ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា បញ្ជាក់ថា គ្រូពេទ្យវះកាត់ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល បាន​គូសបញ្ជាក់​ថា គ្រូពេទ្យ​វះកាត់ ជា​ស្នូល​មួយ នៃ​ការ​ព្យាបាល​បានជា​ដាច់​ស្រឡះ​ពី​ជំងឺមហារីក ដែល​ជា​ដំណើរ​សង្គ្រោះ​ជីវិត​មនុស្ស​មាន​ប្រសិទ្ធិ​ភាព ។ ការ​លើក​ឡើង​របស់​ឯកឧត្តម​សាស្ត្រាចារ្យ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល បាន​គូសបញ្ជាក់​ថា គ្រូពេទ្យ​វះកាត់ ជា​ស្នូល​មួយ នៃ​ការ​ព្យាបាល​បានជា​ដាច់​ស្រឡះ​ពី​ជំងឺមហារីក ដែល​ជា​ដំណើរ​សង្គ្រោះ​ជីវិត​មនុស្ស​មាន​ប្រសិទ្ធិ​ភាព ។

ការ​លើក​ឡើង​របស់​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សន្និសីទ​ស​ល្យ​សាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ លើក​ទី​៣០ ក្រោម​ប្រធានបទ «​ភាព​ប្រឈម នៃ​ការ​វះកាត់​ជំងឺមហារីក​» ថ្ងៃ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

សន្និសីទ​នា​ថ្ងៃនេះ ក្រោម​ប្រធានបទ «​ភាព​ប្រឈម នៃ​ការ​វះកាត់​ជំងឺមហារីក​» ឆ្លើយ​តប​ទៅ​នឹង​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក ឆ្នាំ​២០២៥-២០៣០ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ដែល​ជា​ការ​ឆ្លើយ​តប​ដ៏​សំខាន ចំពោះ​ការ​កើនឡើង​នៃ​បន្ទុក​ជំងឺមហារីក ដែល​ជា​មូលហេតុ​ចម្បង​មួយ នៃ​មរណភាព​មុន​អាយុ​ រំពឹង​រស់​របស់​ប្រជាជន​កម្ពុជា ​។

រាជរដ្ឋាភិបាល​កម្ពុជា ​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺមហារីក តាម​រយៈ​ការ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ជំងឺ​នេះ និង​ពង្រីក​សេវា​បង្ការ ព្យាបាល ថែទាំ ប្រកបដោយ​គុណភាព ដើម្បី​ការពារ​ប្រជាជន​ពី​ជំងឺមហារីក ដែល​អាច​បង្ការ​បាន និង​កាត់​បន្ថយ​ទុក្ខ​លំបាក ព្រមទាំង​បង្កើន​គុណភាព​ជីវិត​របស់​អ្នកជំងឺ និង​ក្រុម​គ្រួសារ ​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​គូស​រំលេច និង​ផ្តោត​សំខាន់ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ ៖ ១.​ ការ​ប្រើប្រាស់​សេវា​ផ្នែក​មហារីក​នេះ ប្រកបដោយ​ឧត្តមគតិ សមធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ។​
២.​ ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ នូវហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍​សម្ភារៈ​ទំនើប ការ​បញ្ជូន​ចំ​គោលដៅ​និង​ទាន់​ពេលវេលា ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​បាន​ត្រឹមត្រូវ ។​
៣. គុណភាព និង​សុវត្ថិភាព នៃ​ការ​ព្យាបាល ត្រូវ​មាន​ស្តង់ដា​ត្រឹមត្រូវ
៤. ពង្រីក​ការ​ព្យាបាល​តាម​មន្ទីរពេទ្យ​គ្រប់​កម្រិត និង​ពង្រឹង​ការ​បណ្តុះបណ្តាល ប្រព័ន្ធ​ការ​កត់ត្រា​ព័ត៌មាន​។

ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ មួយ​ចំនួន ដល់​អង្គពិធី ដូច​ខាងក្រោម​៖
-គ្រូពេទ្យ​វះកាត់​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ ហ្វឹកហាត់​ការងារ​ជាប់​ជា​ប្រចាំ និង​មាន​សាមគ្គីភាព និង​សហការ​គ្នា​។
-ជោគជ័យ​នៃ​ការ​វះកាត់ គឺ​លទ្ធផល​ចុង​ក្រោយ ដែល​អ្នកជំងឺ​ជា​សះស្បើយ ​តាម​ពេលវេលា​សម​ស្រប​ជាមួយ​សុវត្ថិភាព គុណភាព ​នៃ​ជីវិត​ល្អ​ប្រសើរ​។ ដូច្នេះ ត្រូវ​គិតគូ​ឱ្យ​បាន​សព្វគ្រប់​ទាំង មុន​ពេល​វះកាត់ ពេល​កំពុង​វះកាត់ និង​ក្រោយ​ពេល​វះកាត់​ ។
-ការ​វះកាត់ ​ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សម​ស្រប គឺជា​គោលនយោបាយ​មួយ​សំខាន់​របស់​ WHO និង​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​។ សុវត្ថិភាព និង​តម្លៃ​សម​ស្រប ដោយ​មិន​មានការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ គឺជា​ការ​ចូលរួម​សម្រេច​បាន​នូវ​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល។
-ត្រូវ​អនុវត្ត​ឱ្យ​បាន​ច្បាស់លាស់​ពេញលេញ បញ្ជី​ផ្ទៀងផ្ទាត់​សុវត្ថិភាព​វះកាត់ ដែល​ជា​ការ​រួមចំណែក​កាត់​បន្ថយ​កំហុស និង​គ្រោះថ្នាក់​បាន​ខ្ពស់​បំផុត ​។

ជាទី​បញ្ចប់ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​សិក្ខាសាលា​នា​ពេល​នេះ ត្រូវ​ខឹ​ត​ខំ​ពិភាក្សា បញ្ចេញមតិ ឆ្លុះ​បញ្ចាំង និង​ផ្លាស់​ប្តូរ​យោបល់​គ្នា ដើម្បី​បង្កើន​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី​ៗ ជា​ច្រើន​បន្ថែម​ទៀត ដែល​ជា​គុណប្រយោជន៍ សម្រាប់​បង្កើន​គុណភាព​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី លោក​សាស្ត្រាចារ្យ តំណាង​បណ្ឌិតសភា វះកាត់​នៃ​ប្រទេស​បារាំង និង​ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី នាង​កញ្ញា សាស្ត្រាចារ្យ ប្រធាន​សមាគម​ស​ល្យ​សាស្ត្រ​កម្ពុជា ប្រធាន​សន្និសីទ​ស​ល្យ​សាស្ត្រ​ប្រចាំឆ្នាំ​លើក​ទី​៣០ ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ សមាជិក សមាជិកា សរុប​ចំនួន ២៤០​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ