ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន/សហគ្រាស នៅខេត្តមណ្ឌលគិរី ដើម្បីជំរុញការអភិវឌ្ឍតាមរយៈកម្មវិធីពិសេស២០២៥-២០២៨
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ដើម្បីប្រែក្លាយភូមិភាគឦសាន ជាពិសេស ខេត្តមណ្ឌលគិរី ទៅជាបង្គោលសេដ្ឋកិច្ចថ្មីប្រកបដោយសក្តានុពល កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានចុះជួបផ្ទាល់ និងដឹកនាំកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយបណ្តាក្រុមហ៊ុន/សហគ្រាសក្នុងខេត្ត ។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក ក.វ.ឦសាន ក្នុងគោលដៅស្វែងរកដំណោះស្រាយ និងពង្រីកគម្រោងវិនិយោគកែច្នៃនានា។

ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តម ពេជ្រ សម្បត្តិ បានផ្តោតលើការពិភាក្សាអំពីស្ថានភាពទូទៅនៃអាជីវកម្ម និងបញ្ហាប្រឈមដែលក្រុមហ៊ុន/សហគ្រាស កំពុងជួបប្រទះ ដើម្បីផ្តល់នូវដំណោះស្រាយប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាព ។ ជំរុញការវិនិយោគលើការកែច្នៃក្នុងខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រោមកម្មវិធីពិសេស ។

ឯកឧត្តមបានធ្វើការចែករំលែក និងផ្សព្វផ្សាយលម្អិតជូនវិនិយោគិនអំពីអត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីពិសេសនេះ ផ្តល់ជូន ដូចជាការលើកលែងពន្ធជាច្រើនប្រភេទ ដែលជួយកាត់បន្ថយបន្ទុកប្រតិបត្តិការរបស់ក្រុមហ៊ុន ។ ការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ ដើម្បីទ្រទ្រង់ដល់ការពង្រីក និងចាប់ផ្តើមគម្រោងថ្មីៗ ។ ជួយសម្រួលដល់នីតិវិធីរដ្ឋបាល និងកាត់បន្ថយថ្លៃដើមផលិតកម្ម ដើម្បីបង្កើនភាពប្រកួតប្រជែង ។

ឯកឧត្តម ពេជ្រ សម្បត្តិ ក៏បានធ្វើការលើកទឹកចិត្ត និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងក្រុមហ៊ុន/សហគ្រាសទាំងអស់ ដោយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់ភាពងាយស្រួលដល់ការវិនិយោគនៅក្នុងតំបន់ប្រកបដោយតម្លាភាព។

ក្រុមការងារជំនាញបានអំពាវនាវឱ្យក្រុមហ៊ុន/សហគ្រាសទាំងអស់ ពិចារណា និងបង្កើនការវិនិយោគឱ្យបានច្រើនតាមសក្តានុពល ដើម្បីទាញយកប្រយោជន៍ពីការលើកទឹកចិត្តពិសេសនេះ។
ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងចម្បងជំរុញការវិនិយោគលើវិស័យអាទិភាពចំនួន៣ គឺ៖ វិស័យកសិកម្ម (ទំនើបកម្ម) កសិ-ឧស្សាហកម្ម (កែច្នៃ) និង វិស័យទេសចរណ៍ ក្នុងខេត្តចំនួន៤ នៅភូមិភាគឦសាន រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌល
គិរី ។

សកម្មភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរុងរឿងប្រកបដោយបរិយាប័ន្ន នៅក្នុងបណ្តាខេត្តជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់នេះឱ្យក្លាយជាបង្គោលសេដ្ឋកិច្ចមួយដ៏រឹងមាំ ៕















ចែករំលែកព័តមាននេះ