រាជធានីភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចប្រមាណ៤៥រូប មកពីទីក្រុងសៀងហៃ ប្រទេសចិន បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ និងពង្រីកការបណ្តាក់ទុននៅកម្ពុជា។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក ឈាន ជិនហ័រ ប្រធានសមាគមសហប្រតិបត្តិការអន្តរជាតិនៃសហគ្រាសធុនតូច និងមធ្យមទីក្រុងសៀងហៃ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួបនេះ លោក ជា វុទ្ធី បានជំរុញឱ្យសមាគមទាក់ទាញវិនិយោគិនបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ជាពិសេសការផលិតវត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងវិនិយោគលើការកែច្នៃកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងស្រូវអង្ករ។
គណៈប្រតិភូដែលមានក្រុមហ៊ុនក្នុងវិស័យសំណង់ វាយនភណ្ឌ បច្ចេកវិទ្យាកសិកម្ម បរិស្ថាន ឌីជីថល ឧបករណ៍វេជ្ជសាស្ត្រ និងភស្តុភារកម្ម បានទទួលព័ត៌មានអំពីបរិយាកាសវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងឱកាសក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុនទាំងនេះក៏បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសលើការវិនិយោគកែច្នៃស្វាយចន្ទីផងដែរ។
ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅខេត្តកំពង់ធំ ដោយគ្រោងផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេសបន្ថែមពីលើច្បាប់វិនិយោគ។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅទាក់ទាញទុនវិនិយោគ បង្កើនសមត្ថភាពកែច្នៃកសិផលក្នុងស្រុក និងពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ