ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​មាន​ប្រយោជន៍​ច្រើន និង​លក់​បាន​ថ្លៃ​ទៀត​តែ​សព្វថ្ងៃ​មិនសូវ​មាន​គេ​ចិញ្ចឹម​ឡើយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គោ គឺជា​សត្វចតុប្បាទ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដល់​ការ​ធ្វើស្រែ​ចម្ការ​របស់​ប្រជា​កសិករ​បាន​មួយ​ចំណែក​ធំ ព្រោះ​គោ គឺជា​កម្លាំង​អូស​ទាញ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ​ទៅ​តាម​រដូវ​កាល ។ តែ​ដោយ​បច្ចុប្បន្ន​ការ​ធ្វើ​កសិកម្ម​បាន​វិវត្តន៍​ទៅ​រក​ភាព​ជឿនលឿន និង​ទាន់សម័យ​ដោយ​ការ​ប្រើ​គ្រឿងចក្រ​ធ្វើ​ឲ្យ​ការ​ចិញ្ចឹមសត្វ​គោ​ហាក់​មានការ​ថមថយ ដោយ​គ្រួសារ​ខ្លះ​បាន​ប្រវាស់​ពី​អ្នក​ដែល​មាន​គោ​ច្រើន​យក​មក​ចិញ្ចឹម…

ខេត្តកំពង់ស្ពឺ ៖ គោ គឺជា​សត្វចតុប្បាទ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ដល់​ការ​ធ្វើស្រែ​ចម្ការ​របស់​ប្រជា​កសិករ​បាន​មួយ​ចំណែក​ធំ ព្រោះ​គោ គឺជា​កម្លាំង​អូស​ទាញ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ​ទៅ​តាម​រដូវ​កាល ។ តែ​ដោយ​បច្ចុប្បន្ន​ការ​ធ្វើ​កសិកម្ម​បាន​វិវត្តន៍​ទៅ​រក​ភាព​ជឿនលឿន និង​ទាន់សម័យ​ដោយ​ការ​ប្រើ​គ្រឿងចក្រ​ធ្វើ​ឲ្យ​ការ​ចិញ្ចឹមសត្វ​គោ​ហាក់​មានការ​ថមថយ ដោយ​គ្រួសារ​ខ្លះ​បាន​ប្រវាស់​ពី​អ្នក​ដែល​មាន​គោ​ច្រើន​យក​មក​ចិញ្ចឹម ដើម្បី​យក​កូន ។

ជាក់ស្តែង នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​ជា​ភូមិ​មួយ​ស្ថិត​ជាប់​ស្ទឹង​ស្លា​គូ​មាន​ខណ្ឌសីមា​ជាប់​ស្រុក​ត្រាំកក់​នៃ​ខេត្តតាកែវ មាន​ប្រជាពលរដ្ឋ​៣១៤​គ្រួសារ ចំណែក​សត្វ​គោ​វិញ​មាន​ត្រឹមតែ​២០០​ក្បាល​ប៉ុណ្ណោះ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ពូ​រ៉ា បាន​ប្រាប់​ថា រាល់ថ្ងៃ​គ្រួសារ​របស់​គាត់​មិន​មាន​សត្វ​គោ​សម្រាប់​ចិញ្ចឹម​នោះ​ទេ រាល់ថ្ងៃ​គោ​ដែល​គាត់​មើលថែ គឺជា​គោ​ប្រវាស់​ពី​បងប្អូន ដើម្បី​បានកូន​យក​មក​ចិញ្ចឹម ព្រោះ​គាត់​មិន​មាន​ប្រាក់​សម្រាប់​ទិញ​គោ​នោះ​ទេ ។ ការ​ប្រវាស់​គោ​នេះ បើសិនជា​មេ​ក្រមុំ គឺ​កូន​ដំបូង​ត្រូវ​បាន​មក​លើ​អ្នក​មើលថែ (​អ្នក​ចិញ្ចឹម​) ចំណែក​កូន​ក្រោយ​ត្រូវ​បាន​ទៅ​លើ​ម្ចាស់​ដើម ។ បើសិនជា​មេគោ​យក​មក​តែ​វា​មាន​ផ្ទៃពោះ​ស្រាប់​នោះ​កូន​កើតមក​ត្រូវ​បាន​ទៅ​លើ​ម្ចាស់​ដើម​មុន ហើយ​កូន​ក្រោយមក​ទៀត​បាន​មក​លើ​អ្នក​មើលថែ ។ ករណី​នេះ​អាស្រ័យ​ទៅ​លើ​ម្ចាស់​ដើម និង​អ្នក​ប្រវាស់​និយាយ​ព្រមព្រៀង​គ្នា​ពី​ដំបូង​មក ។

លោក សេក អ៊ិម មេ​ភូមិ​ត្រពាំង​ឈូក​បាន​ប្រាប់​ផង​ដែរ​ថា សព្វ​ថ្ងៃនេះ ទោះបីជា​ការ​ធ្វើស្រែ​ចម្ការ​មានកា​រវិ​វ​ឌ្ឍ និង​ឈាន​ទៅ​រក​ភាព​ជឿនលឿន​ដោយ​ការ​ប្រើ​គ្រឿងចក្រ​យ៉ាងណា​ក្តី​ក៏​ក្រុម​គ្រួសារ​ខ្លះ​ដែល​មិន​មាន​លទ្ធភាព​នៅ​តែ​ប្រើ​កម្លាំង​សត្វ​គោ​អូស​ទាញ​ដដែល ។ លោក​បន្ត​ថា សព្វថ្ងៃ​ក្នុង​ចំណោម​ទាំង​៣១៤​គ្រួសារ​ណា ដែល​មាន​លទ្ធភាព (​គោ​ច្រើន​) បាន​ប្រវាស់​ទៅ​ឲ្យ​អ្នក​ដែល​មិន​មាន​សត្វ​គោ ដើម្បី​សម្រាល​ការ​មើលថែ តែ​ពេល​បានកូន​មក​ត្រូវ​ចែក​គ្នា​ម្នាក់​ម្តង​ទៅ​តាម​ការ​ការ​និយាយ​ព្រមព្រៀង​គ្នា​របស់​ម្ចាស់​គោ និង​អ្នក​ចិញ្ចឹម​មើលថែ ។

បើ​និយាយ​ពី​តម្លៃ​វិញ គឺ​ក្នុង​គោមួយ​នឹម​ហាក់​មាន​តម្លៃ​ថ្លៃ​គួរសម (​គោបារ​សម្រាប់​ទឹម​) ចាប់ពី​3000​ទៅ​5000​ដុល្លារ ក៏​មាន ហេតុ​ដូច្នេះ​ហើយ អ្នកមាន​លទ្ធភាព​ល្មម​ៗ​មិន​អាច​មាន​គោ​ចិញ្ចឹម​បាន​ដូច​អ្នកមាន​ជីវភាព​ធូ​ធារ​បាន​ឡើយ ។ សម័យនេះ ថ្វី​ត្បិត​តែ​ការ​ធ្វើ​កសិកម្ម​ស្រែ​ចម្ការ​មានការ​ជឿនលឿន ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​យ៉ាងណា​ក្តី​ក៏​បងប្អូន​មួយ​ចំនួន​នៅ​តែ​ចិញ្ចឹម​គោ​ដដែល ព្រោះ​សត្វ​គោ​បាន​ផ្តល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រជា​កសិករ​យើង ជា​ពិសេស គឺ​កម្លាំង​អូស​ទាញ​តែ​ម្តង លើស​ពី​នេះ​ទៅ​ទៀត គឺ​គេ​ត្រូវការ​លាមក​របស់​វា ដើម្បី​យក​មក​ទុក​ធ្វើ​ជីធម្មជាតិ​ចៀសវាង​ការ​ប្រើប្រាស់​ជីគីមី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ