ដឹង​អត់! ប្រាសាទ​ពិ​ម៉ា​យ​នៅ​​ថៃ តែ​​បែរ​មុខ​​មក​​រាជធានី​អង្គរ


ដូនតា​ខ្មែរ​ដ៏​ខ្លាំងពូកែ​បាន​បន្សល់​ទុក​នូវ​កេរដំណែល​ជា​ច្រើន​ឥត​ឧបមា នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន​យើង​នេះ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ។ ខុស​ប្លែក​ពី​ប្រាសាទខ្មែរ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រាសាទ​ពិ​ម៉ា​យ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​នគររាជ​សីមា ជា​សាសន​ដ្ឋា​ន​ដ៏​ធំធេង​បំផុត​​បែរមុខ​ទៅ​ទិស​ខាងត្បូង ។ ការ​ដែល​បែរមុខ​ខាងត្បូង ដូច្នេះ​គឺ​បណ្តាល​មក​ពី​ព្រះ​មហា​ក្សត្រ​​ខ្មែរ​នា​សម័យ​បុរាណ ចង់​ឲ្យ​ទ្វារ​ចូល​ធំ​នៃ​ប្រាសាទ​សម​ស្រប​នឹង​ថ្នល់​តម្រង់​ទៅ​រាជធានី​អង្គរ​នៃ​ខេត្ដសៀមរាប ។

ឯកសារ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ពិពណ៌នា​ថា ប្រាសាទ​ពិ​ម៉ា​យ ជា​បូជា​ណី​យ​ដ្ឋា​ន ហើយ​ក៏​ជា​ព្រះរាជ​ធានី​ខ្មែរ​មួយ​ដ៏​សំខាន់ នៅ​ក្នុង​អតីតកាល​ដ៏​មហា​រុងរឿង ហើយ​ទីតាំង​នោះ​បាន​ផ្សារ​ភ្ជាប់​នឹង​ទីក្រុង​សំខាន់​ឯទៀត​ក្នុង​ព្រះរាជ​នគរ​ខ្មែរ ដូច​ជា រាជបុរី​, មឿង​សិង្ហ​, ពេជ្រ​បុរី​, បុរីរម្យ​, សុ​រិ​ន្ទ្រ​, បាត់ដំបង​។​ល​។ ប្រាសាទ​នេះ​សាងសង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​សាសនា​ទាំង​ពីរ គឺ​ព្រហ្មញ​សាសនា និង​ព្រះពុទ្ធ​សាសនា ។

ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​នៅ​ដើម​សតវត្សរ៍​ទី​១១​នៃ គ្រឹ​ស្ដ​សករាជ ។ ស្ថិត​នៅ​ចំ​កណ្ដាល​បរិវេណ​មួយ​ដែល​មាន​កំពែង​៤​ជ្រុង​ទ្រវែង​ព័ទ្ធ​ជុំវិញ ដោយ​មាន​គោ​បុ​រ​: ទាំង​បួន ទិស​ផង ប៉ុន្ដែ​ទ្វារ​ដែល​សំខាន់​ជាងគេ​គឺ​ទ្វារ​ខាងត្បូង ដែល​ជា​ទ្វារ​មុខ ឬ​ទ្វារ​ប្រធាន ។ ទ្វារ​ចូល​នេះ​លំអ​ដោយ​ក្បាច់ក្បូរ​ល្អ​ប្រណីត ហើយ​មាន​ស្ពាន​នាគ​នៅ​ខាង​មុខ​កំពែង ។ កំពែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ថ្ម​ខ្សាច់​ពណ៌​ក្រហម ដែល​លើក​បន្តុប​គរ​លើ​គ្នា​យ៉ាង​ចំណាន ។ នៅ​ដើម​សតវត្សរ៍​ទី​១៣ នៃ​គ្រឹ​ស្ដ​សករាជ ដោយ​យល់​នៅ​សារសំខាន់​នៃ​ប្រាសាទ​ពិ​ម៉ា​យ​នេះ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្រោយ​ពី​បាន​ឡើង​សោយរាជ​សម្បត្តិ ព្រះ​អង្គ​បាន​សាងសង់​សំណង់​មួយ​ចំនួន​ទៀត​នៅ​ពីមុខ​អម​សងខាង ។

គេ​ឃើញ​មាន​ស្រះ​ទឹក​គ្រប់​មុំ​ទាំង ៤​ជ្រុង ដូច​ជា ស្រះ​កែវ ស្រះ​ភ្លង់ ស្រះ​ខ្វាន់​ជាដើម គួរ​ឲ្យ​ត្រជាក់​ភ្នែក​ជា​ពន់ពេក និង​នៅ​ខាងក្រោយ​ផ្នែក​ខាងស្ដាំ​មាន​ដើម​ត្នោត​ដុះ​ក្បែរ ស្រះ​នោះ​ថែម​ទៀត​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកដំណើរ​នឹក​ដល់​ស្រុក​ខ្មែរ ។ បន្ទាប់​មក​គេ​ឃើញ​របៀង​គត់ មាន​ស៊ុមទ្វារ​គ្រប់​ទិស​ទាំង​៤ ត្រង់​ទ្វារ​ចូល​តាម​កំពែង​ខាងក្រៅ ។

របៀង​គត់​ទិស​ខាងជើង​ឆៀង​ខាងត្បូង មាន​ប្រវែង​៧២​ម៉ែត្រ ទិស​ខាងលិច​ឆៀង​ខាងកើត​មាន​ប្រវែង​៣០​មែ​ត្រ ។ រីឯ​ចន្លោះ​របៀង​គត់​ផ្លូវ​សម្រាប់​ដើរ​ដែល​មាន​ទទឹង​ប្រមាណ​២,៣៥​ម៉ែត្រ​ធ្លាយ​ទាក់ទង​គ្នា​ទាំង​៤​ទិស​ដោយ​មាន​ដំបូល​ថ្ម​ក្រាស់​ក្រាល​ពីលើ ។ ប្រាង្គ​កណ្ដាល​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៃ​ប្រាសាទ​ពិ​ម៉ា​យ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ថ្ម​ខ្សាច់ ហើយ​នៅ​សម័យ​បុរាណ​មាន​បិទ​ក្បាច់ក្បូរ​ជា​លំអ​ផង ។ ខឿន​មាន​លក្ខណ​:៤​ជ្រុង ដោយ​មាន​ទ្វារ​សម្រាប់​ចេញចូល​ទាំង​៤​ទិស ។ ផ្ដែរ និង​ហោជាង នៅ​លើ​ទ្វារ​សុទ្ធតែ​ឆ្លាក់​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា ។

ហោជាង​ខាងត្បូង​ឆ្លាក់​ព្រះ​ពុទ្ធរូប​ប្រក់​នាគ និង​ត្រង់​ទ្វារ​គុហា​ខាង​មុខ ក៏​មាន​ចម្លាក់​ទាក់ទិន​នឹង​ពុទ្ធប្រវត្តិ​ជា​ឈុត​ព្រះ​អង្គ​ផ្ចាល់​មារ​ជាដើម ។ ចម្លាក់​នៅ​មុំ​របៀង​គត់ ទិស​ខាងកើត គេ​ឃើញ​មាន​សិលាចារឹក ជា​ភាសា​ខ្មែរ​ចារ​លើ​ក្រប​ទ្វារ ។ សារសំខាន់​នៃ​ខ្លឹមសារ​សិលាចារឹក​នេះ ស្ថិត​នៅ​ត្រង់​លក្ខណ​:​សំយោគ​នៃ​ជំនឿ​សាសនា​ខ្មែរ​នា​សម័យ​អង្គរ ពីព្រោះ​នៅ​ដើម​សិលាចារឹក មានការ​ប្រ​តិ​ស្ថាន​ដល់​ទេវតា​ព្រហ្មញ្ញសាសនា ព្រះពុទ្ធ​អង្គ និង​អារក្សអ្នកតា ដែល​បីបាច់​ថែរក្សា​ទេវ​ឋាន គឺ​ប្រាសាទ​ពិ​មា​យ​នេះឯង ។

គួរ​រំឭក​ដែរ​ថា​សព្វថ្ងៃ​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​នេះ គេ​ឃើញ​មាន​ខ្ទម​អ្នកតា​ម្ចាស់​ទឹកដី​នៅ​ឡើយ ។ ម្យ៉ាងទៀត​នៅ​ក្រៅ​កំពែង​ថ្ម​ប្រាសាទ គេ​ឃើញ​មាន​បារាយណ៍​ពីរ​ស្ថិត​នៅ​ខាងកើត និង​មួយទៀត​ស្ថិត​នៅ​ខាងលិច គឺ​ស្រះ​ផ្លែង និង​ស្រះ​បូ​ជ ។ ក្នុង​បរិវេណ​ប្រាសាទ គេ​ឃើញ​មាន​កុដិ​ឫស្សី ឬ​អា​រោគ​អា​សាន ដែល​ជា​អាគារ​ធ្វើ​អំពី​ថ្មបាយក្រៀម សា្ថ​ប​នា​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ពុទ្ធសាសនិកជន​ជិត​ឆ្ងាយ​មក​សុំ​សេចក្ដីសុខ​ពី​ព្រះពុទ្ធ​អង្គ ។

តាម​រូបភាព​ថត​ពីលើ​អាកាស បាន​ឲ្យ​យើង​ដឹង​ថា ប្រាសាទ​ពិ​ម៉ា​យ​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​កំពែង​ពីរ គឺ​កំពែង​ក្រៅ និង​កំពែង​ក្នុង ។ មាន​អគារ​មួយ​ជា​ច្រក​ចេញចូល មាន​រូបរាង​៤​ជ្រុង​ទ្រវែង គឺ​នៅ​ទីនោះ​ហើយ ដែល​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យ​បុរាណ​បាន យាង​មក​សម្រាក​ព្រះ​កាយ​មុន​ចូលរួម​បុណ្យ​ទាន​ក្នុង​ប្រាសាទ ។

ទ្វារ​ចូល​ប្រាសាទ​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារ​នេះ​ដែល​ត្រូវ​សិល្បករ​ថៃ​ជួសជុល​ឡើង​វិញ ។ ដើម្បី​ទៅ​កាន់​ប្រាសាទ គេ​ត្រូវ​ឆ្លង​ខឿន​ជណ្ដើរ​មួយ​ខ្ពស់​ពី​ដី អម​ដោយ​បង្កាន់ដៃ​ជា​រូប​ស្ដា​ច់​នាគរាជ​ម្យ៉ាង​មួយ​យ៉ាង​ល្អ​វិចិត្រ ។ តាម​ប្រពៃណី​អ្នកស្រុក គេ​ហៅ​ថា ស្ពាន​ឥន្ទធនូ ដែល​ភ្ជាប់​ស្ពាន​មនុស្ស និង​ស្ពាន​ទេវតា ឬ​ស្ពាន​កណ្ដាល និង​ស្ពាន​ឋានសួគ៌ ប្រកបដោយ​សិរី​មង្គល ។ នៅ​មុខ​ខ្លោងទ្វារ​ចូល គេ​កត់សម្គាល់​នូវ​វត្ដមាន​របស់​តោ​ថ្ម​ពីរ ដែល​ការពារ​ឥទ្ធិពល​អាក្រក់ ហើយ​ស្ថិត​នៅ​ក្រោម​នាគរាជ ។

ស្ពាន​នាគ​នេះ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ខ្លោងទ្វារ​ខាងត្បូង ដែល​ជា​ខ្លោងទ្វារ​យ៉ាង​សំខាន់​បំផុត​នៃ​ទេវ​ឋាន​នេះ បើ​យើង​ប្រៀបធៀប និង​ខ្លោងទ្វារ​ដទៃ​ទៀត ។ ប្រាង្គ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​ដែល​មាន​ទម្រង់​ដូច​ប្រាសាទអង្គរវត្ត មាន​រាង​ជា​ផ្កាឈូក​ក្រពុំ ហើយ​មាន​ចម្លាក់​រឿង​ទាក់ទិន​នឹង​ព្រហ្មញ្ញ​សាសនា ។ រីឯ​ក្នុង​ប្រាសាទ​វិញ​មាន​ចម្លាក់​ទាក់ទិន​នឹង​ពុទ្ធប្រវត្តិ​ជាដើម ។ ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​លក្ខណ​:​សំយោគ​ផ្នែក​មនោ​គម​វិជ្ជា​សាសនា នា​សម័យ​បុរាណ ។

នៅ​ក្នុង​បរិវេណ​នៃ​កំពែង​របង​ខាងក្នុង គេ​ឃើញ​មាន​ប្រាង្គ​ប្រធាន​ដែល​យើង​ទើបតែ​អធិប្បាយ​នៅ​ខាងលើ ធ្វើ​អំពី​ថ្ម ខ្សាច់​ស បែរ​ទៅ​ទិស​ខាងត្បូង​ឆៀង​ខាងកើត ខុស​ពី​ប្រាសាទ​ខែ្ម​រ​ដទៃ​ៗ​ឯទៀត បែ​មុខ​ទៅ​ទិស​ខាងកើត ។ ការ​តម្រង់​ទិស​បែប​នេះ​គឺ​បណ្ដាល​មក​ពី​ខ្មែរ​បុរាណ​ចង់​ឲ្យ​ប្រាសាទ​នេះ​បែរមុខ​មក​រក​ព្រះរាជ​ធានី​អង្គរ ។ រីឯ​ប្រាង្គ​ប្រាសាទ​ពីរ​ទៀត​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​សត​វត្សរ៍​ទី​១២ នៃ​គ្រិស្ដ​ស​រាជ​។

គេ​បាន​រក​ឃើញ​ក្នុង​ប្រាសាទ​ខាងឆ្វេង​ធ្វើ​អំពី​ថ្មបាយក្រៀម​នូវ​រូបសំណាក​ព្រះបាទ​ជ័យ​វ​រ្ម័​ទី​៧ អង្គុយ​​សមាធិ ។ ប្រាសាទ​ពិ​ម៉ា​យ​ភ្ជាប់​ទៅ​នឹង​ព្រះរាជ​ធានី​អង្គរ ធ្លាប់​ស្គាល់​នូវ​វឌ្ឍនភាព​កប់​កំពូល ក៏​ប៉ុន្តែ​ក្រោយ​សតវត្សរ៍​ទី​១៥​នៃ​គ្រឹ​ស្ដ​សករាជ​មក បូ​ជ​ណី​យ​ដ្ឋា​ន​នេះ​ត្រូវ​កាត់​ផ្ដាច់​ចេញពី​ចក្រភព​អង្គរ បណ្ដាល​មក​ពី​ខ្មែរ​ចាញ់​សង្គ្រាម ហើយ​ក៏​ជា​មូលហេតុ​នៃ​ការ​បោះបង់​ចោល​នៃ​តំបន់​ខ្ពង់រាប​ដ៏​រុងរឿង​នេះ ដែល​ធ្លាប់​ជា​ស្រុក​វប្បធម៌​នៃ​ដែនដី​អង្គ​ដ៏​បវរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ