គណបក្សប្រឆាំងភូមា គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ LND គូសបញ្ជាក់ថា លោក វីនទីន ដែលធ្លាប់ជាប់ឃុំឃាំងរយៈពេលដល់ទៅ១៩ឆ្នាំ ដោយសារតែលោកប្រយុទ្ធប្រឆាំងអតីតរបបយោធាភូមានោះ បានទទួលមរណភាពហើយ កាលពីថ្ងៃទី២១ មេសា ក្នុងជន្មាយុ៨៤ឆ្នាំ ។ លោកជាសហស្ថាបនិកគណបក្ស LND រួមជាមួយលោកស្រី អ៊ួង សាន់សូ៊ជី ។
លោក យ៉ាហ្សា ជំនួយការរបស់លោក វីនទីន រៀបរាប់ថា យើងមានទុក្ខក្រៀមក្រំដោយសារការបាត់បង់មេដឹកនាំយើងរូបនេះ ។ យើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ។ យើងនឹងបន្តធ្វើតាមអ្វីដែលលោក វីនទីន បានស្នើ ហើយយើងដើរតាមផ្លូវរបស់លោកឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ។
កាលពីឆ្នាំ១៩៨៨ ពេលដែលមនុស្សយ៉ាងតិច៣.០០០នាក់បានត្រូវស្លាប់ ដោយសារការបង្ក្រាបការបះបោរប្រជាជនពីសំណាក់កងយោធា លោក វីនទីន ស្ថិតក្នុងចំណោមបណ្តាសមាជិកស្ថាបនិករបស់គណបក្ស LND ។ នាឆ្នាំបន្ទាប់ពីនោះ លោកត្រូវចាប់ខ្លួន ហើយត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារសរុបដល់ទៅ១៩ឆ្នាំ នាំឱ្យលោកក្លាយជាអ្នកទោសនយោបាយភូមា ដែលជាប់គុកយូរជាងគេបំផុត ។
ទទួលការដោះលែងកាលពីខែកញ្ញា ឆ្នាំ២០០៨ ក្នុងក្របខណ្ឌនៃការលើកលែងទោសមួយ អតីតអ្នកកាសែតរូបនោះរៀបរាប់ពីទារុណកម្មនានាដែលលោកទទួលរង និងពីជីវិតក្នុងគុករយៈពេលជាច្រើនឆ្នាំ តែលោកសន្យាបន្តការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងដើម្បីឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ ។ ពិសេសបំផុតលោកនៅតែបន្តពាក់អាវពណ៌ខៀវ ជាឯកសណ្ឋានពួកអ្នកទោស ៕
ចែករំលែកព័តមាននេះ