រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានជំងឺបេះដូង និងលើសឈាម ទន់ដៃទន់ជើងធ្វើការរកស៊ីអត់កើតរយៈពេល២ឆ្នាំមកហើយ ស្រាប់តែចុងក្រោយ ក៏ប្រកាច់នៅក្នុងបន្ទប់ជួលមួយកន្លែង។ ពេលនោះបានធ្វើឲ្យឪពុកម្ដាយភ័យស្លន់ស្លោខ្លាំងណាស់ ក៏ដឹកកូនប្រុសរូបនេះតាមម៉ូតូ១គ្រឿងទៅកាន់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុវណ្ណ បុញ្ញា ដើម្បីសង្គ្រោះបន្ទាន់។ ពេលទៅដល់ គ្រូពេទ្យមិនហ៊ានទទួលព្យាបាលនោះទេ និងប្រាប់ឲ្យយកទៅមន្ទីរពេទ្យផ្សេងទៅ ប៉ុន្តែឪពុកម្ដាយយុវជនរូបនោះ បានអង្វរឲ្យជួយខ្លាំងពេក ទើបគ្រូពេទ្យមិនដាច់ចិត្តក៏ព្រមជួយ ប៉ុន្តែមិនអាចជួយបានឡើយ ហើយយុវជននោះក៏បានស្លាប់បាត់ទៅ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង២០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺសុវណ្ណ បុញ្ញា ដែលមានទីតាំងស្ថិតនៅក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុវជនដែលស្លាប់ឈ្មោះ កយ គឹមហ៊ុយ អាយុ២២ឆ្នាំ មានទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង និងស្នាក់នៅផ្ទះជួលក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល ។
ឪពុកម្ដាយយុវជនខាងលើបាននិយាយថា កូនប្រុសគាត់រូបនេះមានជំងឺបេះដូង និងលើសឈាម មានអាការៈទន់ដៃទន់ជើងធ្វើការងារអត់កើត និងដេកតែនៅក្នុងបន្ទប់ជួលអស់រយៈពេល២ឆ្នាំមកហើយ ព្យាបាលមិនជាសោះ។ ដោយឡែក នៅវេលារសៀលថ្ងៃកើតហេតុ ស្រាប់តែប្រកាច់នៅក្នុងបន្ទប់ជួល ដែលបានធ្វើឲ្យពួកគាត់មានការភិតភ័យខ្លាំងណាស់ ក៏បានដឹកកូនប្រុសរូបនេះតាមម៉ូតូទៅកាន់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុវណ្ណ បុញ្ញា ខាងលើដើម្បីសង្គ្រោះបន្ទាន់។ ពេលទៅដល់គ្រូពេទ្យមិនហ៊ានទទួលព្យាបាលទេ និងប្រាប់ឲ្យយកទៅមន្ទីរពេទ្យផ្សេងទៅ ប៉ុន្តែពួកគាត់បានអង្វរឲ្យគ្រូពេទ្យជួយកូនគាត់ផង ទើបគ្រូពេទ្យមិនដាច់ចិត្ត និងព្រមជួយសង្គ្រោះ ។
ពួកគាត់បានប្រាប់ឲ្យដឹងបន្តថា ជំហានដំបូងគ្រូពេទ្យបានដាក់អុកស៊ីហ្ស៊ែនឲ្យ ហើយអាការៈជំងឺក៏បានធូរស្រាលបន្តិចឡើងវិញ លុះរយៈពេល១ម៉ោងក្រោយមក ទើបគ្រូពេទ្យដាក់សេរ៉ូមដបតូច១ដប ។ ប៉ុន្តែក្រោយពេលដាក់សេរ៉ូមបានរយៈពេល១៥នាទី កូនប្រុសគាត់ក៏ស្រាប់តែស្លាប់បាត់បង់ជីវិតតែម្ដង ដោយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាននោះឡើយ ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលស្លាប់សពយុវជននោះត្រូវបានតម្កល់នៅមុខគ្លីនិកខាងលើ រង់ចាំការធ្វើកោសល្យវិច័យពីសំណាក់កម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកឪពុកម្ដាយយុវជននេះមិនបានប្ដឹងផ្ដល់អ្វីឡើយ ហើយពួកគាត់ និងយកសពកូនប្រុសទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ក្រោយពេលនគរបាលពិនិត្យកោសល្យវិច័យរួចរាល់ ៕


ចែករំលែកព័តមាននេះ