ស្ត្រីៗដែលមានស្វាមី ឬគូកំណាន់មានចរិតរាងខិលរាងខូចបន្តិច សូមប្រយ័ត្នពីព្រោះបុរសៗខ្លះអាចនឹងប្រើប្រាស់មធ្យោបាយនៃការណាត់ជួបគ្នាជាមួយនឹងដៃគូផ្សេងតាមវិធីសាស្ត្រដ៏សាមញ្ញបំផុត ដែលអាចនឹងមិននឹកស្មានដល់ ។
វិធីសាស្ត្រនោះត្រូវបានគេដឹងថា គឺការណាត់ជួបគ្នាដោយមិនចាំបាច់ប្រើប្រាស់រថយន្ត ឬម៉ូតូអ្វីឡើយ គឺគេណាត់គ្នាដោយជិះកង់ ហើយបបួលគ្នាចូលទៅផ្ទះសំណាក់ ឬកន្លែងមនោរម្យណាមួយដែលគេបានកំណត់គោលដៅ ។
ពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការណាត់ជួបគ្នាបែបថ្មីនេះ សូម្បីតែលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយបច្ចុប្បន្ន ជាសមាជិកសភាមួយរូបក៏ចាប់អារម្មណ៍ ហើយចែករំលែកនៅលើបណ្តាញសង្គមរបស់លោកផងដែរ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។
លោកបានចែករំលែកនូវរូបភាពមួយប៉ុស្តិ៍ដែលផ្តិតយករូបភាពនៃទីតាំងមួយដែលប្រហែលជាផ្ទះសំណាក់មួយកន្លែង និងមានកង់ដែលគេនិយមជិះហាត់ប្រាណ១គូដាក់ទន្ទឹមគ្នា ។ ដោយទីតាំងនោះ ត្រូវបានគេដឹងថា V05 ជាមួយនឹងការសរសេរដ៏ខ្លីមួយថា «ពូកែបង្កប់ GPS តាមឡានពេក អញប្រើកង់ម្តង » ។
ជាមួយនឹងការផុសនេះ មានអ្នកដែលចុច like រហូតដល់ទៅ៨,៤ K អ្នកចូលរួមបញ្ចេញយោបល់មានដល់ទៅ៤៣១ និង អ្នកចែករំលែកតសរុប ២៩៩ គិតត្រឹម ព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង៣៥ នាទី ។
នៅក្នុងចំណោមអ្នកដែលបញ្ចេញទស្សនៈនេះ មានអ្នកខ្លះលើកឡើងថា «លោកឪតាមទាន់ trend (និន្នាការ)ទៀត»ហើយអ្នកខ្លះ «គិតទៅប្រុសព្រានមានល្បិចកលច្រើនគួរសមប៉ា» ដោយឡែកខ្លះក៏បន្ទរតាម «ចឹងបានគេចូលចិត្តជិះកង់លោកពូ» ។ ល។
ក្រៅពីនោះ ក៏មានអ្នកខ្លះបានបង្ហាញនូវវិធីសាស្ត្រទប់ស្កាត់ជួបស្ត្រីៗដែលមានស្វាមី ឬក៏ដៃគូដែលចូលចិត្ត មានការណាត់ជួបបែបនេះបន្ថែមទៀតផងដែរ ។ នាសម័យបញ្ញាសិប្បនិម្មិតដែលហៅកាត់ថា AI កំពុងរីកចម្រើនមធ្យោបាយនៃការណាត់ជួបក៏សំបូរបែបហើយក៏កាន់តែមានប្រសិទ្ធភាព ខណៈដែលមធ្យោបាយនៅក្នុងការតាមដាន ឬភាសាពេញនិយមឥឡូវគេហៅថា Track Down ក៏កាន់តែមានប្រសិទ្ធភាពដែរ។
ជាទូទៅ បុរសខិលហើយខូចតែងតែសំបូរល្បិចហើយឆ្លៀត ខណៈដែលស្ត្រីដែលមានដៃគូជីវិតចរិតបែបនេះក៏មានភាពបត់បែនខ្ពស់ ។ កន្លងមក ស្ត្រីខ្លះដែលទ្រាំមិនបាន ហើយហត់នឿយនឹងការតាមតានក៏សម្រេចចិត្តចែកផ្លូវគ្នា ឬក៏ធ្វើសកម្មភាពផ្សេងៗដែលធ្លាប់បានដឹងបានឃើញពីមុនមក ។
នៅពេលដែលជួបរឿងនេះ បុរសនិងស្ត្រី សូមទុកកិត្តិយស និងទុកកេរ្តិ៍ឈ្មោះឲ្យគ្នា ជាពិសេសគឺកូនៗកុំឆេវកុំឆាវ ព្រោះវាប៉ះពាល់ដល់សតិអារម្មណ៍កូនៗ ហើយក៏អាចប៉ះពាល់ការងារ ដោយរួមទាំងផលអវិជ្ជមានផ្សេងៗទៀត ជាពិសេស គឺសកម្មភាពណាដែលអាចនឹងត្រូវគេវាយបកមកវិញ ហើយធ្វើឲ្យយើងក្លាយជាជនរងគ្រោះ ។
ចែករំលែកព័តមាននេះ