បុរសម្នាក់តខ្សែភ្លើងឆ.ក់ត្រីក្នុងប្រឡាយមុខផ្ទះ ស្រាប់តែជួបគ្រោះអកុសលត្រឹមមួយប៉ប្រិចភ្នែក
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលបុរសខាងលើបានតខ្សែភ្លើងដើម្បីឆក់ត្រីក្នុងប្រឡាយមុខផ្ទះ ហើយភ្លាត់ស្នៀតក៏ឆក់ខ្លួនឯងស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល បើទោះបីជាសាច់ញាតិព្យាយាមដឹកយកទៅសង្គ្រោះ ប៉ុន្តែហួសពេលទៅហើយ។
ករណីបុរសម្នាក់តខ្សែភ្លើងឆក់ត្រី ហើយភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឲ្យដឹងថា បុរសដែលត្រូវខ្សែភ្លើងឆក់ស្លាប់ឈ្មោះ ហាន ហឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុបុរសខាងលើ បានតខ្សែភ្លើងចេញពីផ្ទះប្អូនថ្លៃ ដែលមានឈ្មោះ ស៊ី ថាវ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅផ្ទះជិតគ្នា ដើម្បីឆក់ត្រីនៅចំណុចប្រឡាយមុខផ្ទះ ចម្ងាយប្រមាណ ១០ម៉ែត្រ។ ពេលកំពុងតែតខ្សែភ្លើងនោះ បណ្តាលឱ្យឆក់ខ្លួនឯងតែម្តង ពេលឃើញដូចនោះ សាច់ញាតិក្រុមគ្រួសារបានដឹកបញ្ជូន បុរសខាងលើទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះ ប៉ុន្តែពេលដឹកទៅដល់មន្ទីរពេទ្យ បុរសខាងលើបានស្លាប់បាត់ទៅហើយ។
នគរបាលស្រុកបានបន្តឲ្យដឹងទៀតថា ចំពោះករណីនេះ ក្រុមគ្រួសារទទួលស្គាល់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារតែខ្សែភ្លើងឆក់ ពិតប្រាកដមែន ។
នគរបាលស្រុកបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យកោសល្យវិច័យរួចរាល់ហើយ នគរបាលបានប្រគល់សព ទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ