រាជធានីភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ស្ថិតនៅក្នុងបរិវេណក្រសួងមហាផ្ទៃ នៅម៉ោង១០ព្រឹកថ្ងៃទី២១ មេសា ២០១៤ មានរៀបចំបើកកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ និង សង្គមស៊ីវិល ដើម្បីផ្សព្វផ្សាយនីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ខណ្ឌ-ស្រុក ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក មាន សាទិ សមាជិកគ.ជ.ប និង មានការចូលរួមពីតំណាងគណបក្សនយោបាយទំាង៥ និង តំណាងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើកិច្ចការងារពាក់ព័ន្ឋនឹង ការបោះឆ្នោតជាច្រើនរូបទៀត ។
យោងតាមប្រតិទិនរបស់គ.ជ.ប ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ខណ្ឌ-ស្រុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ឧសភា ២០១៤ ដោយមានគណបក្សនយោបាយចំនួន៥ចូលរួមប្រកួតប្រជែង ក្នុងនោះមាន ៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និង គណបក្សសម្ព័ន្ឋដើម្បីប្រជាធិបតេយ្យ ។ ចំណែកការឃោសនានឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ឧសភា ២០១៤ ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ខណ្ឌ-ស្រុកនេះ ជាការបោះឆ្នោតអសកល មានន័យថា មានតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងប៉ុណ្ណោះដែលមានសិទ្ឋិបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តចំនួន៣៩៣នាក់ និង សមាជិកក្រុមប្រឹក្សាស្រុក-ខណ្ឌ ២៩៣១នាក់ ៕
ចែករំលែកព័តមាននេះ