ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង នាំ​មក​នូវ​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តបាត់ដំបង​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​នាំ​យក​ឱកាស​ការងារ​ប្រមាណ​ជាង ១,១​ម៉ឺន​កន្លែង និង​ព័ត៌មាន​ស្តី​ពី​អត្ថប្រយោជន៍​នៃ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ នៅ​វត្ត​សុវណ្ណ​បុប្ផារាម​ថ្មគោល ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រដ្ឋបាល​ស្រុក​ថ្មគោល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ឯកជន សមាគម​មិត្ត​យើង អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​មាន​អ្នកចូលរួម​ប្រមាណ​១៥០០​នាក់​។

ក្នុង​ពិព័រណ៍​លើក​ទី ៥៧៣​នេះ មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២០ បាន​ចូលរួម​សម្ភាសន៍ និង​ជ្រើសរើស​បុគ្គលិក​ភ្លាម​ៗ​ដោយ​ផ្ទាល់​ផង​ដែរ​។ ជាមួយ​គ្នា​នេះ បងប្អូន​អតីត​ពលករ និង​អ្នកចូលរួម​ទាំងអស់ បាន​ទទួល​ការ​ដឹក​ជញ្ជូន អាហារ ភេសជ្ជៈ និង​កាហ្វេ ព្រមទាំង​ទទួល​បានការ​កាត់សក់​ពី​អ្នកជំនាញ ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​ផង​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ធ្វើ​ការងារ​នៅ​ក្នុងស្រុក​មាន​ភាពល្អ​ប្រសើរ​ជាង​ការ​ធ្វើការ​នៅ​ប្រទេស​ថៃ ដូច​ជា ការ​ទទួល​បាន​អត្ថប្រយោជន៍ ប​.​ស​.​ស​. ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ ការ​ទទួល​បាន​ប្រាក់​សោធន ការ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ អាច​ចូលរួម​ពិធីបុណ្យ​ប្រពៃណី ក៏​ដូច​ជា​ពិធី​ជួបជុំ​នានា​បាន​ច្រើន ហើយ​ម្យ៉ាងទៀត​ដោយសារ​យើង​ខ្មែរ​ដូច​គ្នា គឺ​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង និង​យោគយល់​គ្នា ជា​ពិសេស​នៅ​កន្លែងធ្វើការ​។ ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​បងប្អូន​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ក៏​ដូច​ជា​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧ ប្រសិនបើ​មាន​ច​ម្ង​ល់​ផ្សេង​ៗ ពាក់ព័ន្ធ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ពិសេស​ការ​ស្វែងរក​ការងារ​ធ្វើ​៕ អត្ថបទសហការ