ខេត្តព្រះវិហារ ៖ រថយន្តកាមរីស៊េរី៩៥មួយគ្រឿងបានបើកប៉ះគ្នាជាមួយរថយន្តរបស់មន្ត្រីប៉េអឹមក្រុងព្រះវិហារម្នាក់បណ្តាលឱ្យរថយន្តកាមរីស៊េរី៩៥ក្រឡាប់ធ្លាក់ស្នាមភ្លោះក្អួតចេញសុទ្ធតែឈើគ្រញូង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ មេសា ២០១៤ ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហ៊ាល ក្រុងព្រះវិហារ។
តាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកកាមរីស៊េរី៩៥ អត់ស្លាកលេខធ្វើដំណើរពីភូមិសាស្ត្រស្រុកជាំក្សាន្តឆ្ពោះទៅកាន់ខេត្តកំពង់ចាមក្នុងល្បឿនលឿនហួសកំណត់ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានប៉ះគ្នាជាមួយរថយន្តរបស់មន្ត្រីប៉េអឹមក្រុងព្រះវិហារម្នាក់ដែលកំពុងធ្វើដំណើរពីក្រុងព្រះវិហារទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបណ្តាលឱ្យរថយន្តកាមរីស៊េរី៩៥ក្រឡាប់ធ្លាក់ស្នាមភ្លោះក្អួតចេញសុទ្ធតែឈើគ្រញូង ចំណែករថយន្តរបស់មន្ត្រីប៉េអឹមក៏រងការខូចខាតមួយចំហៀងខាងមុខផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចរដ្ឋបាលព្រៃឈើក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងបានស្ទូចរថយន្តបង្កទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងរឹបអូសបានឈើគ្រញូងប្រមាណ៦៧ដុំស្មើនឹង៣.៣៥៧គីឡូក្រាម រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ