រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ត្រូវអ្នកដំណើរចាប់វាយសំពងស្ទើរស្លាប់ស្ទើររស់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២០ មេសា នៅមុខផ្សារស៊ីធីម៉លស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា បន្ទាប់ពីកម្មករសំណង់រូបនោះបានធ្វើសកម្មភាពលួចកាបូបប្រាក់ និងទូរសព្ទ័ដៃភ្ញៀវចេញមកពីក្នុងផ្សារ ។
ជនសង្ស័យមានឈ្មោះជា ស៊ីថូ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ រីឯជនរងគ្រោះដែលត្រូវជនសង្សយ័លួចយកកាបូបប្រាក់ និងទូរសព្ទ័ដៃនោះឈ្មោះសំអាត ស្រីទូច ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាងអ៊ុតសក់ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ ។
លោកអនុសេនីយ៍ទោ រស់ ស៊ីណា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឲ្យដឹងថា នៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២០ មេសា មានករណីចោរលួចកាបូបប្រាក់ និងទូរសព្ទ័ដៃនៅមុខផ្សារស៊ីធីម៉ល ។ ប៉ុន្តែអំពើលួចនោះត្រូវបានម្ចាស់ប្រាក់គេដឹងខ្លួនទាន់ហើយស្រែកថា ចោរៗ ពេលនោះអ្នកដំណើរក៏ជួយចាប់បានចោរ និងព្រួតគ្នាវាយសំពងស្ទើរស្លាប់ស្ទើររស់ រួចប្រគល់ឲ្យសមត្ថកិច្ចនៅពេលក្រុមល្បាតទៅដល់ ។
ក្រោយពីប្រជាពលរដ្ឋប្រគល់ចោរនោះឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង់ បានដកហូតកាបូបដៃ ដែលមានប្រាក់ចំនួន៥០ដុល្លារអាមេរិក និងទូរសព្ទ័ដៃម៉ាកសាំសុង១គ្រឿងឲ្យទៅម្ចាស់វិញ។
ចែករំលែកព័តមាននេះ