ខេត្តកំពត ៖ ស្ត្រីរងគ្រោះដែលត្រូវបុរសជាសង្សារសម្លាប់ រួចដឹកមកទម្លាក់ចោលនៅក្រោមស្ពានស្ទឹងចារឹកនោះ ត្រូវបានអាជ្ញាធរឃុំ និងប៉ុស្តិ៍រដ្ឋបាលសម្រេចបញ្ចុះសពនៅក្រោមស្ពានក្បែរកន្លែងដែលត្រូវសង្សារទម្លាក់ពីលើស្ពាននោះ ។
ប្រភពបានឱ្យដឹងថា ដោយមានការអាណិតអាសូរពេក ក្រុមមិត្តភក្តិរបស់សពស្ត្រីរងគ្រោះរៃប្រាក់គ្នាបានចំនួន៨០០ដុល្លារ រួចបានទំនាក់ទំនងមកអាជ្ញាធរឃុំ និងប៉ុស្តិ៍សំណូមពរឱ្យជួយចាត់ចែងទុកដាក់សពឱ្យបានត្រឹមត្រូវឡើងវិញ ។
អាជ្ញាធរឃុំ រួមជាមួយប្រជាពលរដ្ឋនៅចំណុចខាងលើ បានកាយសាកសពចេញពីកន្លែងកប់ក្រោមស្ពាននោះ យកទៅរៀបចំនៅវត្តភ្នំកូនឆ្កែ ដើម្បីងូតទឹកដុសលាង ផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ និងរៀបចំដាក់ក្នុងក្តាមឈូស ហើយនិមន្តព្រះសង្ឃបង្សុកូល រួចបញ្ចុះនៅក្នុងវត្តភ្នំកូនឆ្កែ ដែលស្ថិតក្នុងភូមិ-ឃុំខាងលើនោះតែម្តង ។
គួរបញ្ជាក់ថា សពស្ត្រីរងគ្រោះដែលត្រូវបុរសជាសង្សារនាំមកសម្លាប់នៅក្បែរចម្ការស្វាយចន្ទីមួយ ស្ថិតក្នុងភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូកាលពីល្ងាចថ្ងៃទី១៥ មេសា ២០១៤ ហើយដឹកសពមកទម្លាក់ចោលនៅក្រោមស្ពានស្ទឹងចារឹក ស្ថិតក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ