ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​នៅ​សង្កាត់​ចាក់​អង្រែ​លើ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ១២​ខ្នង និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ២៧​គ្រឿង

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧ និង ៤៥​នាទី​ព្រឹក ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ ២៧១ ក្រុម​ទី ៣ ភូមិ ៧ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ។

ដោយ​ទទួល​បាន​បទបញ្ជា​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឱ្យទាន់​ពេលវេលា កុំឱ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ដែល​នៅ​ក្បែរ​នោះ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ ក៏​បាន​បន្ត​ថា ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២៧​គ្រឿង ក្នុង​នោះ​រថយន្ត​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន ១៩​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១៩​ឡាន ស្មើនឹង ៧៦​ម៉ែត្រគូប និង​រថយន្ត​ជំនួយ​ក្រសួងមហាផ្ទៃ ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន ស្មើនឹង ០៨​ម៉ែត្រគូប​, រថយន្ត​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ០៣​ឡាន ស្មើនឹង ១២​ម៉ែត្រគូប និង​រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ០២​ឡាន ស្មើរ​នឹង ០៨​ម៉ែត្រគូប ។

ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺជា​ប្រភេទ​ថ្ម​ក្រោម ឈើ​លើ ទំហំ (៥​ម៉ែត្រ x ១២​ម៉ែត្រ​) និង​ឆេះ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ចំនួន ០១​ខ្នង និង​បាន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​អស់​ចំនួន ១១​ខ្នង រួម​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​អស់ទាំង​ស្រុង ។ ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង ៩ និង ៣០​នាទី​ព្រឹក​នា​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ ក៏​បាន​បញ្ជាក់​ថា ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ ។ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​មិន​បាន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ