សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​សហជីព​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​ហើយ


រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី​សហជីព​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ជា​ស្ថាពរ​ហើយ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន​សែន នាយ​រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ។

យោង​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឲ្យ​ដឹង​លើ​បណ្តាញ​សង្គម​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព គឺជា​ច្បាប់​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តី​ពី​ការងារ ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​៨៧ ស្តី​ពី​សេ​ភាព​នៃ​សមាគម និង​ការពារ​សិ​ទិ្ធ​នៃ​ការ​បង្កើត​សមាគម និង​លេខ​៩៨ ស្តី​ពី​សិទ្ធិ​នៃ​ការ​បង្កើត​សមាគម និង​សិទ្ធិ​នៃ​ការ​ចរចា ជា​សមូហភាព​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ។

ការ​បន្ត​ការ​ពង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​សហជីព តាម​រយៈ​ការ​ពង្រឹង​ប្រសិទ្ធភាព​ប្រព័ន្ធ​អធិការកិច្ច​ការងារ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ធានា​ភាព​សុខដុមរមនា​នៅ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា ។ ទន្ទឹម​នឹង​វឌ្ឍនភាព​ជា​វិជ្ជមាន​នេះ ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សហជីព​ដោយ​អនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​មាន​សំណូមពរ​របស់​សហជីព និយោជក អង្គការ ILO និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្តី​ពី​សហជីព​ក្នុង​គោលបំណង​សម្រួល​ដល់​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នៃ​កា​រវិ​វ​ឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន ។

លោក​បន្ត​ថា ក្រសួង​បាន​រៀបចំ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​សហជីព​រួច​មក​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង​បាន​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ត្រីភាគី និង​អង្គការ ILO រួម​ទាំង​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​រួម​មាន ៖ មាត្រា​៣ មាត្រា​១៧ មាត្រា២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៥ មាត្រា​៥៩ នៃ​ច្បាប់​ស្តី​ពី​សហជីព សំដៅ​ធានា​អនុលោម​ភាព​កាន់តែ​ប្រសើរ​ឡើង​តាម​បទ​ដា្ឋ​ន អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ។

សម្រួល​លក្ខខណ្ឌ​ក្នុង​ការ​ស្មើ​សុំ​ទទួលស្គាល់​ភាព​ជា​តំណាង​បំផុត​ដោយ​ជំនួស​ការ​ផ្តល់ «​បណ្ណ​ស​ម្ចា​ល់​សមាជិក​ត្រឹមត្រូវ​» ដោយ​ការ​ផ្តល់​ត្រឹមតែ «​បញ្ជី​សមាជិក​ដែល​បាន​កាត់​ប្រាក់​ភាគទាន​» ដូច​មាន​កំណត់​ក្នុង​មាត្រា​៥៤ (​ថ្មី​) និង​មាត្រា​៥៥(​ថ្មី​) និង​លើកកម្ពស់​សិទ្ធិ និង​តួនាទី​របស់​សហជីព​ដែល​មាន​សមាជិក​ភាគតិច​ឲ្យ​កាន់តែ​ច្បាស់លាស់​ដោយ​បន្ថែម​ចំណុច «​ឈ​. ការ​ធ្វើ​ជា​តំណាង​សមាជិករ បស់​ខ្លួន​នៅ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​ដែល​មិនកើត​ចេញពី​ការ​អនុវត្ត​អនុសញ្ញា​រួម​» ដូច ក្នុង​មាត្រា​៥៩(​ថ្មី​) ។

សេចក្តីព្រាងច្បាប់​នេះ​មាន​សារៈសំខាន់​ចំពោះ​ការ​ធានា​សិទ្ធិ​អង្គការ​វិជ្ជាជីវៈ ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ការ​ផ្សារ​ភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ដែល​បាន​លើកកម្ពស់​កិត្យានុភាព​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ទាក់ទាញ​វិនិយោគ និង​បង្កើត​ការងារ​ជូន​កម្មករនិយោជិត ។ សេចក្តីព្រាងច្បាប់​នេះ​បាន​ទទួល​បានការ​គាំទ្រ និង​ស្វាគមន៍​ពី​ដៃគូ​សង្គម និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​នៅ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ