ខេត្តកណ្តាល ៖ នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី២១ មេសា បានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល ។
ពិធីនេះប្រារព្ធធ្វើក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងមានការអញ្ជើញចូលរួមពីលោកផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរង ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក ចៅសង្កាត់ មេឃុំ ជាច្រើន ។
នាឱកាសនោះដែរ លោក វង្ស សារ៉ាត ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានឡើងអានប្រកាសតែងតាំងលោក ប៉ាវ ផល្លា ពីអនុប្រធានមន្ទីរ ឡើងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ជំនួសលោកឈឹម កន ដែលត្រូវបានចូលនិវត្តន៍ ។
លោកប៉ាវ ផល្លា ប្រធានមន្ទីរឡើងកាន់តំណែងថ្មី បានឡើងធ្វើការប្តេជ្ញាយកអស់កម្លាំងកាយចិត្តរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ព្រមទាំងគោរពនិងអនុវត្តខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចវិជ្ជាជីវៈដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីបានដាក់ចេញ ក៏ដូចជារាល់ផែនការសកម្មភាពការងារដែលរដ្ឋបាលសាលាខេត្តបានប្រគល់ឲ្យ ។ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងនិងថែរក្សាធ្លុងសាមគ្គីភាព ឯកភាពក្នុងអង្គភាពទាំងមូល សំដៅប្រែក្លាយឲ្យទៅជាថាមពលមិនចេះរីងស្ងួតមួយក្នុងការសម្រេចជោគជ័យរាល់ការងារ ៕
ចែករំលែកព័តមាននេះ