សហរដ្ឋអាមេរិកស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ១៨%
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកនៅថ្ងៃនេះ បានស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី ១០% ទៅ១៨% ក្រោមមាត្រា៣០១នៃច្បាប់អាមេរិក ។ នេះបើតាមលោកCasey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា(Amcham )។

លោកCasey Barnett បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា «សហរដ្ឋអាមេរិកនៅថ្ងៃនេះ បានស្នើដំឡើងពន្ធគយលើទំនិញកម្ពុជាពី១០% ទៅ១៨% ក្រោមមាត្រា៣០១ នៃច្បាប់អាមេរិក ។ អត្រានេះ នឹងកើនដល់ ២៥% ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ឬមិនបានបំពេញលក្ខខណ្ឌផ្សេងទៀត ។
លោកបានលើកឡើងថា សម្រាប់កម្ពុជា នេះទំនងជាអត្រាពន្ធចុងក្រោយរបស់អាមេរិកសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ។ នេះមិនមែនជារឿងល្អទេ ប៉ុន្តែក៏មិនមែនជាមហន្តរាយដែរ ។ ប្រទេសជាច្រើននៅលើពិភពលោក ទទួលរងពន្ធមាត្រា៣០១ ត្រឹមតែ១០% ប៉ុណ្ណោះ ។ ក្នុងនោះ មានប្រទេសដែលប្រកួតប្រជែងជាមួយសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ដូចជា ប៉ាគីស្ថាន ស្រីលង្ការ និងហ្គាតេម៉ាឡា ។
ជាងនេះទៅទៀត ប្រទេសមួយចំនួនដូចជា ហ្គាតេម៉ាឡា និងម៉ិកស៊ិក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដូច្នេះ ប្រទេសទាំងនោះមិនបង់ពន្ធ MFN(ប្រទេសមានអនុគ្រោះបំផុត)ទេ ។ ជាលទ្ធផល ម៉ាកយីហោមួយចំនួន អាចផ្លាស់ប្តូរការបញ្ជាទិញទៅប្រទេសទាំងនោះ ដើម្បីចៀសវាងអត្រា១៨% ។
លោក Casey Barnett បានលើកឡើងថា យ៉ាងណាក៏ដោយ អត្រា១៨% មិនមែនជាមហន្តរាយទាំងស្រុងនោះទេ ព្រោះគូប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា ដូចជា ឥណ្ឌូនេស៊ី និងបង់ក្លាដែស ក៏ទទួលបានអត្រា១៨% ដូចគ្នា ចំណែកវៀតណាមរំពឹងថានឹងទទួលរងអត្រា២០% ។
ពន្ធថ្មី ១៨% ដែលស្នើលើកម្ពុជា គឺជាការជំនួសពន្ធបដិការក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) របស់សហរដ្ឋអាមេរិក ដែលបានប្រកាសនៅខែមេសា ឆ្នាំ២០២៥ ។ អត្រានោះ ចាប់ផ្តើមពី៤៩% ហើយត្រូវបានបញ្ចុះមកត្រឹម១៩%។ នៅទីបំផុត តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចថា ពន្ធ IEEPA គឺខុសច្បាប់ ហើយពន្ធ IEEPA ត្រូវបានលុបចោលទាំងស្រុង ។
ជាការឆ្លើយតប រដ្ឋបាលលោក ត្រាំ បានជ្រើសរើសធ្វើការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ក្រោមច្បាប់អាមេរិកដែលគេហៅថា មាត្រា៣០១ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត ។
ការស៊ើបអង្កេតថ្មីបំផុតបានរកឃើញថា កម្ពុជាប្រកួតប្រជែងដោយមិនយុត្តិធម៌ជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្តល់ការលើកទឹកចិត្តវិនិយោគដល់រោងចក្រផលិតដែលនាំចេញទៅសហរដ្ឋអាមេរិក ការពឹងផ្អែកលើការវិនិយោគរបស់ចិន និងការពឹងផ្អែកលើវត្ថុធាតុដើមរបស់ចិន ។
ពន្ធ១៨% នឹងត្រូវដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២៧ ប្រហែលជានៅខែមីនា ឆ្នាំ២០២៧។ នីតិវិធីតាមច្បាប់ រួមមានសវនាការសាធារណៈនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៧ និងការដាក់ឯកសារជាលាយលក្ខណ៍អក្សរដោយភាគីពាក់ព័ន្ធ ដែលត្រូវដាក់ឱ្យបានត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៧ ។
សហរដ្ឋអាមេរិកបានស្នើសុំមតិយោបល់ម្តងទៀតថា តើគួរផ្តល់យន្តការវាយនភណ្ឌដែលអនុញ្ញាតឱ្យសម្លៀកបំពាក់កម្ពុជាក្នុងបរិមាណកំណត់មួយដែលប្រើកប្បាសអាមេរិក អាចត្រូវបានលើកលែងពីអត្រា១៨% ដែរឬទេ ៕

ចែករំលែកព័តមាននេះ