បាន​យក​មក​លក់​បន្ត​ឲ្យ​ម៉ូយ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​៣ និង​តំបន់​ផ្សេង​ទៀត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ខ្ញុំ​លក់​ចេញ​ក្នុង​១​គីឡូក្រាម​ថ្លៃ​១៣០០​ទៅ​១៤០០​រៀល ហើយ​ខ្ញុំ​មិន​បាន​ចេញ​លក់​ជា​រៀងរាល់ថ្ងៃ​នោះ​ទេ​គឺ​លក់​១​ថ្ងៃ​ខាន​១​ថ្ងៃ ។ គាត់​ថា ពេល​ចេញ​១​ជើង​រុ​ឺ​ម៉ក​ម៉ូតូ​របស់ខ្ញុំ​អាច​ដឹក​បាន​ជាង​៦០០​គីឡូក្រាម និង​ចេញពីផ្ទះ​នៅ​វេលា​ម៉ោង​៥​ព្រឹក​រហូត​ដល់​វេលា​រសៀល​ឬ​ល្ងាច​ថ្ងៃ​ដដែល ទើប​លក់​អស់​និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​១​រុ​ឺ​ម៉ក​លក់​តែ​១​ថ្ងៃ​ឬ​មិន​ដល់​១​ថ្ងៃ​ផង​ទេ អស់ហើយ មិន​ដែល​ដេក​ផ្លូវ​នោះ​ឡើយ ។ លោក ឡា​ង ខា បាន​រៀបរាប់​ប្រាប់​ទៀត​ថា ទោះបីជា​ពេល​នេះ​ជា​សម័យ​ទំនើប សុ​ី​វិ​ល័យ និង​ការ​អភិវឌ្ឍ​មានការ​ប្រើប្រាស់​ចង្ក្រានហ្គាស​ច្រើន​ក្ដី ក៏​មិន​អាច​ធ្វើ​ឲ្យ​ធ្យូង​ត្រូវ​កាត់​បន្ថយ​ឬ​លក់​អត់​ដាច់​ដែរ ផ្ទុយ​ទៅ​វិញ​សម្រាប់​រូប​ខ្ញុំ​គឺ​នៅ​តែ​លក់ដាច់​ជា​ធម្មតា​ដដែល និង​ពេល​ខ្លះ​រកតែ​ធ្យូង​លក់​មិន​ចង់បាន​ផង ព្រោះ​ពេល​ចេញ​លក់​ម្ដង​ៗ​មិន​ដែល​សល់​ទេ ។

ម៉ូយ​ដែល​ធ្លាប់​ប្រើប្រាស់​ទាំង​ចាស់​ទាំង​ថ្មី​នៅ​តែ​បន្ត​ចាំ​ទិញ​ធ្យូង​របស់ខ្ញុំ​រហូត ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ប្រឈម​និង​ជួប​ការ​លំបាក​នោះ​គឺ​តម្លៃ​នាំ​ចូល​មានការ​ហក់​ឡើង​បន្តិច ព្រោះតែ​សមត្ថកិច្ច​មានការ​បិទ​និង​លុប​បំបាត់​ឡធ្យូង​ជា​ច្រើន​កន្លែង ។ គាត់​ថា កន្លង​មក​ធ្យូង​សម្បូរ​ណាស់​ហើយ​មាន​តម្លៃ​ថោក​ស្រួល​លក់​ណាស់ ព្រោះ​មាន​ឡ​ដុត​ធ្យូង​ច្រើន​កន្លែង នៅ​ក្នុង​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ និង​ក្រចេះ​ជាដើម ។ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ខេត្ត​មួយ​ចំនួន​រួម​មាន​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង​ត្រូវ​បាន​បិទ​ឡធ្យូង​អស់ហើយ​នៅ​សល់​តិចតួច​ប៉ុណ្ណោះ ស្ទើរតែ​លែង​មានការ​នាំ​ចេញ​ទៅ​ហើយ នៅ​សល់​តែ​ខេត្តកំពង់ធំ​និង​ក្រចេះ​ប៉ុណ្ណោះ​ដែល​មានការ​នាំ​ចេញ​ច្រើន​មក​លក់​ដល់ទី​នេះ ។

បុរស​នេះ​បាន​បញ្ជាក់​ថា ចំណែកឯ​ការ​ប្រឈម​មួយទៀត ពុំ​មែន​មក​ពី​ការ​ប្រើប្រាស់​ហ្គា​ស​ច្រើន​ទេ គឺ​រូប​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​អ្នករក​សុ​ី​ដឹក​ធ្យូង​លក់​ជា​ច្រើន​ទៀត សុទ្ធតែ​ចងការ​ប្រាក់​ពី​ធនាគារ​មក​រក​សុ​ី ហើយ​កំពុង​ជាប់បំណុល​គ្រប់​ៗ​គ្នា ស្រាប់តែ​ត្រូវ​គេ​បោក​ទៀត ។ ជាក់ស្ដែង​ ពេល​ខ្ញុំ​ខ្ចី​លុយ​ពី​ធនាគារ​បាន មាន​ឈ្មួញ​ដែល​ជា​ម្ចាស់​ធ្យូង​បាន​ខ្ចី​លុយ​បន្ត​ពី​ខ្ញុំ​មុន​៥០​មុ​ឺ​ន​រៀល ឬ​១​លាន​រៀល​ដើម្បី​យក​ទៅ​បង្វិល​ក្នុង​ការ​រក​សុ​ី ដោយ​សន្យា​កាត់កង​គ្នា​តាម​រយៈ​ការ​ដឹក​ធ្យូង​ឲ្យ​តាម​ក្រោយ ។ ប៉ុន្តែ​ទីបំផុត​អត់​មាន​ធ្យូង​ឲ្យ​ខ្ញុំ​ទេ​ហើយ​លុយ​ក៏​អត់​សង​ទៀត ។ រឿង​បែប​នេះ​មិនមែន​តែ​រូប​ខ្ញុំ​ម្នាក់​ទេ អ្នករក​សុ​ី​ធ្យូង​ដ៏​ទៃ​ទៀត​ក៏​ជួប​រឿង​បែប​នេះ​ដែរ។

គាត់​រៀបរាប់​បន្ត​ថា មូលហេតុ​ដែល​ម្ចាស់​ឡធ្យូង​គ្មាន​ធ្យូង​និង​គ្មាន​លុយ​សង​ខ្ញុំ​វិញ​នោះ ក៏​ព្រោះតែ​ឡធ្យូង​ត្រូវ​បិទ ហើយ​ត្រូវ​កម្មករ​ផលិត​ធ្យូង​ដែល​បាន​ខ្ចី​ពី​ម្ចាស់​ឡ​ក្នុង​ម្នាក់​ៗ​ចាប់ពី​៣០​មុ​ឺ​ន​រៀល ទៅ​១​លាន​រៀល​ដែរ​នោះ បាន​រត់គេច​ខ្លួន​បាត់​អស់ អ្នកខ្លះរ​ត់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាត់​ទៀត យក​ទាំង​លុយ​ជំពាក់​ត​ៗ​គ្នា​ទៅ​ជាមួយ ។ ដូច្នេះ​ទើប​មានការ​ជំពាក់​ត​គ្នា ហើយ​ពេល​នេះ​ដែរ​ប្រសិនបើ​មានការ​បិទ​ឡធ្យូង​ជិតឈឹង​នោះ​ពួក​ខ្ញុំ​ប្រាកដជា​ជួប​ការ​លំបាក​មែនទែន​ប្រាកដជា​គ្មាន​លុយ​សម្រាប់​បង់​ធនាគារ​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ