ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​មើល​បទល្មើស​អូស​លៀស​យក​ទាំង​តូច​ទាំង​ធំ​ធ្វើ​ឱ្យ​ហិន​ហោច​អស់​ពេល​អនាគត

48 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​មើល​បទល្មើស​អូស​លៀស​​តាម​ទន្លេ​ យក​ទាំង​តូច​ទាំង​ធំ​ដែល​អាច​ឈាន​ដល់​ហិនហោច​នា​ពេល​អនាគត ​និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​ជួយ​ការពារ​ធនធាន​មច្ឆជាតិ​ ។

ការ​ស្នើ​របស់​សម្ដេច​ធិ​បតី ​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​អបអរ​ទិវា​មច្ឆជាតិ​នៅ​ទន្លេ​វ៉ៃ​គោ​ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦ ។

សម្ដេច​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​សុំ​មើល​ផង​ អាការ​អូស​លៀស អូស​ម្ដង​៣០ ៤០​តោន អូស​ទាំង​អាតូច​ទាំង​អាធំ ចឹ​ង​ខ្ទេច​អស់ ខ្ញុំ​បញ្ជា​ឱ្យ​កង​ទ័ពជើងគោក​នៅ​ចាំ​ទន្លេសាប​ចេញ​ធ្វើការ ឥឡូវ​កងទ័ពជើងគោក ២​ឆ្នាំ​នេះ​វ៉ៃ​ទាំង​ល្មើស​ធម្មជាតិ​ទាំង​ទឹក​​ទាំង​គោក​»​​។

ជុំវិញ​បញ្ហា​នេះ សម្ដេច​ធិ​បតី​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម ​ជាមួយ​រដ្ឋបាល​ជល​ផល ជាមួយ​សមត្ថកិច្ច​ផ្សេង​ៗ ជាមួយ​សហ​គម​ន៍ ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ដោយ​រក​រូបមន្ត​ណាមួយ​ដែល​មាន​ចីរភាព​ស​ម្រា​ប់​ទៅ​ថ្ងៃ​ខាង​មុខ ​។

សម្ដេច​បាន​បញ្ជាក់​ថា សម្ដេច​មិន​ចង់​ប្រើ​កងទ័ព កងកម្លាំង​បន្ថែម​ទេ ប៉ុន្តែ​ចង់​ព​ង្រឹ​ង​សមត្ថភាព​អ្នក​នៅ​មូលដ្ឋាន​ផ្ទាល់​ឱ្យ​មាន​សមត្ថភាព​ការពារ​ដោយ​ខ្លួ​ន​ឯង ​។

សូម​ជម្រាប​ជូន​ថា ទិវា​មច្ឆជាតិ ១ កក្កដា លើក​ទី​២១ ឆ្នាំ​២០២៦​នេះ លែង​ត្រី​មេ​ពូជ កូន​ត្រី និង​វា​រី​សត្វ​សរុប​២០​ប្រភេទ រួម​មាន៖ ត្រី​គល់រាំង ត្រី​រាជ ត្រី​ខ្ជឹង ត្រី​ដំរី ត្រី​កាហែ ត្រី​ឆ្អិន ត្រី​គ្រំ ត្រី​ត្រសក់ ត្រី​កន្ត្រប់ខ្លា ត្រី​ប្រា ត្រី​ពោ ត្រី​ក្រាញ់ ត្រី​សន្តាយ ត្រី​អណ្តែង ត្រី​ព្រលូង កង្កែប បង្កង អន្ទង់ អណ្ដើក កន្ធាយ សរុប​ប្រមាណ​១,៥​លាន​ក្បាល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>