រាជធានីភ្នំពេញ ៖ ការវិនិយោគនៅតំបន់មាត់សមុទ្រនៅកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលធ្វើអោយមានការកែប្រែយ៉ាងលឿនពីការអភិវឌ្ឍន៍ ក្នុងនោះគេសង្កេតឃើញថាការវិនិយោគនៅខេត្តព្រះសីហនុ មានការកើនឡើងខ្លាំងជាងគេលើវិស័យឧស្សាហកម្មសណ្ឋាគារ កាស៊ីណូ និងអចលទ្រព្យ ។ ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាលហាក់រីករាយជាមួយនឹងការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ដោយវិនិយោគិនចិន ក៏មានមតិមួយចំនួនបានបង្ហាញនូវការមិនពេញចិត្តចំពោះការរីកលូតលាស់នូវការវិនិយោគលើសណ្ឋាគារនិងកាស៊ីណូនៅខេត្តព្រះសីហនុផងដែរ ។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៦ ដល់ដំណាច់ខែសីហា ឆ្នាំ ២០១៩នេះ ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត មានទុនវិនិយោគប្រមាណ២,៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ១១,៥ភាគរយនៃទំហំវិនិយោគសរុបនៅកម្ពុជា។ ក្នុងរបាយការណ៍នោះដែរបានបង្ហាញថា ការវិនិយោគ នៅខេត្តកោះកុងមានទំហំវិនិយោគប្រមាណ ៤៧០លានដុល្លារអាមេរិក ខេត្តព្រះសីហនុ មានទំហំវិនិយោគចំនួន ២ពាន់លានដុល្លារអាមេរិក និងខេត្តកំពត មានទំហំវិនិយោគប្រមាណជាង១០០លានដុល្លារអាមេរិក ។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលស្វាគមន៍ចំពោះអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ រួមទាំងអ្នកវិនិយោគក្នុងស្រុក ។ ច្បាប់វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពុំមានការរើសអើង សម្រាប់ការវិនិយោគនៅកម្ពុជា និងផ្ដល់នូវប្រព្រឹត្តកម្មដូចគ្នាទាំងអស់ ។ លោកបានបន្តថា «កត្តាទាំងនេះហើយ ដែលបណ្ដាលឱ្យកម្ពុជាមានភាពទាក់ទាញ ទទួលបានគម្រោង វិនិយោគមកពីបណ្ដាប្រទេសជាច្រើន ក្នុងនោះការវិនិយោគចិនមានភាពលេចធ្លោជាងគេនៅក្នុងរយៈពែល ៥ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់ពីឆ្នាំ ២០១៦ រហូតដល់ខែសីហា ឆ្នាំ ២០១៩ ដែលការវិនិយោគទាំងនោះ ពុំផ្ដោតតែលើឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូបនោះទេ តែបានផ្ដោតលើការវិនិយោគនូវគម្រោងធំៗមានទុនច្រើន» ។
លោកបានបន្តថាការវិនិយោគនេះបានគ្របដណ្ដប់ស្ទើរតែគ្រប់វិស័យទាំងអស់ ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ។ ជាពិសេសការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ដែលបម្រើដល់ការតភ្ជាប់ ដូចជាការវិនិយោគលើការសាងសង់វារី អគ្គិសនី ចំនួន៧កន្លែង និងរោងចក្រអគ្គិសនី ដុតធ្យូងថ្ម និងគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតសរុបរហូតដល់ ១.៨៥០មេហ្កាវ៉ាត់ ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប និងនៅខេត្តកោះកុង និងការសាងសង់ផ្លូវល្បឿនលឿនភ្នំពែញ ខេត្តព្រះសីហនុ ជាដើម ។ ដែលទាំងនេះ គឺជាការជំរុញ ល្បឿនវិនិយោគបន្ថែមទៀតទៅកាន់ខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រ ។
យោងតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថារដ្ឋាភិបាលបានបញ្ចេញថវិកាជាតិប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីខេត្តនេះ ត្រូវខ្ទេចខ្ទាំ ដោយសារទឹកជំនាន់ និង ការវិនិយោគយ៉ាងគំហុក ។
គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាល បានដាក់ផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តមួយនេះ ទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយតាមគំរូរបស់ចិនគឺទីក្រុងស៊ិនជិន ដែលជាតំបន់សេដ្ឋកិច្ចដែលមានសកម្មភាពខ្លាំងមួយលើពិភពលោក ។ បន្ទាប់ពីនោះមក ខេត្តព្រះសីហនុ ក៏ទទួលបានវិនិយោគិនចិន ជាច្រើនមកបណ្ដាក់ទុនវិនិយោគ ទៅលើវិស័យជាច្រើនរួមមានវិស័ឧស្សាហកម្ម ក្នុងតំបន់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យផងដែរ ដែលជំរុញឱ្យខេត្តព្រះសីហនុ មានកំណើនអគារខ្ពស់ៗកាន់តែច្រើន ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ