ខេត្តកំពត ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកទឹកឈូសហការជាមួយនគរបាលក្រុងកំពតចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២២ មេសា ២០១៤ នៅក្នុងផ្ទះសំណាក់តាពៅ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បន្ទាប់ពីជនសង្ស័យប្រើហិង្សាលើស្ត្រីចំណាស់ម្នាក់ជាយាយខាងម្តាយចុងរបស់ខ្លួនប្លន់យកខ្សែ.កមាសទម្ងន់១តម្លឹងកាលពីរសៀលថ្ងៃទី២១ មេសា ២០១៤។
ជនសង្ស័យឈ្មោះសើស ហាស់ម៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានប្រពន្ធ និងកូន២នាក់ រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ។
តាមប្រភពបានឱ្យដឹងថា ជនសង្ស័យបានខ្ចីម៉ូតូគេជិះឌុបស្ត្រីចំណាស់ម្នាក់ដែលជាយាយខាងម្តាយចុងរបស់ខ្លួន ដោយកុហកស្ត្រីរូបនោះថា ទៅយកលុយបងប្អូនផ្ញើមកពីប្រទេសម៉ាឡេស៊ី ។ លុះពេលជិះទៅដល់ក្បែរភ្នំមួយឈ្មោះភ្នំខ្ពប ស្ថិតក្នុងភូមិដំណាក់ហ្លួង ជននោះបានឈប់ម៉ូតូរួចយកដំបងវាយទៅលើស្ត្រីរងគ្រោះចំពីក្រោយរបួសយ៉ាងដំណំ ហើយឆក់កន្ត្រាក់យកខ្សែ.កទម្ងន់១តម្លឹងពីស្ត្រីរងគ្រោះ តែយកបានតែ៥ជីជាងប៉ុណ្ណោះ ដោយសារខណៈពេលឆក់នោះខ្សែ.កបានដាច់ជា២-៣កំណាត់។
ប្រភពបន្តថា បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូដែលខ្ចីគេនេះយកទៅសងម្ចាស់គេវិញបានមួយសន្ទុះជននេះក៏ប្រាប់ឱ្យម្ចាស់ម៉ូតូឌុបគេទៅផ្សារកំពតដើម្បីដូរលុយ រួចឱ្យម្ចាស់ម៉ូតូឌុបបន្តទៅបេនឡានទៀត ។ បន្ទាប់ពីម្ចាស់ម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ ជននេះបានមកសម្ងំដេកក្នុងផ្ទះសំណាក់ខាងលើបានមួយយប់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ