រាជធានីភ្នំពេញ ៖ អគារអតីតសាកលវិទ្យាល័យ Excelpolitan University ដែលត្រូវបានសមត្ថកិច្ចប្លុមបេ បន្ទាប់ពីធ្វើការឡោមព័ទ្ធបង្ក្រាបល្បែងស៊ីសងតាមអនឡាញក្នុងអគារសាកលវិទ្យាល័យនេះ ឃាត់ខ្លួនជនជាតិចិនស្រីប្រុស ចំនួន១០៥នាក់កន្លងមកនេះ ត្រូវបាននគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃចុះកាត់សោបើកប្រគល់ឲ្យម្ចាស់វិញហើយ
កាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១០ ខែតុលា ។

គួរបញ្ជាក់ថា អតីតសាកលវិទ្យាល័យ Excelpolitan University ជាអគារកម្ពស់៦ជាន់ ស្ថិតនៅតាមផ្លូវណតប្រ៊ីតចំណុចស្ពានអាកាសផ្សារដីហុយ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អគារសាកលវិទ្យាល័យនេះ បានត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការឡោមព័ទ្ធ និងឆែកឆេរបង្ក្រាបល្បែងស៊ីសងតាមអនឡាញ ដោយឃាត់ខ្លួនជនជនជាតិចិនចំនួន១០៥នាក់ ក្នុងនោះមានស្រីចំនួន១០នាក់កាលពីព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតកុំព្យទ័រលើតុ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៨០គ្រឿង ។ បន្ទាប់ពីប្លុមបេអគារ ម្ចាស់ក៏បានស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចដោយមានការចូលរួមពីព្រះរាជអាជ្ញារងផងនោះ បានកាត់សោបើកប្រគល់ឲ្យម្ចាស់វិញហើយ ។
តាមពិតទៅ អគារដែលសមត្ថកិច្ចបើកទ្វារ ប្រគល់ឱ្យម្ចាស់វិញនេះ មិនមែនជាសាកលវិទ្យាល័យ Excelpolitan University ទៀតនោះទេ ព្រោះសាកលវិទ្យាល័យនេះបានបិទទ្វារឈប់រៀនរាប់ឆ្នាំមកហើយ ។ បន្ទាប់ពីបង្ក្រាបជនជាតិចិននៅក្នុងអគារនេះ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៍និងងឿងឆ្ងល់ថា ហេតុអ្វីសាលារៀនសោះបែរជាបើកល្បែងស៊ីសងបែប នេះទៅវិញ ។

ជុំវិញការងឿងឆ្ងល់នេះ កោះសន្តិភាពបានទទួលព័ត៌មានថា អគារដែលជាទីតាំងប្រព្រឹត្តល្បែងស៊ីសងនេះ មានកម្ពស់៦ជាន់ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវណតប្រ៊ីត ជាប់ស្ពានអាកាសផ្សារដីហុយ ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ពិតជាបានដាក់ឈ្មោះថា សាកលវិទ្យាល័យ Excelpolitan University មែន ។
តាមព័ត៌មានឲ្យដឹងថា ដើមឡើយទីតាំងនោះជាសាកលវិទ្យាល័យ ដែលនិស្សិតខ្មែរនិងបរទេសមកក្រេបជញ្ជក់យកចំណេះដឹង តែមិនដឹងថាមូលហេតុអ្វីនោះទេ បានជាច្រើនឆ្នាំមកហើយត្រូវបានបិទទ្វារ ដែលអ្នកខ្លះថាប្រមាណ២ទៅ៣ឆ្នាំមកហើយ ស្រាប់តែសាកលវិទ្យាល័យនេះឈប់ដំណើរការ មិនដឹងថាមកពីលែងមាននិស្សិតរៀនឬក៏ក្ស័យធននោះទេ ។ បន្ទាប់ពីឈប់ដំណើរការ ម្ចាស់ក៏ដាក់ស្លាកជួល ហើយត្រូវបានជនជាតិចិនជួលយកធ្វើជាទីតាំងប្រព្រឹត្តបទល្មើសល្បែងតាមអនឡាញ និងត្រូវបានសមត្ថកិច្ចបង្ក្រាប។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធអតីតសាកលវិទ្យាល័យខាងលើ និងឆែកឆេរបង្ក្រាបល្បែងស៊ីសងតាមអនឡាញ ។
ប្រតិបត្តិការនេះបានបញ្ចប់នាវេលាម៉ោងប្រមាណជាង១០យប់ ដោយសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន១០៥នាក់ ក្នុងនោះមានស្រីចំនួន១០នាក់ ដកហូតកុំព្យទ័រលើតុដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៨០គ្រឿង ។ជនជាតិចិនរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់ ៕






ចែករំលែកព័តមាននេះ