រាជធានីភ្នំពេញ ៖ ទីបំផុតប្រធានផ្សារទួលពង្រ ២នាក់ប្ដីប្រពន្ធ ត្រូវបានកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី១ ព្រមទាំងមេភូមិ និងប្រជាការពារធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ ចាត់ការតាមច្បាប់ហើយ ។

បន្ទាប់ពីបានរកឃើញថា ប្រធានផ្សារខាងលើ គឺជាអ្នករៀបចំផែនការ និងបញ្ជាឲ្យសន្តិសុខ២នាក់ដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋក្រីក្រលក់ដូរបន្តិចបន្តួច នៅតាមចិញ្ចើមថ្នល់សាធារណៈគ្រាន់បានប្រាក់ខ្លះចិញ្ចឹមក្រពះដោយគ្មានការលើកលែង ធ្វើដូចផ្លូវសាធារណៈ គឺជាទីផ្សារដែលខ្លួនគ្រប់គ្រងវិនិយោគអ៊ីចឹង ។
សន្តិសុខ២នាក់ខាងលើ ត្រូវបានចាប់ខ្លួនមុន ហើយពួកគេពុំបានរែកពន់នូវទោសកំហុសដែលបានប្រព្រឹត្តខុសតែ២នាក់នោះទេ នៅពេលដែលនគរបាលធ្វើការសួរនាំពីមេខ្លោងដែលនៅពីក្រោយខ្នង ក្នុងការដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋនោះ អ្នកទាំង២ក៏បានសារភាពប្រាប់នគរបាលថា ប្រធានផ្សារទួលពង្រ២នាក់ប្ដីប្រពន្ធខាងលើ គឺជាអ្នកបញ្ជាពួកខ្លួន ។

ការឃាត់ខ្លួនប្រធានផ្សារទួលពង្រ ២នាក់ប្ដីប្រពន្ធនោះបានធ្វើឡើង កាលពីវេលាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយអ្នកទាំង២ ចូលស៊ងដោយខ្លួនឯង គឺខណៈដែលសមត្ថកិច្ចកំពុងរកមុខដូចបូស ស្រាប់តែឃើញធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនតែម្ដង ។
ជនសង្ស័យខាងលើ ប្ដីឈ្មោះ ប៊ុន ស៊ិន អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ណៃ ដាណែត អាយុ៣៩ឆ្នាំ អ្នកទាំង២នេះ គឺជាប្រធានផ្សារទួលពង្រ មានទីលំនៅភូមិត្រពាំងរំចេក សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែក អ្នកទទួលបញ្ជាឲ្យដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋនោះមាន២នាក់ ក្នុងនោះម្នាក់ឈ្មោះម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សា ម៉ាក់ឆាន ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ គឺសន្តិសុខផ្សារទួលពង្រ ស្នាក់នៅក្នុងផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវអាជ្ញាធរឃាត់ខ្លួននៅវេលាព្រឹកថ្ងៃដដែល ខណៈកំពុងដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវទួលពង្រ ត្រង់ចំណុចមុខរោងចក្រ ហុង វ័ន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលលក់ដូរ នៅតាមចញ្ចើមផ្លូវនោះ មិនធំដុំនោះទេ ខ្លះលក់សម្ភារៈប្រើប្រាស់ផ្សេងៗ ខ្លះលក់បន្លែ ផ្លែឈើ ត្រីសាច់ ចំណីចំណុក និងលៀសហាលជាដើម គ្រាន់បានប្រាក់ចំណេញចិញ្ចឹមជីវិតទាំងការលំបាកលំបិន ប៉ុន្តែពួកាត់ត្រូវបានតម្រូវឲ្យបង់ប្រាក់កន្លែងលក់ប្រចាំខែជារៀងរាល់ខែ ។
ក្នុងនោះ ១កន្លែងចាប់ចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារឡើងទៅតាមប្រភេទអីវ៉ាន់ ដែលដាក់លក់នៅក្នុង១ខែៗ សូម្បីអ្នកលក់លៀសហាល តាមកង់ក៏ត្រូវបង់១ខែ២០ដុល្លារដែរ ដោយសន្តិសុខផ្សារទួលពង្រ២នាក់ខាងលើនោះ គឺជាអ្នកដើរប្រមូល ប៉ុន្តែពុំដឹងថា ការប្រមូលប្រាក់ពីប្រជាពលរដ្ឋនេះ ពាក់ព័ន្ធជាមួយ និងផ្សារទួលពង្រ ឬអត់នោះទេ ។
ប្រភពដដែលបានប្រាប់ទៀតថា ដោយសារតែរកស៊ីកំប៉ិចកំប៉ុកតាមរទេះ តាមរ៉ឺម៉ក តាមកង់ និងម៉ូតូ ដែល១ថ្ងៃៗចិញ្ចឹមឆ្នាំងស្ទើរមិនគ្រប់ផង ហើយងាកៗដល់ថ្ងៃដល់ខែត្រូវបង់ប្រាក់កន្លែងលក់ដូរទៀតនោះបានធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយ ហើយក៏បានរាយការណ៍រៀបរាប់ពីផលលំបាកជូនអាជ្ញាធរខណ្ឌមូលដ្ឋានរបស់ខ្លួន ។
ក្រោយពីទទួលបានដំណឹងនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកសក់ ច័ន្ទកញ្ញារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនៅវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ។
ប្រភពមួយនោះបានបញ្ជាក់ប្រាប់ទៀតថា បន្ទាប់មកបានបញ្ជូនទៅកាន់ប៉ុស្តិ៍ចោមចៅទី១ ដើម្បីធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ហើយសន្តិសុខ២នាក់នោះ បានសារភាពថា ឈ្មោះ ណៃ ដាណែត និងប្ដីឈ្មោះ ប៊ុន ស៊ិន ដែលជាប្រធានផ្សារទួលពង្រ គឺជាអ្នកបញ្ជាឲ្យពួកខ្លួនដើរប្រមូលលុយភាស៊ីពីប្រជាពលរដ្ឋដែលលក់ដូរនៅតាមចញ្ចើមថ្នល់នោះ ។
លុះដល់វេលាល្ងាថ្ងៃទី១៣ ខែឧសភាដដែលនោះ ខណៈពេលដែលនគរបាលកំពុងសាកសួរសន្តិសុខ២នាក់នោះមិនទាន់ចប់ផង ស្រាប់តែឃើញប្រធានផ្សារទួលពង្រ២នាក់ប្ដីប្រពន្ធខាងលើនោះ ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី១ ប៉ុន្តែពុំដឹងថា ប្រុងទៅរត់ការដោះលែងសន្តិសុខរបស់ខ្លួន២នាក់នោះ ឬទៅមានការអ្វីផ្សេងទេ ។ ខណៈនោះក៏ត្រូវបានកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី១ ព្រមទាំងមេភូមិ និងប្រជាការពារបានធ្វើការឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី១ យកទៅសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់តែម្ដង ៕
ចែករំលែកព័តមាននេះ