ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​ជាង​40នាក់​ក្នុង​ការ​វាយ​ប្រហារ​របស់​យន្ដ​ហោះ​គ្មានមនុស្ស​បើក​នៅ​យេម៉ែន​​

11 ឆ្នាំ មុន

ពួកអាល់កៃដា​នៅ​យេម៉ែន​ កាលពី​ថ្ងៃ​ទី​១៩​ និង​២០​ មេសា​ រងការ​វាយ​ប្រហារ​២លើក​របស់​បណ្ដា​យន្ដ​ហោះ​គ្មានមនុស្ស​បើក​អាមេរិក​បណ្ដាល​ឱ្យ​យុទ្ធជន​របស់​ពួកគេ​ស្លាប់ជាង​៤០​នាក់​ ក្រោយ​ការ​ចាក់​ផ្សាយ​វីដេអូ​មួយ​ដែល​ក្នុង​នោះ​គេ​ឃើញ​ប្រមុខ​ក្រុម​នេះ​ប្រកាស​សន្យា​បន្ដ​សង្គ្រាម​ប្រឆាំង​ពួកលោកខាង​លិច​ ។​

ពួកអាល់កៃដា​នៅ​យេម៉ែន​ កាលពី​ថ្ងៃ​ទី​១៩​ និង​២០​ មេសា​ រងការ​វាយ​ប្រហារ​២លើក​របស់​បណ្ដា​យន្ដ​ហោះ​គ្មានមនុស្ស​បើក​អាមេរិក​បណ្ដាល​ឱ្យ​យុទ្ធជន​របស់​ពួកគេ​ស្លាប់ជាង​៤០​នាក់​ ក្រោយ​ការ​ចាក់​ផ្សាយ​វីដេអូ​មួយ​ដែល​ក្នុង​នោះ​គេ​ឃើញ​ប្រមុខ​ក្រុម​នេះ​ប្រកាស​សន្យា​បន្ដ​សង្គ្រាម​ប្រឆាំង​ពួកលោកខាង​លិច​ ។​

យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​កុល​សម្ព័ន្ធ​ម្នាក់​ថា​​ សមាជិក​១០​នាក់​នៃ​បណ្ដាញ​អាល់កៃដា​នៅ​យេម៉ែន​បាន​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១៩​ មេសា​ ក្នុង​ការ​វាយ​ប្រហារ​លើក​ដំបូង​មួយ​នៅ​តំបន់​បែអីុដា​ ភាគ​កណ្ដាល​ប្រទេស​ រួច​ពួកជ្រុលនិយម​ជាង​៣០​នាក់​ទៀត​ស្លាប់​ក្នុងការ​វាយ​ឆ្មក់​មួយ​ក្នុង​ខេត្ដ​អាប៊ីយ៉ាន​ ភាគខាង​ត្បូង​យេម៉ែន​ ។​ ការ​វាយ​ប្រហារ​លើកទី​២​នេះ​សំដៅ​លើជំរំ​ហ្វឹក​ហ្វឺន​មួយ​របស់​អាល់កៃដា​ តាម​រយៈ​ការ​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ ។​ ជំរំ​នេះ​ស្ថិត​នៅ​វ៉ាឌី​ ហ្គាឌីណា​ ជា​តំបន់​ភ្នំ​មួយ​នៃ​ខេត្ដ​អាប៊ីយ៉ាន​ ។ តំបន់​វាយ​ប្រហារ​នេះ​ពុំ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋា​ភិបាល​កណ្ដាល​យេម៉ែន​ឡើយ​ ។​

កាលពី​ខែ​មីនា​ កន្លងមក​នេះ​ ប្រធានាធិបតី​យេម៉ែន​ លោក​ ABD RABBO MANSOUR HADI ធ្លាប់​បាន​និយាយ​ការពារ​ការ​ប្រើ​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​ ។ លោក​អះអាង​ថា​ យើង​តម្រូវ​ឱ្យ​មានការ​ប្រើ​ប្រាស់​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​ដើម្បីកម្រិត​សកម្មភាព​របស់ពួក​អាល់កៃដា​ និង​ការធ្វើ​ចលនា​របស់​បណ្ដា​សមាជិក​នៃក្រុម​ភេរវកម្ម​នេះ​ ។​

យោង​តាម​សហរដ្ឋ​អាមេរិក​ថា​ ទោះ​បី​ជា​បណ្ដញ​អាល់​កៃដា​រងការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ក៏​សាខា​របស់អាល់កៃដា​នៅ​យេម៉ែន​នៅតែ​មាន​គ្រោះថ្នាក់​បំផុត​ ហើយ​សកម្ម​បំផុត​ដែរ ។ ក្នុង​វីដេអូមួយ​ចាក់ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ប្រមុខ​អាល់កៃដា​នៅឧបទ្វីប​អារ៉ាប់​ លោក​ ណា​ស័រ​ អាល់វ៉ាហ៊ីជី​ អះអាង​នៅ​កណ្ដាល​មនុស្ស​របស់​គេ​ជា​ច្រើនសិប​នាក់ថា​ សង្គ្រាម​ប្រឆាំង​ពួក​មា​នឹង​បន្ដ​ទៀត​គ្រប់កន្លែង​លើពិភព​លោក​ ដែល​លោក​ចង់​និយាយ​សំដៅ​យ៉ាង​ច្បាស់​ចំពោះ​បណ្ដា​ប្រទេស​លោកខាង​លិច​ ៕​