លោកមហាសេដ្ឋី Bill Gates បានលះបង់ជីវិតរបស់លោកសម្រាប់ក្រុមហ៊ុនដែលលោក និងលោក Paul Allen បានបង្កើតមកក្នុងឆ្នាំ ១៩៧៥ តាំងពីលោកនៅជាយុវជនមួយរូប ។ លោកបាននិយាយលើ Blog របស់លោកថា លោកមិនដែលគិតថាលោកមានថ្ងៃចូលនិវត្តន៍មុនការគ្រោងទុកឡើយពេលដែលលោកនៅវ័យក្មេង ។

ពេលដែលលោកមានអាយុខ្ទង់ ២០ឆ្នាំ លោកតែងតែលះបង់ពេលវេលា និងកម្លាំងដែលលោកមានសម្រាប់ក្រុមហ៊ុន Microsoft ។ លោកបានចែករំលែកលើកម្មវិធី Inside Bill’s Brain ថា លោកមិនដែលមានថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកឡើយ ។
ប៉ុន្តែពេលដែលលោកមានអាយុពាក់កណ្តាលខ្ទង់ ៤០ឆ្នាំ ទស្សនៈរបស់លោកបានផ្លាស់ប្តូរ និងបើកទូលាយជាងមុន ។ នៅឆ្នាំ ២០០០ លោក និងភរិយាគឺអ្នកស្រី Melinda Gates បានបង្កើតមូលនិធិមួយដែលព្យាយាមកាត់បន្ថយវិសមភាពជុំវិញពិភពលោក ។ ពួកគេថែមទាំងបរិច្ចាគភាគហ៊ុន Microsoft ប្រមាណ ២០ ប៊ីលានដុល្លារទៅកាន់មូលនិធិនេះ និងចាប់ផ្តើមធ្វើដំណើរទៅបរទេសដើម្បីសិក្សាពីបញ្ហាសុខភាពក្នុងប្រទេសក្រីក្រជាដើម ។ ពេលដែលលោកកាន់តែចូលរួមក្នុងកិច្ចការរបស់មូលនិធិ លោកកាន់តែយល់ដឹងថា អាជីពរបស់លោកនៅថ្ងៃអនាគតនឹងមិនទាក់ទិននឹងផលិតផល Software ទៀតទេ ។
នៅឆ្នាំ២០០១ ពេលដែលលោកមហាសេដ្ឋី Warren Buffett បានអញ្ជើញលោកឲ្យទៅចែករំលែកជាមួយក្រុមអ្នកដឹកនាំអាជីវកម្មពីដំណើរទៅបរទេសរបស់លោក លោក Gates ចាប់អារម្មណ៍ថាខ្លួនមានកម្លាំងយ៉ាងខ្លាំងពេលដែលនិយាយពីប្រធានបទនេះ ។
លោកបានបកស្រាយថា ការចែករំលែកនោះបានអនុញ្ញាតឲ្យលោកមើលឃើញជីវិតរបស់លោកកាន់តែច្បាស់បន្ទាប់ពីក្រុមហ៊ុន Microsoft របស់លោក ហើយវាទាក់ទិននឹងកិច្ចការដែលលោក និងអ្នកស្រី Melinda បានចាប់ផ្តើម ។ លោក Gates បានសម្រេចចិត្តចាកចេញពី Microsoft ជិត ១០ ឆ្នាំមុនការគ្រោងទុករបស់លោក ហើយការចែករំលែកនៅឆ្នាំ ២០០១ គឺជាជំហានមួយដែលជួយឲ្យលោកឈានមកធ្វើការសម្រេចចិត្តនេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ