សម្ដេចធិបតីបញ្ជាឱ្យចាប់មេខ្យល់ឱ្យបាន ដែលបំផុសប្រជាពលរដ្ឋទៅឆក់ត្រី
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ថ្លែងពីខេត្តស្វាយវៀង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឱ្យស្វែងរកចាប់ឱ្យបាននូវមេខ្យល់ឱ្យបាន ដែលបំផុសប្រជាពលរដ្ឋទៅឆក់ត្រី ហើយចាំទិញបន្តពីប្រជាពលរដ្ឋវិញ ។
ការដាក់ចេញនូវបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី «ទិវាមច្ឆជាតិ ១ កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង» នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីមុនមានអ្នកបំផុសឱ្យប្រជាពលរដ្ឋទៅចាប់ដី ប៉ុន្ដែឥឡូវមានអ្នកបំផុសឱ្យពលរដ្ឋរាប់រយនាក់ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បាន គេចាំទិញវិញ ហើយពលរដ្ឋជាអ្នកប្រឈមផ្លូវច្បាប់ នៅពេលអាជ្ញាធរចាប់បាន ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុនមានអ្នកទៅបំផុសប្រជាពលរដ្ឋឱ្យទៅឆក់ (ឆក់ត្រី) រាប់រយអ្នក។ ហើយអ្នកបំផុសនឹងឱ្យប្រជាពលរដ្ឋទៅឆក់ បើបានគេទិញ បើប្រឈមមុខច្បាប់ គឺប្រជាជនគេរួចខ្លួន ឥឡូវឱ្យរកមើល ចាប់ឱ្យបានអ្នកបំផុសនឹង»។
នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រីបានឱ្យដឹងថា រយៈពេល២ឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង ប៉ុន្ដែក្នុងនោះក៏មានបញ្ហាមួយដែរ គឺតម្លៃត្រីចុះថោក ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ