រាជធានីភ្នំពេញ៖ កម្ពុជា-ជប៉ុន រួមគ្នាដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះរួមមានវិស័យដោះមីន ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៧១ នៃការបង្កើតកងកម្លាំងស្វ័យការពារជាតិជប៉ុន ដែលបានប្រារព្ធធ្វើឡើង នាព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណស្ថានទូតជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាក្នុងនាមរដ្ឋាភិបាលជប៉ុន យើងនឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយកម្ពុជា ដើម្បីរក្សានូវសន្ទុះដែលបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានលើកជាឧទាហរណ៍ជាក់ស្តែងមួយថា ពេលនេះយើងកំពុងរៀបចំដើម្បីសម្រេចបាននូវការផ្តល់ ឧបករណ៍ដល់យោធាកម្ពុជាតាមរយៈជំនួយសន្តិសុខផ្លូវការ (OSA) ដែលបានឯកភាពដោយ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភា ក្នុងឆ្នាំនេះ។
កិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជាមិនត្រូវបានកំណត់ត្រឹមតែក្របខ័ណ្ឌ ទ្វេភាគី នោះទេ។ នៅក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ប្រទេសទាំងពីរបាន នឹងកំពុងធ្វើការរួមគ្នាជាដៃគូស្មើភាពគ្នា ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន។
ជាមួយគ្នានោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានថ្លែងគូសបញ្ជាក់ថា ឧទាហរណ៍គួរឱ្យកត់ សម្គាល់មួយនៃកិច្ចសហប្រតិបត្តិការនេះ គឺការចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UNPKO) ហើយកម្ពុជាដែលធ្លាប់ជាប្រទេសទទួល ជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឥឡូវនេះក្លាយជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពដ៏សំខាន់មួយ ដែលរួមចំណែកដល់ការកសាងសន្តិភាពនៅជុំវិញពិភពលោក។ កងកម្លាំងស្វ័យការពារជាតិរបស់យើង បានគាំទ្រសកម្មភាពទាំងនេះអស់រយៈ ពេលជាច្រើនឆ្នាំ ដោយផ្តល់ការបណ្តុះបណ្តាលផ្សេងៗដល់អង្គភាពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។ លើសពីនេះ ជប៉ុន និងកម្ពុជា កំពុងសហការគ្នាជាដៃគូក្នុងការដោះមីន ហើយថ្មីៗនេះ ការបណ្តុះបណ្តាលរួមគ្នាសម្រាប់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន ក៏ត្រូវបានទទួល ការវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ។
«យើងនឹងបន្តលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការបែបនេះ នៅក្នុងតំបន់ និងលើពិភពលោក»។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការកើនឡើងជាបន្តបន្ទាប់ នូវសកម្មភាពកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលរួមមាននាវាជប៉ុនចំនួន២គ្រឿងដែលទទួលបានការអនុញ្ញាតឱ្យចូលសំចត នៅមូលដ្ឋានសមុទ្ររាមដំបូងគេ កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ក្រោយមូលដ្ឋានសមុទ្ររាមធ្វើទំនើបកម្មរួច ដែលបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសយើងទាំងពីរ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ក្រសួងការពារជាតិ និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ។ ហើយឯកឧត្តមរំពឹងថាចំណងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែរឹងមាំ និង ស្ថិតស្ថេរជានិរន្តរ៍៕




ចែករំលែកព័តមាននេះ