ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កោតសរសើរ​កម្ពុជា​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ក្រោយ​ភ្លើងសង្គ្រាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជប៉ុន បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ធំ​ៗ​មាន​រដ្ឋសភា រាជរដ្ឋាភិបាល របស់​កម្ពុជា​ដែល​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ក្រោយ​ពី​ភ្លើងសង្គ្រាម ។ នេះ បើ​មានការ​លើក​ឡើង​របស់​លោក ទូត…

រាជធានី​ភ្នំពេញ ៖ ជប៉ុន បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ធំ​ៗ​មាន​រដ្ឋសភា រាជរដ្ឋាភិបាល របស់​កម្ពុជា​ដែល​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នៅ​ក្រោយ​ពី​ភ្លើងសង្គ្រាម ។ នេះ បើ​មានការ​លើក​ឡើង​របស់​លោក ទូត ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា នៅ​វិមាន​រដ្ឋសភា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ទើប​តែងតាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​ការ​កោតសរសើរ​ខ្ពស់ ចំពោះ​ការ​ខិតខំ​តស៊ូ​របស់​រាជរដ្ឋាភិបាល រដ្ឋសភា និង​ប្រជាជន​កម្ពុជា​ដែល​បាន​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ចេញពី​សង្គ្រាម​ទទួល​បាន​នូវ​វឌ្ឍនភាព​យ៉ាង​ក្រៃ​លែង​ដូច​សព្វថ្ងៃ ។

លោក​ទូត​បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ស្វែងរក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាមួយ​ប្រជាជន​កម្ពុជា ។ ក្នុង​ឱកាស​នោះ ឯកអគ្គរាជទូត​ជប៉ុន​បាន​លើក​ឡើង​ថា ដោយ​សង្កេត​ឃើញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ខ្ពស់ អ្នក​វិយោគ​ទុន​ជប៉ុន​ជា​ច្រើន​មាន​បំណង​មក​បណ្តាក់​ទុក​នៅ​កម្ពុជា ហើយ​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នេះ លោក​នឹង​ខិតខំ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន​ឲ្យ​កាន់តែ​កើនឡើង ។ លើស​ពី នេះ​លោក​ទូត​ក៏​បាន​សន្យា​ថា នឹង​ខិតខំ​ជំរុញ​ទំនាក់​ទំនាក់​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹង​មាំ​ថែម​ទៀត​ផង​ដែរ ។

លោក​ថា ជាមួយ​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​កម្ពុជា​អាច​មាន​បញ្ហា​ខ្លះ​ៗ​ក្នុង​វិស័យ​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ ។ លោក​បញ្ជាក់​ថា «​ជប៉ុន​នឹង​ត្រៀម​ជួយ​កម្ពុជា​ក្នុង​បញ្ហា​នេះ ហើយ​ថា បើ​កម្ពុជា​ចង់​ឲ្យ​ជប៉ុន​ជួយ សូម​ទាក់ទង​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​» ។ ក្នុង​ជំនួប​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន បាន​គូសបញ្ជាក់​ថា ជោគជ័យ​ទាំងឡាយ​ដែល​កម្ពុជា និង​ជប៉ុន​សម្រេច​បាន​មកនេះ ពិតជា​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកអគ្គរាជទូត​ជប៉ុន​គ្រប់​រូប​ដែល​បាន​អនុវត្តន៍​ការងារ​យ៉ាង​សកម្ម និង​ហ្មត់ចត់​ជាមួយ​កម្ពុជា ។

សម្តេច​មាន​ក្តី​សង្ឃឹមថា លោក​ទូច​ជប៉ុន​ថ្មី​នឹង​បន្ត​បេសកកម្ម​ដ៏​ល្អ​នេះ​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រទេស​ទាំង​ពីរ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែង​អំណរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួម​ស្វែងរក​សុខ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ ដើម្បី​ស្តា និង​កសាង​ប្រទេស​ឡើង​វិញ និង​នៅ​តែ​បន្ត​ជួយ​កម្ពុជា​រហូត​សព្វថ្ងៃ ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ហេង សំ​រិ​ន ក៏​បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​ប្រជាជន​កម្ពុជា​បន្ថែម ហើយ​ថា រដ្ឋសភា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្រប់យ៉ាង​ជាមួយ​លោក​ទូត ដើម្បី​ឲ្យ​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា ទទួល​បាន​ជោគជ័យ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ