រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុ ភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដីពីស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩)បានឲ្យដឹងថា តាមរយៈនៃការតាមដាននូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា កម្រិតសម្ពាធទាបនៅបន្តគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ទី១-នៅថ្ងៃ១២-១៥ ខែតុលា នៅតំបន់វាលទំនាបកណ្តាលនឹងអាចមានភ្លៀងពីតិចទៅមធ្យម និងបន្ទាប់មកចាប់ពីថ្ងៃទី១៦-១៨ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដោយក្នុងនោះក៏អាចមានផ្នែកខ្លះមានភ្លៀងច្រើនដោយអន្លើ ។ ទី២-តំបន់ខ្ពង់រាបនឹងអាចមានភ្លៀងពីតិចទៅមធ្យម។
ទី៣-តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ជាមួយគ្នានោះដែរក្រសួងបានឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចបន្តកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាប ។
ចែករំលែកព័តមាននេះ