សម្តេចធិបតី៖ វិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងខាងលើនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរំលឹកថា ការប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ជាងរៀងរាល់ឆ្នាំ ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារនិងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រងថែរក្សាការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ ។
ក្នុងនោះ សម្តេចបញ្ជាក់ថា ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងបន្តពូជ និងធំធាត់ នៅរដូវទឹកឡើង ដែលជាប្រភពអាហារចំបងរបស់ប្រជាពលរដ្ឋ ជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិគឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និងអាចរក្សាទុកបាន ។ មច្ឆជាតិជាអាហារសហគមន៍ ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសា
ធាតុ»។
សម្តេចបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានកំណត់យក កាអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន គឺជាបញ្ញកោណទី៤ នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់ កាលទី១ ដែលមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាមុំទី៣ ។
ជាក់ស្តែង សម្រាប់វិស័យកសិកម្មជារួម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដីព្រៃឈើ និងជលផល ប្រកបដោយចីរភាព ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ