ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​ប្រវត្តិ​កកើត និង​ឈ្មោះ​ដើម​ «​ក្រុង​កំពង់សោម​» តិច​មើល៍

4 ឆ្នាំ មុន
  • ព្រះសីហនុ

«​ជា​តំបន់​មួយ​ដែល​មានព្រៃ​ក្រាស់​រហូត​ដល់​មាត់ច្រាំង ហើយ​ពុំ​មាន​មនុស្ស​ចូល​ទៅ​ដល់​ឡើយ ។ មិនតែប៉ុណ្ណោះ​មានការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​…»​។ នេះ​គឺជា​អតីតកាល​នៃ​ក្រុងព្រះសីហនុ ។ វា​ឆ្លងកាត់​ការ​លំបាក​ខ្លាំង​ណាស់ ដើម្បី​បុព្វហេតុ​ដ៏​ធំ​មួយ ពី​ការ​ចាប់ផ្ដើម​ដំបូង​គ្មាន​អ្វី​ក្រៅពី​កម្ចាត់ ឬ​ប្រែក្លាយ​តំបន់​ព្រៃ​ក្រាស់…

«​ជា​តំបន់​មួយ​ដែល​មានព្រៃ​ក្រាស់​រហូត​ដល់​មាត់ច្រាំង ហើយ​ពុំ​មាន​មនុស្ស​ចូល​ទៅ​ដល់​ឡើយ ។ មិនតែប៉ុណ្ណោះ​មានការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​…»​។ នេះ​គឺជា​អតីតកាល​នៃ​ក្រុងព្រះសីហនុ ។ វា​ឆ្លងកាត់​ការ​លំបាក​ខ្លាំង​ណាស់ ដើម្បី​បុព្វហេតុ​ដ៏​ធំ​មួយ ពី​ការ​ចាប់ផ្ដើម​ដំបូង​គ្មាន​អ្វី​ក្រៅពី​កម្ចាត់ ឬ​ប្រែក្លាយ​តំបន់​ព្រៃ​ក្រាស់ ទម្រាំ​ឲ្យ​កកើត​ជាទី​តាំង​កំពង់​ផែ​សមុទ្រ និង​ទីក្រុង​ដ៏​តូច​មួយ​ឡើង ហើយ​ដែល​កាន់តែ​ឃើញ​ភាព​លូតលាស់​ដូច​បច្ចុប្បន្ន​នេះ​…​។

យោង​តាម​ព្រឹត្តិ​ប​ត្តិ «​ការ​យល់​ដឹង​អំពី​ប្រ ទេស​កម្ពុជា​» ចេញផ្សាយ​នា​ឆ្នាំ​១៩៨៨ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ឱ្យ​បាន​ជ្រាប​អំពី​ប្រវត្តិ​ក្រុង​កំពង់សោម ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា «​ខេត្ត​ព្រះ​សីហ​នុ​» ។

ក្រុង​កំពង់សោម (​ក្រុង​នេះ​ពី​ដំបូង​យកឈ្មោះ​ឆក​កំពង់សោម​នេះ​ដាក់ ក្រោយមក​មានឈ្មោះ​ថា ក្រុងព្រះសីហនុ​វិញ ដោយ​យកឈ្មោះ​សម្តេចព្រះ​នរោត្តម សីហ​នុ ដាក់ ព្រោះ​ទីក្រុង​នេះ​ជា​សមិទ្ធ​ផល​សំខាន់​ក្នុង​សម័យ​ព្រះ​អង្គ ។ ក្រោយ​រដ្ឋប្រហារ (១៨ មីនា ១៩៧០) គេ​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ក្រុង​កំពង់សោម​វិញ​) ជាទី​ក្រុង​ស្វយ័ត​មួយ​ក្នុង​ចំណោម​ទីក្រុង​ស្វយ័ត​ទាំង​២​នៃ​ប្រទេស​កម្ពុជា​យើង ។ ទីក្រុង​នេះ​មិន​ត្រឹមតែ​ជា​ច្រក​អន្តរជាតិ​តាម​ផ្លូវ​សមុទ្រ​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ប្រទេស​ថែម​ទៀត​ផង ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​លើក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ទីក្រុង​នោះ​ឡើង​។ ប៉ុន្តែ​មុន​នឹង​ចូល​ដល់​ខ្លឹមសារ​នេះ​យើង​សូម​លើក​ជូន​ជា​មុន​អំពី​លក្ខណៈ​ទូទៅ​របស់​ទីក្រុង​នេះ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​សិន ។

លក្ខណៈ​ទូទៅ​របស់​ទីក្រុង​កំពង់សោម ៖
ក្រុង​កំពង់សោម​ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកំពត ខាងជើង​ជាប់​នឹង​ខេត្តកោះកុង ខាងលិច និង​ខាងត្បូង​ជាប់​នឹង​សមុទ្រ ។ ផ្ទៃក្រឡា​ក្រុង​កំពង់​សោម​នៅ​ឆ្នាំ​១៩៦២ គឺ​គេ​កំណត់​យក​៦៨,២​គីឡូ​ម៉ែត្រការ៉េ តែ​មក​ដល់​បច្ចុប្បន្ន​នេះ​(​អំឡុង​ឆ្នាំ​១៩៨៦) ដោយ​ការ​បញ្ចូល​ស្រុក​ព្រៃ​នប់​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុង​ទៀត​នោះ ផ្ទៃក្រឡា​របស់​ក្រុង​បាន​ពង្រីក​រហូត​ដល់​១.៣០៣​គីឡូ​ម៉ែត្រការ៉េ នា​ឆ្នាំ​១៩៨៦​នេះ ។

នៅ​ឆ្នាំ​១៩៨២ ការ​បែងចែក​រដ្ឋបាល​របស់​ក្រុង​គឺ​មាន​សង្កាត់​៧ និង​ស្រុក​ព្រៃ​នប់ តែ​មក​ដល់​ឆ្នាំ​១៩៨៦​នេះ យើង​ឃើញ​មាន​ស្រុ​​ក​ព្រៃ​នប់ ដែល​មាន​១៤​ឃុំ និង​ខណ្ឌ​ស្ទឹង​ហាវ ដែល​មាន​៣​សង្កាត់ និង​៤​សង្កាត់​ទៀត​ជុំវិញ​ក្រុង ។

ឆ្នេរសមុទ្រ​ក្រុង​កំពង់សោម​មាន​ប្រវែង​១០០​គីឡូម៉ែត្រ ដែល​លាតសន្ធឹង​នៅ​ចន្លោះ​ឆ្នេរសមុទ្រ​ខេត្តកោះកុង និង​ខេត្តកំពត ។ ឆ្នេរ​នេះ​មាន​សភាព​បត់បែន​រកេតរកូត បង្កើត​បានជា​ឆក​២ គឺ​ឆក​កំពង់សោម និង​ឆក​វាល​រេញ ។ ឆក​កំពង់សោម មាន​បណ្តោយ​៦០​គីឡូម៉ែត្រ និង​ទទឹង​៣០​គីឡូម៉ែត្រ ។ ឆ្នេរសមុទ្រ​ក្រុង​កំពង់សោម​ទទួល​របប​ទឹកសាប ដែល​ហូរ​ចុះ​តាម​ព្រែក ធំ​ៗ​ពីរ គឺ​ព្រែក​ទឹកសាប និង​ព្រែក​កំពង់​ស្មាច់ និង​តាម​ព្រែក តូច​ៗ ចំនួន​៧​ផ្សេង​ទៀត ។ ឈូង​សមុទ្រ​ក្រុង​កំពង់សោម មាន​ជម្រៅ​មិនសូវ​ជា​ជ្រៅ​ប៉ុន្មាន​ទេ ហើយ​មាន​បាត​រាបស្មើ ។ ជម្រៅ​ទឹកជា​មធ្យម​៥០​ម៉ែត្រ ជម្រៅ​ជា​អតិបរិមា​មិន​លើស​ពី​៨០​ម៉ែត្រ​ឡើយ ។ ឈូង​សមុទ្រ​នេះ​ខ័​ណ្ឌ​ប្រទេស​កម្ពុជា​ពី​ឧបទ្វីប​ម៉ា​ឡា​កា ។

នៅ​ចំ​ពីមុខ​ឆក​កំពង់សោម​មាន​កោះរុង និង​កោះរុងសន្លឹម ។ នៅ​ចំ​ពីមុខ​កំពង់​ផែ​អន្តរជាតិ មាន​កោះពស់​, កោះដែកគោល​, កោះ​ថាស និង​កោះ​ព្រាប ។ នៅ​ចំ​ពីមុខ​រាម​មាន​កោះ​តា​គាវ​, កោះ​ឫស្សី​, កោះ​ត្រេះ​, កោះ​ចន្លុះ និង​កោះ​ស្រមោច (​រួម​ទាំងអស់​ក្រុង​កំពង់សោម​មាន​កោះ​១៩) ។

គំនិត​ផ្តើម ដំបូង​ៗ ស្តី​ពី​ការ​បង្កើត​កំពង់​ផែ​សមុទ្រ ៖
នៅ​សម័យ​មុន​អាណានិគម​បារាំង កំពង់​ផែ​កំពត គឺជា​ច្រក​នៃ​ការ​ដឹក​ជញ្ជូន ឬ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​របស់​ប្រទេស​យើង ។ នៅ​សម័យ​បារាំង​ចូល​មក គេ​បាន​បោះបង់​លែង​ប្រើប្រាស់​កំពង់​ផែ​កំពត​ទៀត ហើយ​គេ​ប្រើប្រាស់​ផ្លូវទឹក​ទន្លេមេគង្គ ចុះ​ទៅ​កាន់​សមុទ្រ​វិញ ដោយ​កាត់​តាម​ប្រទេស​​វៀតណាម​ភាគ​ខាងត្បូង ។ នៅ​ដើម​សតវត្ស​ទី​២០ បារាំង​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​ការ​បង្កើត​ច្រក​សមុទ្រ​តាម​តំបន់ឆ្នេរ​របស់​ប្រទេស​កម្ពុជា​វិញ ព្រោះ​កន្លង​មក​បារាំង​យក​ចិត្តទុកដាក់​បង្កើត​ច្រក​សមុទ្រ​តែ​ភាគ​ខាងកើត​ប៉ុណ្ណោះ ដោយ​ចោល​ឈូង​សមុទ្រ​សៀម ដែល​មាន​ផលប្រយោជន៍​ជា​សំខាន់​ដល់​បារាំង​ដែរ​នោះ ។

យោង​លើ​ទស្សនៈ​ខាងលើ បារាំង​បាន​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​រក​កន្លែង​បង្កើត​ផែ​សមុទ្រ​នៅ​កម្ពុជា ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ត្រង់​តំបន់​កំពង់សោម ដែល​ត្រូវ​បង្កើត​កំពង់​ផែ​សមុទ្រ​មួយ​ឡើង ។ ប៉ុន្តែ​ដោយ​គ្មាន​ផ្លូវ​គមនាគមន៍​ទាក់ទង​មក​ផ្ទៃក្នុង​ប្រទេស ហើយ​ដែល​ទាម​ទារ​ឱ្យ​ចំណាយ​ប្រាក់់​ច្រើន ដើម្បី​សង់​ផ្លូវ​គមនាគមន៍​ផង និង​កំពង់់​ផែ​ផង​នោះ គម្រោង​បង្កើត​កំពង់​ផែ​សមុទ្រ​ត្រង់​ឆក​កំពង់សោម​ក៏​ត្រូវ​ទុក​ចោល​ជា​បណ្តោះអាសន្ន​សិន​ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​នា​ពេល​នោះ មិន​អាច​ធានា​ការ​ចំណាយ​ដ៏​ធំ​នេះ​បាន ។

នៅ​ក្រោយ​សង្គ្រាមលោក​លើក​ទី​១ បញ្ហា​បង្កើត​ច្រក​តាម​សមុទ្រ​នៅ​កម្ពុជា​នេះ ក៏​បាន​លើក​ឡើង​ម្តងទៀត ។ ការ​ធ្វើ​ផ្លូវ​ពី​កំពត​ទៅ​រាម​នៅ​ឆ្នាំ​១៩២៥ បាន​អនុញ្ញាត​ឱ្យ​គេ​ស្ថាបនា​នូវ​ឋ​បន​ភណ្ឌ​ដំបូង​ៗ​នៃ​កំពង់​ផែ​នៅ​រាម​។ ការ​ជ្រើសរើស​យក​រាម​នេះ មាន​អត្ថប្រយោជន៍​ពីរ ៖ ដោយ​ម្យ៉ាង​អាច​ធ្វើ​កំពង់​ផែ​បាន​ផង និង​ម្យ៉ាងទៀត​គេ​អាច​ធ្វើ​ផ្លូវ​គមនាគមន៍​ជើង​គោក​ភ្ជាប់​មក​តំបន់​ផ្ទៃក្នុង​ប្រទេស​បាន​ផង ។ ប៉ុន្តែ​ជាក់ស្តែង​រាម​គ្រាន់តែ​ជា​កំពង់​ផែ​ដ៏​តូច​សម្រាប់​កង​នាវាចរណ៍​ដែល​ពុំ​មាន​ផ្តល់​ដល់​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ទេ ។

គម្រោង​នៃ​ការ​បង្កើត​កំពង់​ផែ​ថ្មី​មួយទៀត ក៏​បាន​ត្រូវ​គេ​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​មក​ទៀត នៅ​ឆ្នាំ​១៩៣៧, ១៩៤២ និង​១៩៤៨ ។ ប៉ុន្តែ ដោយសារ​សង្គ្រាម និង​ការ​បំផ្លាញ​ផ្លូវ​ពី​កំពត​ទៅ​រាម​នោះ​បាន​កាត់​ផ្តាច់​មិន​ឱ្យ​គម្រោង​ផែនការ​ខាងលើ​សម្រេច​ជា​រូបរាង​ឡើយ ។

នៅ​ឆ្នាំ​១៩៤៨ កំពង់​ផែ​ភ្នំពេញ នៅ​តែ​ជា​កំពង់​ផែ​សមុទ្រ​នៃ​ប្រទេស​ដដែល ។ នៅ​ក្រោយ​ពេល​បាន​ឯករាជ្យ​នា​ឆ្នាំ​១៩៥៣ ភាព​ចាំបាច់​ដែល​ត្រូវ​បង្កើត​កំពង់​ផែ​សមុទ្រ​មួយ​នៅ​លើ​ទឹកដី​កម្ពុជា​នោះ កាន់តែ​សំខាន់​ឡើង ។ ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ទន្លេមេគង្គ​អាច​ធ្វើ​បាន តែ​នាវា​ដឹក​ទំនិញ​ធុន​មធ្យម ដែល​មាន​បាត​ចុះ​ទៅ​ក្នុង​ទឹក​ជម្រៅ​មិន​ហួស​ពី​៤,១០​ម៉ែត្រ​ប៉ុណ្ណោះ ។ ការ​បង្កើត​កំពង់​ផែ​ដែល​អាច​ឱ្យ​កប៉ាល់​ដឹក​ជញ្ជូន ធំ​ៗ ចូល​ចត​ដូច​ជា​កប៉ាល់​ដឹក​ប្រេង​ជាដើម ទាមទារ​ឱ្យ​រដ្ឋា​ភិបាល​ត្រូវ​តែ​សម្រេច​ពី​បញ្ហា​នេះ​ជា​បន្ទាន់ បន្ទាប់​ពី​បាន​ឯករាជ្យ​មក ។ នៅ​ដើមឆ្នាំ​១៩៥៤ រាជ​រដ្ឋាភិបាល​នា​សម័យ​នោះ​បាន​សម្រេច​ឱ្យ​ស្ថាបនា​កំពង់​ផែ​សមុទ្រ​មួយ ដែល​អាច​ឱ្យ​នាវា​ដឹក​ជញ្ជូន ធំ​ៗ​ចូល​ចត​បាន ។

ការ​ជ្រើសរើស​ទីកន្លែង​ ៖
បន្ទាប់​ពី​ការ​សិក្សា ដំបូង​ៗ​ទាំងឡាយ​ក្នុង​ការ​ជ្រើសរើស​ទីកន្លែង​កំពង់​ផែ​សមុទ្រ​នេះ គេ​មើល​ឃើញ​ទីកន្លែង​ពីរ ដែល​មាន​ជម្រៅ​ទឹក​ប្រហែល​១០​ម៉ែត្រ ។ កន្លែង​ទី​១ ស្ថិត​នៅ​ផ្នែក​អាគ្នេយ៍​នៃ​ឆក​កំពង់សោម​ជិត​កោះពស់ (​ត្រង់​ក្រុង​កំពង់សោម​សព្វថ្ងៃ​) និង​ទីកន្លែង​មួយទៀត ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ឆក​កំពង់សោម​នេះ ។ គេ​មិន​ជ្រើសរើស​យក​តំបន់​រាម​ទេ ព្រោះ​ទីកន្លែង​នោះ​រាក់​ពេក (​ប្រហែល​៦​ម៉ែត្រ​) ហើយ​គេ​ក៏​មិន​ជ្រើស​យក​តំបន់ឆ្នេរ​រាបស្មើ ពី​រាម​ទៅ​ដល់​ព្រំដែន​ប្រទេស​វៀតណាម​ដែរ ។

ដោយ​មូលហេតុ​ពិបាកធ្វើ​ដំណើរ​ទៅ​ដល់​គេ​ក៏​មិន​រុករក​ទីកន្លែង​សម្រាប់​សង់​កំពង់​ផែ​នៅ​តាម​ឆ្នេរ​ភាគ​ខាងលិច រហូត​ទៅ​ដល់​ព្រំប្រទល់​ប្រទេស​ថៃ​ផង​ដែរ ។ ដោយ​យោង​លើ​មូលហេតុ​ដដែល​នេះ​ដែរ គេ​ក៏​បាន​បោះបង់​ចោល​កន្លែង​ទី​២ គឺ​ភាគ​ខាង​និរតី​ឆកសមុទ្រ​កំពង់សោម​ចេញ ។ នៅ​ទី​បំ​ផុ​​តទី​កន្លែង​ចុង​ក្រោយ ដែល​គេ​ជ្រើសរើស​យក​សម្រាប់​សង់​កំពង់​ផែ​នោះ​គឺ​ភាគ​អាគ្នេយ៍​នៃ​ឆកសមុទ្រ​កំពង់សោម ជិត​កោះពស់ (​ត្រង់​ទីក្រុង​កំពង់សោម​បច្ចុប្បន្ន​នេះ​) ។

បន្ទាប់​ពី​បាន​ថតរូប​ពីលើ​យន្តហោះ ពី​សភាព​កន្លែង​ខាងលើ​នេះ នៅ​ខែឧសភា ១៩៥៥ គេ​បាន​ដឹង​ថា តំបន់ឆ្នេរ​នេះ​ជា​តំបន់​មួយ​ដែល​មានព្រៃ​ក្រាស់​រហូត​ដល់​មាត់ច្រាំង ហើយ​ពុំ​មាន​មនុស្ស​ចូល​ទៅ​ដល់​ឡើយ ។ ថ្វីបើ​តំបន់​នេះ​មានការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ជា​លើក​ដំបូង​នោះ​ក៏​ដោយ ក៏​ទីកន្លែង​នេះ​គឺជា​កន្លែង​អំណោយផល​ជាង​កន្លែង​ដទៃ​ទៀត​ទាំងអស់​ក្នុង​ការ​សង់​កំពង់​ផែ​នោះ ។ ព្រោះ​ទីកន្លែង​នេះ​មាន​ជម្រៅ​ទឹក​ជ្រៅ ការ​ចូល​ចត​មាន​ភាព​ងាយស្រួល​នៅ​គ្រប់ពេល និង​រដូវ ហើយ​ទីកន្លែង​នេះ​មាន​ចម្ងាយ​ពី​ភ្នំពេញ​ជិត​ជាង​កន្លែង​ឯទៀត ។ លើស​ពី​នេះ​ទៅ​ទៀត តាម​ការ​សិក្សា និង​ការ​ពិនិត្យ​មើល​ជា​រួម​នៅ​កន្លែង​នេះ គេ​អាច​មាន​លទ្ធភាព​ងាយ​ស្រួល​ក្នុង​ការ​ពង្រីក​នូវ​កំពង់​ផែ​នេះ​ទៅ​ថ្ងៃក្រោយ​ទៀត ប្រសិនបើ​មាន​ភាព​ចាំបាច់ និង​ការ​រី​ក​ចម្រើន​នោះ ។

កោះពស់​ដែល​នៅ​ពីមុខ​តំបន់ឆ្នេរ​ដែល​ត្រូវ​សង់​កំពង់​ផែ​នោះ អាច​ការពារ​ខ្យល់ព្យុះ​បាន ខ្លះ​ៗ​ដែរ។ ចន្លោះ​កោះពស់ និង​ឆ្នេរ​ជម្រៅ​ទឹក​សម្រាប់​ផ្លូវ​កប៉ាល់​ចូល​មាន​ពី​១១​ទៅ​១៣​ម៉ែត្រ លើកលែង​កន្លែង​មួយ​ដែល​មាន​ថ្ម ជម្រៅ​៨,៤​ម៉ែត្រ ។ ដូច្នេះ​កប៉ាល់​អាច​ចេញចូល​មក​កំពង់​ផែ​បាន​នៅ​ពេល​ទឹកជោរ ចំពោះ​នាវា​ដែល​មាន​បាត​ជ្រៅ​ទៅ​ក្នុង​ទឹក​មិន​លើស​ពី​៩​ម៉ែត្រ ។

សមិទ្ធផល ដំបូង​ៗ​ទាំងឡាយ​របស់​ក្រុង​កំពង់សោម ៖
ការ​ស្ថាបនា​ក្រុង​កំពង់សោម​ដំបូង​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​១៩៥៥​មក ។ មូលហេតុ​នៃ​ការ​កសាង​ទីក្រុង​នេះ គឺ​បង្កើត​កំពង់​ផែ​សមុទ្រ​មួយ ។ ដូច្នេះ​ការងារ​ស្ថាបនា​ដំបូង​គឺ​កំពង់​ផែ ។ ក្រុម​អ្នកឯកទេស និង​កម្មករ ដែល​ទៅ​ដល់​ដំបូង គឺ​ធ្វើ​ដំណើរ​តាម​កាណូត​ពី​កំពត​ទៅ (​ផ្លូវគោក​ពី​កំពត​ទៅ​រាម នៅ​ពេល​នោះ​ប្រើប្រាស់​ពុំ​កើត​ទេ ដោយសារ​ការ​កម្ទេច​ស្ពាន​សឹងតែ​ទាំងអស់​ក្នុង​កំណាត់​ផ្លូវ​នេះ នៅ​ពេល​មាន​អសន្តិសុខ​កន្លង​មក​នោះ​) រួច​កាប់​ឆ្ការព្រៃ​បោះជំរំ​ដំបូង​នៅ​ម្តុំ​មាត់សមុទ្រ​ត្រង់​​ម្តុំ​មន្ទីរ​គណៈកម្មាធិការ​ក្រុង​សព្វ​ថ្ងៃនេះ ។

ការងារ ដំបូង​ៗ​ទាំងនេះ​មានការ​លំបាក​ណាស់ ព្រោះ​គ្មាន​ផ្លូវ​គមនាគមន៍​ផ្លូវគោក​ជាមួយនឹង​ផ្ទៃ​ក្នុង​ប្រទេស​ទេ ។ ភាព​ចាំបាច់​ក្នុង​ការ​ទាក់ទង​ជាមួយ​ក្រុងភ្នំពេញ​បាន​ឆាប់រហ័ស​នោះ​ទាមទារ​ត្រូវ​តែ​ស្ថាបនា​វាល​យន្តហោះ ដែល​មាន​បណ្តោយ​៥០០​ម៉ែត្រ បាន​ត្រូវ​សម្រេច​ឡើង​នៅ​ខែមករា​ឆ្នាំ​១៩៥៦​។​ដោយសារ​វាល​យន្តហោះ​នេះ (​ស្ថិត​នៅ​រហូត​សព្វថ្ងៃ​) យន្តហោះ​តូច​ៗ​ដែល​អាច​ដឹក​ក​មនុស្ស​បាន​៦​នាក់ អាច​ធ្វើ​ដំណើរ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ដល់​ភ្នំពេញ ដែល​ពី​មុន​នេះ​គេ​ត្រូវការ​ប្រើ​ពេល​យ៉ាងតិច​១០​ម៉ោង (​ពីរ​ម៉ោង​ពី​ភ្នំពេញ​ទៅ​កំពត និង​៨​ម៉ោង​ពី​កំពត​ទៅ​កំពង់សោម​)​។

ការ​ប្រើប្រាស់​ផ្លូវ​គមនាគមន៍​ខាង​អាកាស​នេះ បាន​ជួយ​សម្រួល​ច្រើន​ដល់​ការងារ​ស្ថាបនា ដំបូង​ៗ​ទាំងនេះ ទម្រាំ​មាន​ផ្លូវគោក​ពី​ភ្នំពេញ​ទៅ​កំពង់សោម​(​កាត់​តាម​កំពត​) អាច​ដំណើរការ​បាន​ពាក់​កណ្តាល​ឆ្នាំ​១៩៥៧​។ ផ្លូវជាតិ​លេខ​៤ ទទឹង​ចាក់​កៅស៊ូ​៧​ម៉ែត្រ ពី​ភ្នំពេញ​ទៅ​កំពង់សោម (​កាត់​តាម​កំពង់ស្ពឺ​) បាន​ធ្វើ​ហើយ​ស្រេច​នៅ​ឆ្នាំ​១៩៥៩ ។

កំពង់​ផែ​៖
ទន្ទឹម​នឹង​ការ​កសាង​សំណង់​ទាំងឡាយ​ខាងលើ​នេះ កំពង់​ផែ​ក៏​ចាប់​កសាង​ឡើង​ដែរ ។ ផែ​បាន​សង់​លយ​ចូល​ទៅ​ក្នុង​សមុទ្រ​ប្រវែង​២៨៥​ម៉ែត្រ ដែល​មាន​ទទឹង​២៨​ម៉ែត្រ ។ ផែ​បាន​ភ្ជាប់​ពី​មាត់​ច្រាំង​ដោយ​ស្ពាន​ដែល​មាន​ប្រវែង​១៨៥​ម៉ែត្រ ទទឹង​១០​ម៉ែត្រ​។ ផែ​ដែល​មាន​កសាង​មាន​ប្រវែង​២៨៥​ម៉ែត្រ​នេះ អាច​ទទួល​ឱ្យ​ចូល​ចត​ទាំង​សងខាង​នូវ​នាវា​ចំនួន​៤​គ្រឿង​យ៉ាងតិច​(៤​គ្រឿង​ចំពោះ​នាវា​ដែល​មាន​ចំណុះ​១០.០០០​តោន​) តែ​អាច​ចូល​ចត​បាន​៦​គ្រឿង ចំពោះ​នាវា​ដែល​មាន​ចំណុះ​ប្រហែល​៤.០០០​តោន ។ ជម្រៅ​ទឹក​ដែល​នាវា​ចូល​ផែ​នេះ​មាន​១០​ម៉ែត្រ ។ កំពង់​ផែ​នេះ​បាន​ចាប់​ទទួល​ឱ្យ​នាវា​ចូល​សំចត​តាំងពី​ឆ្នាំ​១៩៦០​មក ។

តាម​ការ​គ្រោង​ទុកជា​មុន​ពី​ការ​សាងសង់​កំពង់​ផែ​នេះ​គឺ​គេ​គ្រោង​សង់​កំពង់​ផែ​នេះ​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​តែ​២០០​ទៅ​២៤០​ពាន់​តោន​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ខុស​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត គឺ​ចាប់ពី​ឆ្នាំ​១៩៦៤​មក ភាព​កកស្ទះ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​បាន​កើត​មាន​ឡើង ដោយពេល​ខ្លះ​នាវា​ត្រូវ​រង់ចាំ​សំចត​មាន​ចំនួន​១០​ទៅ​១២​គ្រឿង (​នៅ​ឆ្នាំ​១៩៨៨) ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​នេះ គេ​បាន​ចាប់​គិតគូរ​ពង្រីក​កំពង់​ផែ​នេះ ។

កំពង់​ផែ​ថ្មី​ដែល​មាន​ទំហំ​ធំ​ច្រើន​ជាង​ពី​មុន​នោះ បាន​ចាប់​សាង​ឡើង​នៅ​ភាគ​ខាងជើង​ផែ​ចាស់​។ ទំនប់​ផែ​ពីរ​បាន​ស្ថាបនា​ឡើង ។ ទំនប់​ផែ​ទី​១​ប្រវែង​៣.០០០​ម៉ែត្រ ចាក់​ទៅរ​កកោះ​ថ្ម​តូច​មួយ​។ ទំនប់​ទី​២​មាន​ប្រវែង​៦០០​ម៉ែត្រ​។ តាម​គម្រោង​កំពង់​ផែ​ថ្មី​នេះ អាច​ចូល​សំចត​បាន​នាវា​ចំនួន​២០​គ្រឿង ។ ការ​សាងសង់​កំពុង​តែ​ដំណើរការ​មិន​ទាន់​បាន​ចប់​សព្វគ្រប់ ក៏​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហា​ថ្ងៃ​ទី​១៨​មីនា ឆ្នាំ​១៩៧០ ធ្វើ​ឱ្យ​អាក់ខាន​ការ​សាងសង់​នេះ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ​ទៅ​(​តែ​ចាប់ពី​ឆ្នាំ​១៩៦៨​មក មាន​នាវា​ខ្លះ​ចូល​សំចត បណ្តើរ​ៗ​នៅ​កំពង់​ផែ​ថ្មី​នេះ​ហើយ​ដែរ​) ។

ការ​ពង្រីក​កំពុង​ផែ​នេះ វា​ទាក់ទង​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ឧស្សាហកម្ម និង​សេដ្ឋកិច្ចជាតិ ។ ទាល់តែ​មានការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ ទើប​ការ​ដឹក​ជញ្ជូន​មានការ​កើនឡើង ហើយ​ទាមទារ​ឱ្យ​ពង្រីក​កំពង់​ផែ ។ បើ​យើង​ពិនិត្យ​ពី​ការ​ដឹក​ជញ្ជូន​តាំងពី​កំពង់​ផែ​កំពង់សោម​ចាប់​ដំណើរការ​មក​នោះ ៖

១-​ឆ្នាំ​១៩៦០ ៖ ៣៥.០០០​តោន ។
២ -​ឆ្នាំ​១៩៦១ ៖ ៩៥.០០០​តោន ។
៣ -​ឆ្នាំ​១៩៦២ ៖ ១៦៦.០០០​តោន ។
៤ -​ឆ្នាំ​១៩៦៣ ៖ ៣៧០.០០០​តោន ។
៥ -​ឆ្នាំ​១៩៦៤ ៖ ៧១៥.០០០​តោន ។
៦-​ឆ្នាំ​១៩៦៥ ៖ ៧៥៥.០០០​តោន ។
៧ -​ឆ្នាំ​១៩៦៦ ៖ ៥៤៨.០០០​តោន ។
៨ -​ឆ្នាំ​១៩៦៧ ៖ ៥៤៥.០០០​តោន ។
៩ -​ឆ្នាំ​១៩៦៨ ៖ ៧២១.៣១៨​តោន ។

១០ -​ឆ្នាំ​១៩៧០ ៖ ៥៩៦.០០០​តោន ។
១១ -​ឆ្នាំ​១៩៧១ ៖ ២២៣.០០០​តោន ។
១២ -​ឆ្នាំ​១៩៨០ ៖ ២៩២.០០០​តោន ។
១៣ -​ឆ្នាំ​១៩៨១ ៖ ១៩០.០០០​តោន ។
១៤ -​ឆ្នាំ​១៩៨២ ៖ ១៣០.០០០​តោន ។
១៥ -​ឆ្នាំ​១៩៨៣ ៖ ៩៧.០០០​តោន ។
១៦ -​ឆ្នាំ​១៩៨៤ ៖ ១១៨.០០០​តោន ។
១៧ -​ឆ្នាំ​១៩៨៥ ៖ ១១៦.២០០​តោន ។
១៨ -​ឆ្នាំ​១៩៨៦ ៖ ១២៥.០០០​តោន ។

យើង​សង្កេត​ឃើញ​តួលេខ​ខាងលើ​នេះ​ថា ចាប់ពី​ឆ្នាំ​១៩៦៦​មក ការ​ដឹក​ជញ្ជូន​លែង​កើនឡើង​ទៀត ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ពង្រីក​កំពង់​ផែ​នេះ​វា​ហួស​ពី​សេចក្តី​ត្រូវការ​នៃ​ការ​ដឹក​ជញ្ជូន​យ៉ាងច្រើន ។ ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​ជំនាន់​នោះ​មាន​គម្រោង​បង្កើត​តំបន់​កំពង់​ផែ​នេះ​ឱ្យទៅ​ជា​តំបន់​រួច​ពន្ធ​(zone franc) ដើម្បី​ឱ្យ​កំពង់​ផែ​នេះ​រីក​ចម្រើន​ដូច​កំពង់​ផែ​អន្តរជាតិ​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ។ ប៉ុន្តែ​គម្រោងការ​នេះ​ក៏​ត្រូវ​អាក់​ខានទៅ​វិញ​ក្រោយ​រដ្ឋប្រហារ​១៨ មីនា ឆ្នាំ​១៩៧០​មក ។

បច្ចុប្បន្ន​នេះ​ទៀត បើ​យើង​ពិនិត្យ​ពី​តួលេខ​នៃ​ការ​ដឹក​ជញ្ជូន​តាម​កំពង់​ផែ​កំពង់សោម​នេះ យើង​ឃើញ​ថា ផែ​ចាស់​វា​ធានា​បាន​យ៉ាង​គ្រប់គ្រាន់​ដល់​ការ​ដឹក​ជញ្ជូន​នេះ​ហើយ ។ ការ​ចាប់​បន្ត​ការ​កសាង​កំពង់​ផែ​ថ្មី​អាច​នឹង​ប្រព្រឹត្ត​ទៅ​ឡើង​វិញ​បាន នៅ​ពេល​ណា​ដែល​ការ​ដឹក​ជញ្ជូន​តាម​កំពង់​ផែ​នេះ​កើនឡើង​បី បួន​ដង លើស​ពី​បរិមាណ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន​នេះ ។ ដូច​យើង​បាន​ជម្រាប​ហើយ​ថា ការ​កើនឡើង​នៃ​ការ​ដឹក​ជញ្ជូន​អាច​កើត​មានបាន​ទាល់តែ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​ខ្លាំងក្លា​ឡើង​នោះ​។

ផ្លូវដែក ៖
ការ​សម្រេច​ឱ្យ​កសាង​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់សោម កាត់​តាម​កំពត​នេះ បាន​សម្រេច​ឡើង​តាំងពី​ឆ្នាំ​១៩៥៨​មក​ម្ល៉េះ តែ​ការ​ចាប់​កសាង​ពិតប្រាកដ​ទើប​ចាប់​ដំណើរការ​ពី​ឆ្នាំ​១៩៦៥​មក​ទេ ។ ផ្លូវដែក​នេះ​ធ្វើ​មក​ដល់​កំពត​នៅ​ខែឧសភា ឆ្នាំ​១៩៦៨ និង​ទៅ​ដល់​ក្រុង​កំពង់សោម​នៅ​ចុងឆ្នាំ​១៩៦៩ ។ ផ្លូវដែក​នេះ​មាន​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ព្រោះ​ផ្លូវដែក​នេះ​កាត់​បន្ថយ​​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ បាន​ច្រើន​ជាង​ដឹក​តាម​ផ្លូវថ្នល់ ។

ផ្លូវអាកាស ៖
គេ​បាន​សាងសង់​នៅ​មុន​ឆ្នាំ​នេះ​ដែរ​នូវ​វាល​យន្តហោះ​មួយទៀត​នៅ​ជិត​រាម ដែល​អាច​ចុះ​ចត​បាន​នូវ​យន្តហោះ​ធុន​មធ្យម​។ វាល​យន្តហោះ​នេះ​ប្រើប្រាស់​ច្រើន​នៅ​សម័យ​លន់ លន់ ដោយសារ​ផ្លូវជាតិ​លេខ​៤ ត្រូវ​កាត់​ផ្តាច់​ដោយ​សង្គ្រាម ។

ការ​សាងសង់​រោងចក្រ​មួយ​ចំនួន ៖
១ -​រោងចក្រ​ចម្រាញ់​ប្រេងកាត ៖
រោងចក្រ​នេះ​សង់​ពី​ឆ្នាំ​១៩៦៦​ដល់​១៩៦៨ ដែល​សាងសង់​ឡើង​ដោយ​ទុន​ចម្រុះ (៦៥​ភាគរយ​របស់​រដ្ឋ និង​៣៥​ភាគរយ​របស់​ក្រុមហ៊ុន​អែ​ល (Eif )​របស់​បារាំង​) ។ សមត្ថភាព​ផលិត​របស់​រោងចក្រ​នេះ​មាន​ដល់​៦០០.០០០​តោន តែ​នៅ​ពេល​នោះ​គេ​ផលិត​តែ​៤០០.០០០​តោន​ប៉ុណ្ណោះ ។

រីឯ​សេចក្តី​ត្រូវការ​ពិតប្រាកដ​របស់​ប្រទេស​នា​ពេល​នោះ គឺ​មាន​តែ​២៥០.០០០​តោន​ប៉ុណ្ណោះ ។ ដើម្បី​ស្រូប​យក​ឱ្យ​អស់​ផលិតផល​ដែល​រោងចក្រ​នេះ​ផលិត​បាន រាជរដ្ឋាភិបាល​ជំនាន់​នោះ​មាន​គម្រោង​រក​ផ្សារ​អន្តរជាតិ​ដើម្បី​លក់​ប្រេង​នោះ និង​ការ​បង្កើត​រោងចក្រ​ជា​ច្រើន​ទៀត​ដូច​ជា​៖ រោង​ចក្រ​ធ្វើ​ជី រោងចក្រ​ប៊ុ​យ​តាន​ជាដើម (​នៅ​ពុំ​ទាន់​បាន​សាងសង់​នៅឡើយ​) ។ ក្នុង​សម័យ​លុន លន់ រោងចក្រ​នោះ​ត្រូវ​ខូ​ត​ខាត​ជា​ដំណំ​ដោយសារ​សង្គ្រាម ។ បច្ចុប្បន្ន​នេះ យើង​ប្រើប្រាស់​ជា​កន្លែង​ស្តុក​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ ។

២- ​រោងចក្រ​ស្រា​បៀរ ៖ រោងចក្រ​នេះ​សង់​ហើយ​នៅ​ឆ្នាំ​១៩៦៨ ដោយ​ទុន​របស់​រដ្ឋ (​ក្រុមហ៊ុន​សុរាគារ​ខ្មែរ​) ។ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​បាន​២០០.០០០​ហិ​ក​តូ​លី​ត្រ ស្រា​បៀរ តែ​ពេល​នោះ​គេ​ផលិត​តែ​១០០.០០០​ហិ​ក​តូ​លី​ត្រ​ស្រា​បៀរ និង​៣០.០០០​ហិ​ក​តូ​លី​ត្រ​ទឹកក្រូច សូ​ដា​ប៉ុណ្ណោះ ។ ការ​សង់​រោងចក្រ​ស្រា​បៀរ​នៅ​ក្រុង​កំពង់សោម​នេះ មិនសូវ​មាន​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច ព្រោះ​រោងចក្រ​ស្រា​បៀរ​ទាមទារ​ឱ្យ​សង់​នៅ​កន្លែង​ដែល​សម្បូរ​ទឹកសាប និង​អ្នក​ប្រើប្រាស់​នៅ​ជិត​ច្រើន ដែល​ក្រុង​កំពង់សោម​មិន​អាច​បំពេញ​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​បាន ។
បច្ចុប្បន្ន​រោងចក្រ​នេះ​ពុំ​មានដំណើរ​ការ​ទេ ។

៣- ​រោងចក្រ​ដំឡើង​ត្រាក់ទ័រ ៖ រោងចក្រ​នេះ​ចាប់​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​១៩៦៦​មក ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ (​ក្រុមហ៊ុន​ជាតិ​ដំឡើង​ត្រាក់ទ័រ​) ។ រោងចក្រ​នេះ​ដំឡើង​ត្រាក់ទ័រ​របស់​ឆេ​កូ​ស្លូ​វ៉ា​គី ។ រោងចក្រ​នេះ​មាន​ទំហំ​តូច ពុំ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស​នា​ជំនាន់​​នោះ​បាន​ទេ ។ គម្រោង​ដំបូង គេ​គិត​ផលិត​គ្រឿងបន្លាស់​២៥​ភាគរយ នៅ​ក្នុង​ប្រទេស ដើម្​បី​ដំឡើង​ត្រាក់ទ័រ​នេះ តែ​ពេល​ដំណើរការ​គ្រឿងបន្លាស់​ទាំងអស់​នាំ​ចូល​មក​ពី​ក្រៅ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ពុំ​មាន​ចំណេញ​ដល់​ការ​បង្កើត​រោងចក្រ​នេះ​ទេ ។ បច្ចុប្បន្ន​រោងចក្រ​នេះ​ពុំ​មានដំណើរ​ការ​ទេ។

៤- ​រោងចក្រ​ផលិត​ទឹកកក ៖ ចាប់​ដំណើរការ​តាំងពី​ឆ្នាំ​១៩៦៨ ។ បច្ចុប្បន្ន​នេះ រោងចក្រ​បាន​ត្រូវ​ស្ថាបនា​ឱ្យ​ដំណើរការ​ឡើង​វិញ ។

៥- ​ក្រៅពី​នេះ​នៅ​មាន​រោងចក្រ​អគ្គិសនី និង​រដ្ឋាករទឹក​ក៏​បាន​បង្កើត​ឡើង​នៅ​គ្រា ដំបូង​ៗ​នេះ​ដែរ ។ បច្ចុប្បន្ន​រោងចក្រ​អគ្គិសនី និង​រដ្ឋាករទឹក​នេះ​បាន​ស្ថាបនា​ឱ្យ​ដំណើរការ​ឡើង​វិញ ។

អំពី​កា​រវិ​វ​ឌ្ឍ​ចំនួន​ប្រជាជន  ៖
ដោយសារ​ការ​ស្ថាបនា​កំពង់​ផែ ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល និង​ការ​ធ្វើ​ពាណិជ្ជកម្ម ផ្សេង​ៗ ប្រជា​ជន​ទីក្រុង​កំពង់សោម​បាន​រីក​ចម្រើន​យ៉ាង ឆាប់រហ័ស តាំងពី​ឆ្នាំ​បង្កើត​ក្រុង​នេះ​មក ។ ប៉ុន្តែ​ការ​កើន​ចំនួន​ប្រជាជន​នេះ​បាន​នៅ​ទ្រឹង​តាំងពី​ឆ្នាំ​១៩៦៣​មក ។

១ -​ឆ្នាំ​១៩៦១ មាន​ប្រជាជន ៦.០០០​នាក់ ។
២ -​ឆ្នាំ​១៩៦២ មាន​ប្រជាជន ៩.១៦៥​នាក់ ។
៣ -​ឆ្នាំ​១៩៦៣ មាន​ប្រជាជន ១៣.៥០០០ ។
៤ -​ឆ្នាំ​១៩៦៤ មាន​ប្រជាជន ១៣.៥០០​នាក់ ។
៥ -​ឆ្នាំ​១៩៦៥ មាន​ប្រជាជន ១៤.០០០​នាក់ ។
៦ -​ឆ្នាំ​១៩៦៦ មាន​ប្រជាជន ១៤.៥០០​នាក់ ។
៧ -​ឆ្នាំ​១៩៦៧​មាន​ប្រជាជន​១៥.៨០០​នាក់​។ (​អត្រា​នេះ​មិន​រួម​បញ្ចូល​ប្រជាជន​ស្រុក​ព្រៃ​នប់
ទេ​) ។

៨ -​ឆ្នាំ​១៩៨០ មាន​ប្រជាជន ៥១.៨៨៣​នាក់ ។
៩ -​ឆ្នាំ​១៩៨៦ មាន​ប្រជាជន​៦៤.៩៦០​នាក់​។ (​អត្រា​នេះ​បញ្ចូល​ប្រជាជន​ស្រុក​ព្រៃ​នប់​) ។

ប្រជាជន​ក្រុង​កំពង់សោម​ពី​មុន​ឆ្នាំ​១៩៧០ ក៏​ដូច​បច្ចុប្បន្ន​ដែរ ច្រើន​ជា​ប្រជាជន​មាន​ដើម​កំណើត​មក​ពី​ខេត្តកំពត និង​មក​ពី​ខេត្ត​វាលទំនាប​នៃ​ប្រទេស ។ តាម​ស្ថិតិ​នា​ឆ្នាំ​១៩៨៦ ប្រជាជន​ក្រុង​កំពង់សោម ដែល​មាន​វ័យ​ពលកម្ម​មាន​កម្រិត​ទាប​ជាង​កាលពី​សម័យ​មុន​ឆ្នាំ​១៩៧០ ។ ឆ្នាំ​១៩៨៦​​នេះ ប្រជាជន​ក្នុង​វ័យ​ពលកម្ម​មាន​តែ​៤២​ភាគរយ​ទេ នៅ​ឆ្នាំ​១៩៦៧ ប្រជាជន​ប្រភេទ​នេះ​មាន​រហូត​ដល់​៦០​ភាគរយ ។

ចំពោះ​ជនជាតិ​វិញ ក្រុង​កំពង់សោម​មាន​ជនជាតិ​ខ្មែរ​ជាង​៨០​ភាគរយ ក្រៅពី​នេះ​មាន​ជនជាតិ​ចាម​(​ជាង​៥​ពាន់​នាក់​) ជនជាតិ​ស្អូច​(៧០​នាក់​) អាណិកជន​វៀតណាម និង​ចិន ដែល​រួម​មាន​ជាង​១០​ភាគរយ​នៃ​ប្រជាជន​របស់​ក្រុង​ទាំងមូល ។

សកម្មភាព​វិស័យ​កសិកម្ម​របស់​ក្រុង​កំពង់សោម ៖
១-​កៅស៊ូ ៖
ផ្ទៃដី​ដែល​អាច​ដាំ​កៅស៊ូ​បាន​របស់​ក្រុងមាន​ចំនួន​ប្រហែល​១.២០០​ហិ​កតា មុន​ឆ្នាំ​១៩៧៥ កៅស៊ូ​ដែល​ដាំ​ហើយ​មាន​ប្រហែល​ជិត​៤០០​ហិ​កតា ។ ក្នុង​សម័យ​សម្តេចព្រះ​នរោត្តម សីហ​នុ គេ​បាន​ធ្វើ​អាជីវកម្ម​យក​ជ័រ​បាន​ខ្លះ​ហើយ ។ ទិន្នផល​បាន​ប្រហែល​៨០០​គីឡូក្រាម ក្នុង​មួយ​ហិ​កតា ។ គេ​បាន​សង់រោង​ចក្រ​ចម្រាញ់​ជ័រ​ស្ងួត​នៅ​ទីនោះ​តែ​ម្តង បច្ចុប្បន្ន​នេះ រដ្ឋអំណាច​ក្រុង​បាន​គ្រប់គ្រង និង​ស្ថាបនា​ឡើង​វិញ​ចំការ​កៅស៊ូ​នេះ ។

២-​ឈើ ៖ ដូច​យើង​បាន​ជម្រាប​ពី​ខាងលើ​រួច​មក​ហើយ​ថា ក្រុង​កំពង់សោម​ពី​មុន​ជា​ព្រៃស្តុក ដែល​​ពុំដែល​មាន​មនុស្ស​ចូល​ទៅ​ដល់ ។​ការ​កាប់​ឆ្ការព្រៃ​ដើម្បី​វាតទី​ក្រុង និង​ដាំ​ដំណាំ​កាន់តែ​ធ្វើ​ឱ្យ​ព្រៃឈើ​ថមថយ​ជា​លំដាប់ ។ បច្ចុប្បន្ន​នេះ​តាម​ការ​ប៉ាន់​ប្រមាណ ផ្ទៃដី​គ្របដណ្តប់​ដោយ​ព្រៃ​ឈើ​មាន​ប្រហែល​២​ភាគ​៣ ។ ឈើ​ជា​មុខព្រួញ​សេដ្ឋកិច្ច​សំខាន់​មួយ​ដែរ​របស់​ទីក្រុង​កំពង់សោម ។ ផលិតផល​នា​ឆ្នាំ​១៩៨៧ មាន​ចំនួន​៤.៥០០​ម៉ែត្រគូប ឈើមូល​។ រដ្ឋអំណាច​ក្រុង​ក៏​ដូច​រដ្ឋ​អំណាច​មជ្ឈិម បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ក្នុង​ការ​ការពារ​ព្រៃឈើ​នេះ ក្នុង​ពេល​ធ្វើ​អាជីវកម្ម ព្រោះ​បើ​គ្មាន​វិធានការ​សម​ស្រប​ទេ​នោះ ធនធាន​នេះ​នឹង​ត្រូវ​វិនាស​អន្តរាយ​អស់ហើយ​បង្ក​ឱ្យ​មានការ​ប្រែប្រួល​ដល់​ធាតុអាកាស និង​បរិយាកាស​ថែម​ទៀត​ផង ។

៣-​ម្រេច ៖ ដី​ដែល​អាច​ដាំ​ម្រេច​បាន អ្នកឯកទេស​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រហែល​១.៤០០​ហិ​កតា ។ ម្រេច​ជា​ដំណាំ សំខាន់​មួយ​របស់​ក្រុង​កំពង់សោម​សម្រាប់​នាំ​ចេញ ។ តាម​ស្ថិតិ​នា​ឆ្នាំ​១៩៦៨ ផ្ទៃដី​ដាំ​ម្រេច​ហើយ​នៅ​កំពង់សោម​ក្រុងមាន​ចំនួន​២៥៤​ហិ​កតា បាន​ផល​៧៧៨​តោន នៅ​ស្រុក​ព្រៃ​នប់​មាន​ចំនួន​៣០៥​ហិ​កតា បាន​ផល​៨៨៣​តោន ។ នៅ​ពេល​សង្គ្រាម​៥​ឆ្នាំ និង​សម័យ​បន​ប៉ុ​ល ពត ដំណាំ​នេះ​ត្រូវ​ខូចខាត​អស់ ។

បច្ចុប្បន្ន​នេះ​ប្រជាជន​ចាប់​ដាំ​ដំណាំ​នេះ​ឡើង​វិញ តាំងពី​ឆ្នាំ​១៩៨២​មក ហើយ​មក​ដល់​ឆ្នាំ​១៩៨៨ ប្រជាជន​ដាំ​៦១,៨៩​ហិ​កតា ។ ផលិតផល​ដែល​សម្រេច​បាន​ឆ្នាំ​កន្លង​មក​(១៩៨៧)​នេះ​មាន​ចំនួន​៣២,៤​តោន​។ តាម​ការ​ដក​ពិសោធ​របស់​ប្រជាជន ដំណាំ​ម្រេច​នេះ​បាន​ទទួលផល​ទាប និង​អាយុ​ខ្លី​ជាង​ពី​មុន ដោយសារ​គេ​ដាំ​លើ​ដី​ចាស់​។ ចំពោះ​បញ្ហា​នេះ​យើង​មិន​ហ៊ាន​អារកាត់​ថា​យ៉ាងណា​ទេ ទុក​ជូន​អ្នកឯកទេស​សិក្សា​វិភាគ​ចុះ ។ ដំណាំ​ម្រេច​នេះ​កំពុង​មានការ​ផុលផុស​ណាស់​ក្នុង​ចំណោម​ប្រជាជន ហើយ​ផ្ទៃដី​ដំណាំ​នេះ ចេះ​តែ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។

៤-​ស្រូវ ៖ ផ្ទៃដី​ដែល​បាន​បង្កបង្កើន​ផលដំណាំ​ស្រូវ​នេះ​មាន ១១.៤០០​ហិ​កតា ។ ស្រែ​រដូវវស្សា​ឆ្នាំ​១៩៨៧ អនុវត្ត​បាន​៨.៨១២​ហិ​កតា ដូច្នេះ​នៅ​សល់​២.៥៨៨​ហិ​កតា​ទៀត​ពុំ​ទាន់​បាន​ស្ថាបនា​ឡើង​វិញ ។ ក្រៅពី​ដំណាំ​ខាងលើ​នេះ នៅ​មាន​ដំណាំ ផ្សេង​ៗ​ទៀត​ជា​ច្រើន ដែល​ប្រជាជន​បាន​អនុវត្ត​កន្លង​មក​ដូច​ជា​ស្វាយចន្ទី​, ទៀបបារាំង​, អំពៅ​, ម្នាស់ ។​ល​។

៥-​ជលផល ៖ ជលផល​ជា​មុខព្រួញ​សំខាន់​បំផុត​របស់​ក្រុង​កំពង់សោម ។

នៅ​តាម​ឆ្នេរសមុទ្រ​ក្នុងស្រុក​ព្រៃ​នប់ និង​តាម​មាត់​ព្រែក​នានា​សំបូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​ដុះ​ពាស​ពេញ ហើយ​មួយ​ភាគ​ធំ​នៃ​ព្រៃ​លិច​ទឹក​ទាំងនោះ គឺ​សុទ្ធ​ជា​ព្រៃកោងកាង ស្មាច់ ដែល​ជា​ជម្រក​យ៉ាង​សំខាន់​សម្រាប់​ត្រី​ពង និង​ជា​ប្រភព​ចំណី​របស់​ហ្វូង​ត្រី បង្គា និង​មច្ឆជាតិ ផ្សេង​ទៀត ។ ព្រៃ​លិច​ទឹក​ទាំងនោះ​មាន​ទំហំ​ប្រមាណ​ជាង​៣.៧០០​ហិ​កតា ។ ម្យ៉ាងទៀត សមុទ្រ​នេះ​ជាទី​ប្រសព្វ​នៃ​ចរន្តទឹក​ក្តៅ និង​ទឹក​ត្រជាក់ ទើប​បានជា​សមុទ្រ​កំពង់សោម​នេះ​សំបូរ​មច្ឆជាតិ​ជាងគេ ។

តាម​ការ​ស្រាវជ្រាវ​ជា​ជំហាន​ដំបូង​របស់​នាវា​សូ​វៀត នៅ​ក្រុង​កំពង់សោម ជា​រៀង​រាល់​ឆ្នាំ គេ​អាច​មាន​លទ្ធភាព​នេសាទ​បាន​ត្រី​គ្រប់​ប្រភេទ​២៥.០០០​តោន ។ មុន​ឆ្នាំ​១៩៧៥ ការ​នេសាទ​នៅ​ក្រុង​កំពង់សោម​បាន​បរិមាណ​ផល​ជា​រៀង​រាល់​ឆ្នាំ ២០.០០០​តោន ។ តាម​ការ​ប៉ាន់​ប្រមាណ​នៅ​មុន​ឆ្នាំ​១៩៧០ ការ​នេសាទ​សមុទ្រ​ទាំងអស់​មាន​ប្រហែល​៣០.០០០​តោន ប៉ុណ្ណោះ​។ ដូច្នេះ​សមុទ្រ​ក្រុង​កំពង់សោម​ផ្តល់​បរិមាណ​២​ភាគ​៣​នៃ​បរិមាណ​ផល​នេសាទ​សមុទ្រ​ទាំងអស់​នៃ​ប្រទេស ។

បច្ចុប្បន្ន​នេះ ការ​នេសាទ​ត្រី​នេះ​មាន​សកម្មភាព​រីក​ចម្រើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ តាម​ស្ថិតិ​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ចំនួន​ទូក​យន្ត​គ្រប់​ប្រភេទ​សរុប​មាន​ចំនួន​៨៩២​គ្រឿង និង​ទូក​ចែវ​ចំនួន​៣០០​គ្រឿង ដែល​កំពុង​ដំណើរការ​នេសាទ​នៅ​ក្រុង​កំពង់សោម​នេះ ។ នៅ​ឆ្នាំ​១៩៨៦ ផលិតផល​ដែល​បាន​ពី​នេសាទ​នេះ ក្នុង​១​ឆ្នាំ​មាន​ចំនួន​ប្រហែល​១.៧០០​តោន ទៅ​២.០០០​តោន ប៉ុណ្ណោះ (​ស្ថិតិ​បរិមាណ​ផលិតផល​នេះ​នៅ​ឃ្លាតឆ្ងាយ​ណាស់​ពី​បរិមាណ​ផល​មុន​ឆ្នាំ​១៩៧៥ ដូច្នេះ​ស្ថិតិ​នេះ​អាច​ខុស​ពី​ការណ៍​ពិត​ច្រើន​) ។

ក្រៅពី​វិស័យ​ទាំងឡាយ​ខាងលើ​នេះ ក្រុង​កំពង់សោម ថែម​ទាំង​ជា​មាត់ច្រក​នៃ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​មួយ​សំខាន់​របស់​ប្រទេស​ថែម​ទៀត​ផង ។ តាម​ការ​ប៉ាន់​ប្រមាណ​ពី​ទស្សនវិស័យ​នៃ​ការ​រីក​ចម្រើន​របស់​ក្រុង​កំពង់សោម​នេះ យើង​អាច​សន្និដ្ឋាន​ថា ក្រុង​នេះ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ប្រទេស​យើង​នា​ពេល​អនាគត​ខាង​មុខ​នេះ​ជា​មិន​ខាន ។

តាម​លោក​សាន សុ​មែន អតីត​គ្រូ​ពុទ្ធិកបឋមសិក្សា​វត្ត​ឥន្ទ​ញាណ​(​ក្រុងព្រះសីហនុ​) ដែល​គាត់​បាន​សាកសួរ ចាស់​ៗ​នៅ​ខាង​ខណ្ឌ​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា កំពង់សោម​មាន​ពីរ​គឺ​កំពង់សោម​លើ​ស្ថិត​នៅ​ភូមិ​ចំប៉ា (​ខណ្ឌ​ព្រៃ​នប់​) និង​កំពង់សោម​ក្រោម​ស្ថិត​នៅ​ក្នុងស្រុក​ស្រែអំបិល ។

បើ​យោង​តាម​ប្រសាសន៍​របស់​លោកតា​អាចារ្យ​ម៉ុ​ល សុខ ជា​ចាស់ទុំ​ធ្លាប់​រស់នៅ​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា បានជា​គេ​ហៅ​ថា​កំពង់សោម ព្រោះ​មាន​ប្រវត្តិ​តំណាល​មក​ថា កាល​ដើម​តាំងពី​យូរយារ​ណាស់​មក​ហើយ ស្រុកស្រែ​អំបិល​ដែល​ស្ថិត​នៅ​ក្នុង​ខេត្តកោះកុង​សព្វ​ថ្ងៃនេះ​មាន​ឈូង​សមុទ្រ​មួយ​លាតសន្ធឹង​ពី​ស្រុកស្រែ​អំបិល​រហូត​មក​ដល់​ក្រុងព្រះសីហនុ​បច្ចុប្បន្ន ទីនោះ​មាន​ព្រៃកោង​កាង និង​ព្រៃឈើ​គ្រប់​ប្រភេទ ហើយ​សម្បូរ​ទៅ​ដោយ​ផ្ដៅ​សោម ព្រមទាំង​មាន​សត្វ​ម្រឹគ​កាច​សាហាវ​​យ៉ាងច្រើន​ដូច​ជា​សត្វ​ខ្លា ដំរី​ជាដើម ។ រីឯ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​មាន​ចំនួន​តិចតួច​ណាស់​ដោយ​ប្រកប​របរ​ចិញ្ចឹមជីវិត​គឺ​ឡើង​ភ្នំ និង​ចុះ​សមុទ្រ​នេសាទ ។

ក្រៅពី​របរ​នេសាទ​ប្រជាជន​កាប់​ផ្ដៅ​សោម​អូស​បណ្ដែត​តាម​ទឹក​យក​ចត​នៅ​មាត់កំពង់ ។ ទីនោះ​សម្បូរ​ទៅ​ដោយ​ផ្ដៅ​សោម​ច្រើន​ណាស់ គេ​កាប់​យក​ស្លឹក​វា​មក​ប្រក់ផ្ទះ​សម្បែង​របស់​ពួក​គេ ។ ឯការ​អូស​ផ្ដៅ​សោម​ចត​នៅ​មាត់កំពង់​នេះ​ជា​រៀង​រាល់ពេល​ទៅ​ទើប​គេ​ហៅ​ទី​នេះ​ថា «​កំពង់​សោម» ។ ចំណែក​អ្នក​នៅ​ស្រុក​ខាងកើត​ដូច​ជា​ខាង​ខេត្តកំពង់ស្ពឺ​ជាដើម បើកាលណា​គេ​ចង់​មក​ស្រុក​ខាងលិច​គេ​តែង​និយាយ​ថា «​យើង​នាំ​គ្នា​ទៅ​កំពង់សោម​ៗ (​ក្នុងស្រុក​ស្រែអំបិល​ហ្នឹង​ឯង)»។

ហេតុ​ដែល​កំពង់សោម ប្តូរ​មក​ក្រុងព្រះសីហនុ​វិញ លោក​សាន សុ​មែន ឲ្យ​ដឹង​ថា យោង​តាម​ព្រះ​រាជ​ក្រម​លេខ ២៣៦​ន​.​ស ចុះ​ថ្ងៃ​ទី ២២ វិ​ច្ចិ​កា ១៩៥៧ ដោយ​ហ្លួង​សុរា​ម្រឹត យក​តំបន់​នោះ​ឈ្មោះ​ថា «​ក្រុង​កំពង់សោម» ដោយ​បាន​រដ្ឋសភា​អនុម័ត​នា​ថ្ងៃ​ទី ២១ សីហា ១៩៥៧ ។

លុះ​មក​ដល់​ឆ្នាំ​១៩៥៩ ក្រុង​កំពង់សោម បាន​ប្រែក្លាយ​មក​ជា​ក្រុងព្រះសីហនុ​វិញ តាម​ព្រះរាជ​ក្រម​លេខ ២៩៦​ន​.​ស ចុះ​ថ្ងៃ​ទី ២២ មក​រា ១៩៥៩ ក្រោយមក​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃ​ទី ៤ ធ្នូ ១៩៥៩ ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ របប​សាធារណរដ្ឋ​លន់ ន​ល់​បាន​ប្ដូរ​ឈ្មោះ​ក្រុង​ព្រះ​សី​ហុ​ន ជា​ក្រុង​កំពង់​សោម​ដូច​ដើម​វិញ​រហូត​មក​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​របប​រដ្ឋ​កម្ពុជា​ក៏​នៅ​តែ​ហៅ​ថា «​កំពង់សោម​»​ដដែល ។ លុះ​មក​ដល់​ឆ្នាំ​១៩៩៣ ក្រោយ​ពី​ខ្មែរ​បាន​រួបរួម​គ្នា​ឡើង​វិញ ក្រុង​កំពង់​សោម​ក៏​ត្រូវ​គេ​ហៅ​ថា​ក្រុង ព្រះ​សីហ​នុ​ដូច​ដើម​វិញ ។

លោក​សាន សុ​មែន បញ្ជាក់​ថា តាម​ប្រសាសន៍​របស់​ចាស់ទុំ​មួយ​ចំនួន​ដែល​ជា​មនុស្ស​រស់នៅ​ទី​ក្រុងព្រះសីហនុ តាំង​តែ​ពី​ដើម​ឡើយ​បាន​ឲ្យ​ដឹង​ថា ទី​នេះ (​ក្រុងព្រះសីហនុ​) កាលពី​មុនគេ​ហៅ​ថា ភ្នំ​ថ្ម​រាប ឬ​កោះពស់ ។ ក្នុង​សម័យ​ដែល​គេ​ហៅ​ថា ភ្នំ​ថ្ម​រាប ឬ​កោះពស់​នោះ​គឺជា​សម​យ័​ដែល​ទឹកដី​ខេត្តកោះកុង និង​ក្រុងព្រះសីហនុ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្តកំពត​ទាំងអស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ