រាជធានីភ្នំពេញ៖ មន្ត្រីក្រសួងកសិកម្មកម្ពុជា បានបន្តទស្សនកិច្ចសិក្សានៅទីក្រុងកឹនថឺ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីបច្ចេកទេសផលិតស្រូវបៃតង កាត់បន្ថយការបំភាយឧស្ម័ន និងជំរុញកសិកម្មប្រកបដោយចីរភាព។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយលោក ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្រោមគម្រោងកាត់បន្ថយការបំភាយឧស្ម័នក្នុងផលិតកម្មស្រូវ ដែលសម្របសម្រួលដោយអង្គការ GIZ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនេះ គណៈប្រតិភូបានចូលរួមសិក្ខាសាលាអន្តរជាតិចំនួន២ ស្តីពីអនាគតស្រូវបៃតង និងការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនក្នុងវិស័យកសិកម្ម ដោយផ្តោតលើការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល ការដាំដុះបញ្ចេញឧស្ម័នតិច និងការគ្រប់គ្រងចំបើង ព្រមទាំងការចែករំលែកវឌ្ឍនភាពគម្រោង។
គណៈប្រតិភូក៏បានចុះសិក្សាផ្ទាល់នៅខេត្តដុងថាប ដើម្បីឈ្វេងយល់ពីការកែច្នៃចំបើងជាជីកំប៉ុស ការបណ្តុះផ្សិតពីចំបើងស្រស់ និងប្រព័ន្ធវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់លទ្ធផល ព្រមទាំងផ្លាស់ប្តូរបទពិសោធជាមួយប្រទេសជាសមាជិកគម្រោង។
ការសិក្សានេះផ្តល់ឱកាសឱ្យមន្ត្រីកសិកម្មកម្ពុជាឈ្វេងយល់ពីបច្ចេកទេស និងនវានុវត្តន៍ថ្មីៗ ដើម្បីយកមកជាមូលដ្ឋានជំរុញផលិតកម្មស្រូវ កាត់បន្ថយការបំភាយឧស្ម័ន និងប្រើប្រាស់សំណល់កសិកម្មឱ្យមានប្រយោជន៍ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕
ចែករំលែកព័តមាននេះ