ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ ថា សហរដ្ឋអាមេរិក​ផ្អាក​ការ​ចរចា​ពាណិជ្ជកម្ម ជុំវិញ​ជម្លោះ​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា

14 ម៉ោង មុន

ក្រុង​បាងកក ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សហរដ្ឋអាមេរិក បាន​ប្រាប់​ទីក្រុង​បាងកក​ថា ខ្លួន​កំពុង​ផ្អាក​ការ​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក រហូត​ដល់​រដ្ឋាភិបាល​ថៃ បញ្ជាក់​ជា​ថ្មី អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន…

ក្រុង​បាងកក ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សហរដ្ឋអាមេរិក បាន​ប្រាប់​ទីក្រុង​បាងកក​ថា ខ្លួន​កំពុង​ផ្អាក​ការ​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក រហូត​ដល់​រដ្ឋាភិបាល​ថៃ បញ្ជាក់​ជា​ថ្មី អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ចំពោះ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ លោក Nikorndej Balankura បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៤ ម្សិលមិញ​នេះ ទទួល​បាន​លិខិត​មួយ​ច្បាប់​ពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដែល​ប្រកាស​ពី​ការ​ផ្អាក​ការ​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ជាមួយ​ថៃ ។

លោក​បាន​ដកស្រង់​លិខិត​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដោយ​និយាយ​ថា ការ​ចរចា​ពាណិជ្ជកម្ម អាច​បន្ត​ឡើង​វិញ នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួរ​។ ភាគី​ទាំង​ពីរ​(​សហរដ្ឋអាមេរិក និង​ថៃ​) ត្រូវ​តែ​ចរចា និង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា និង​រៀបចំ​សម្រាប់​ការ​ចុះហត្ថលេខា មុន​ពេល​វា​ចូល​ជា​ធរមាន ។

កាលពី​ខែ​មុន ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​បាងកក បាន​ប្រកាស​ពី​ក្របខ័ណ្ឌ​សម្រាប់​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ដែល​សហរដ្ឋអាមេរិក រក្សា​ពន្ធគយ 19% លើ​ផលិតផល​ថៃ ។

ដោយឡែក ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ជាមួយ​មេដឹកនាំ​ប្រទេស​ថៃ និង​កម្ពុជា តាម​ទូរ​ព្ទ​នៅ​យប់​ថ្ងៃ​សុក្រ បន្ទាប់​ពី​ភាព​តានតឹង​ព្រំដែន បាន​កើនឡើង​ឡើង​វិញ នៅ​ស​ប្តា​ហ៍​នេះ ។

លោក ដូ​ណា​ល់ ត្រាំ មិន​បាន​និយាយ​អំពី​លិខិត​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​(USTR) ស្តី​ពី​ការ​ផ្អាក​ការ​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ជាមួយ​ថៃ នោះ​ទេ​។ ហើយ​ក៏​មិន​មាន​បង្ហោះ​នៅ​លើ​គេហទំព័រ USTR ឬ​សេត​វិមាន​ដែរ ជា​កន្លែង​ដែល​ព័ត៌មាន​ស្តី​ពី​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត ត្រូវ​បាន​ផ្សព្វផ្សាយ ។

នៅ​ស​ប្តា​ហ៍​នេះ នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា ហើយ​ទាមទារ​ឱ្យ​កម្ពុជា សុំ​ទោស​ថៃ ចំពោះ​ការ​ចោទប្រកាន់​ថា កម្ពុជា​បាន​ដាក់​មីន​ថ្មី ដែល​ធ្វើ​ឱ្យ​ទាហាន​ថៃ រង​របួស ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ