រាជធានីភ្នំពេញ៖ កម្ពុជាបានបើកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីលើកទី៦ ឆ្នាំ២០២៦ ជាផ្លូវការ ដោយមានប្រទេសចំនួន៩ចូលរួមប្រកួតលើ៥៥វិញ្ញាសា។ ពិធីបើកធ្វើឡើងនារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងមុខងារសាធារណៈ។
ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានប្រទេសចូលរួមចំនួន៩ រួមមាន កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន និងវៀតណាម។ ក្នុងចំណោម៥៥វិញ្ញាសា មាន១២វិញ្ញាសាសម្រាប់អាយុក្រោម១៨ឆ្នាំ និង៤៣វិញ្ញាសាសម្រាប់អាយុ១៨ឆ្នាំឡើងទៅ។
ក្នុងពិធីបើក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការប្រកួតនេះមិនត្រឹមតែជាឱកាសបង្ហាញសមត្ថភាពកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាឱ្យយុវជនអាស៊ីជួបជុំ សិក្សាយល់ដឹងពីគ្នា និងកសាងចំណងមិត្តភាព។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឱ្យប្រកួតអស់ពីសមត្ថភាព គោរពបទបញ្ជា និងគូប្រកួត ព្រមទាំងជំរុញអាជ្ញាកណ្តាលឱ្យបំពេញភារកិច្ចដោយសុចរិតភាព និងអព្យាក្រឹតភាព។
ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាកម្រិតអាស៊ីនេះ ជាឱកាសសម្រាប់កម្ពុជាបង្ហាញសមត្ថភាពរៀបចំការប្រកួតអន្តរជាតិ ពង្រឹងទំនាក់ទំនងមិត្តភាព និងជំរុញសាមគ្គីភាពរវាងយុវជន និងប្រទេសចូលរួមទាំង៩៕
ចែករំលែកព័តមាននេះ