ទីក្រុងប៉េកាំង៖ បញ្ហារវាងប្រទេសចិន និងជប៉ុនកាន់តែឡើងកម្ដៅខ្លាំងជាងមុនពាក់ព័ន្ធនឹងការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ ដែលថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធាបើសិនចិនលើកកងទ័ពវាយប្រហារតៃវ៉ាន់។ ចាប់តាំងពីពេលថ្លែងសុន្ទរកថាកាលពីសប្ដាហ៍មុនរហូតមកដល់ពេលនេះ ប្រទេសចិនបញ្ចេញប្រតិកម្មដាក់ជប៉ុនជាហូរហែតាមបណ្ដាញសារព័ត៌មានផង តាមស្ថានកុងស៊ុលផង និងតាមក្រសួងការបរទេស និងក្រសួងការពារជាតិផង។

ចុងក្រោយនេះ ប្រទេសចិនអំពាវនាវឱ្យប្រជាជនរបស់ខ្លួនឈប់ធ្វើដំណើរទៅប្រទេសជប៉ុន។ នេះជាការវិធានការវាយបកដ៏ខ្លាំងបំផុតចំពោះពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិ។ ទោះបីប្រទេសចិនបញ្ចេញប្រតិកម្មត្រឹមតែពាក្យសម្ដី ប៉ុន្តែចិនចង់បង្ហាញថាខ្លួនជាប្រទេសមានឥទ្ធិពលខ្លាំងក្លាផ្នែកសេដ្ឋកិច្ច។ បើរដ្ឋាភិបាលចិនប្រាប់ឱ្យប្រជាជនខ្លួនកុំធ្វើដំណើរទៅប្រទេសណាមួយ ពេលនោះប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ដែលប្រទេសនោះសមនឹងទទួលបានពីវិស័យទេសចរណ៍ជនជាតិចិននឹងត្រូវរបូតពីដៃទៅវិញជាមិនខានឡើយ។

ក្រសួងការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍មួយដែលមានសេចក្ដីជាអាទិ៍ថា «ពាក្យសម្ដី (របស់លោកស្រីតាកាអ៊ីឈិ) ដែលនិយាយឥតគិតមុខគិតក្រោយកាល ពីពេលថ្មីៗនេះពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់នោះធ្វើ់ឱ្យប៉ះពាល់កាន់តែខ្លាំងចំពោះការធ្វើដំណើរទៅមករវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២ ហើយមានហានិភ័យផ្នែកសុវត្ថិភាព និងសន្តិសុខរបស់ជនជាតិចិនដែលធ្វើដំណើរទៅជប៉ុន»។ សេចក្ដីថ្លែងការណ៍នោះសរសេររៀបរាប់បន្តទៀតថាក្រសួងការបរទេសចិន និងស្ថានបេសកកម្មរបស់ខ្លួន (នៅជប៉ុន) សូមរំលឹកប្រជាជនចិនថាពួកគេមិនគួរធ្វើដំណើរទៅប្រទេសជប៉ុនទេសម្រាប់ពេលនេះ។

នេះជាការបង្ហាញកំហឹងយ៉ាងពុះកញ្ជ្រោលរបស់ប្រទេសចិនចំពោះជប៉ុនបន្ទាប់ពីលោកស្រីតាកាអ៊ីឈិថ្លែងថាបើសិនកងទ័ពចិនវាយប្រហារតៃវ៉ាន់ ពេលនោះប្រទេសជប៉ុននឹងធ្លាក់ចូលទៅក្នុងសេណារីយោ «តស៊ូដើម្បីភាពរស់រានមានជីវិតរបស់ជាតិ ឬសុខចិត្តរស់នៅក្រោមការគំរាមកំហែង»។ និយាយដោយសង្ខេបមានន័យថាជោគវាសនា-អនាគតរបស់តៃវ៉ាន់ក៏ដូចជាជោគវាសនា-អនាគតរបស់ជប៉ុនដែរ។ ហេតុនេះ លោកស្រីតាកាអ៊ីឈិថ្លែងថាប្រទេសជប៉ុនត្រូវតែបង្ខំចិត្តប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើអន្តរាគមន៍។

ជានិច្ចកាលប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ ចិនធ្លាប់សច្ចាក្នុងចិត្តជាយូរមកហើយថាត្រូវតែបង្រួបបង្រួមទឹកដីឱ្យបានទោះដោយវិធីណាក៏ដោយរួមទាំងការប្រើកម្លាំងយោធាផងដែរ។ សម្រាប់ប្រទេសចិន តៃវ៉ាន់ជាបញ្ហារសើបបំផុតនៅក្នុងទំនាក់ទំនងការបរទេសជាមួយប្រទេសដទៃ។ ក្រសួងការពារជាតិចិនក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតដើម្បីព្រមានទៅប្រទេសជប៉ុនថាបើជប៉ុនហ៊ានប្រើប្រាស់កម្លាំងយោធានៅច្រកសមុទ្រតៃវ៉ាន់ ពេលនោះកងទ័ពប្រជាជនចិនដែលមានឆន្ទៈមោះមុតរឹងមាំដូចដែកថែបនឹងកម្ទេចពួកគេចោល។

ឥឡូវនេះ ក្រោយការអំពាវនាវរបស់ក្រសួងការបរទេសចិនមិនឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅជប៉ុន គេមិនដឹងថាតើជប៉ុននឹងខាតបង់កម្រិតណា។ នៅឆ្នាំនេះចាប់ពីដើមខែមករាដល់ចុងខែកញ្ញា អ្នកទេសចរជនជាតិចិនជិត៧,៥លាននាក់ធ្វើដំណើរកម្សាន្តនៅជប៉ុន។ នេះជាចំនួនដែលច្រើនជាងជនជាតិចិនធ្វើដំណើរទៅប្រទេសដទៃទៀតដោយយោងតាមទិន្នន័យផ្សព្វផ្សាយដោយទូរទស្សន៍អឹនអេចខេ (NHK) របស់ជប៉ុន។ នេះបើតាមប្រភពពីស៊ីអឹនអឹន (CNN) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ