ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយអាវុធហត្ថក្រុងបាវិតនិងមន្ត្រីសាលាក្រុងបាវិតបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅហាងខារ៉ាអូខេយីហោ «ហ្វាងថាងល៊ាំងហ្វាន់លៀនស័រ» នៅក្រុងបាវិត ហើយការចុះពិនិត្យនេះដោយមានការសហការពីម្ចាស់ហាងខាងលើផងដែរ ដើម្បីយកមីនិងបន្លែ ដែលបុគ្គលិកហាងហូបបណ្តាលឱ្យពុល និងយកមីព្រមទាំងបន្លែទាំងនោះទៅធ្វើតេស្តរកសារធាតុពុលនៅមន្ទីរពិសោធន៍ឡាបូឯរាជធានីភ្នំពេញ។

បើតាមលោកហោ ដារ៉េត អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងឱ្យដឹងថា ដោយមានការណែនាំពីលោកផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត, លោកនិងមន្ត្រីបានសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចកិច្ចកងរាជអាវុធហត្ថចុះពិនិត្យរកមូលហេតុនៃការពុលអាហារនៅហាងខារ៉ាអូខេខាងលើនេះ ហើយជំហានដំបូងមន្ត្រីជំនាញបានយកមីម៉ាកមីគី ផលិតនៅប្រទេសវៀតណាម និងបន្លែស្ពៃតឿ ស៊ុត ព្រមទាំងទឹកស៊ុប ទៅធ្វើតេស្តដើម្បីពិនិត្យរកសារធាតុពុលឲ្យដឹងច្បាស់ថា ពុលបណ្តាមកពីអ្វីឲ្យពិតប្រាកដ។

ទោះបីយ៉ាងណា បើតាមមន្ត្រីជំនាញបានបញ្ជាក់ថា ជំហានដំបូងករណីពុលនេះគឺសង្ស័យមកពីពុលមីម៉ាកមីគីតែម្តង តែដើម្បីឲ្យដឹងច្បាស់នោះរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ឡាបូនៅឯរាជធានីភ្នំពេញសិន ទើបអាចបញ្ជាក់ឲ្យដឹងច្បាស់ ។

តាមប្រភពដដែលបានបន្តទៀតថា «មន្ត្រីជំនាញយើងបានចុះទៅដល់កន្លែងទីតាំងលក់មីវៀតណាមនៅក្នុងសង្កាត់បាវិតដើម្បីណែនាំដល់អ្នកលក់មីប្រភេទនេះបញ្ឈប់លក់ជាបណ្តោះអាសន្នសិន រង់ចាំមន្ត្រីជំនាញធ្វើការពិសោធន៍ថាតើមានជាតិពុលឬអត់ តែបើមិនមានទេទើបអនុញ្ញាតឲ្យលក់បន្ត ។ ផ្ទុយទៅវិញ បើរកឃើញមីមានជាតិពុលវិញនោះគឺមិនអនុញ្ញាតឲ្យលក់មីនេះទៀតជាដាច់ខាត»។

បើតាមស្ត្រីម្នាក់ដែលបំរើការងារនៅក្នុងហាងខារ៉ាអូខេខាងលើនេះបានឲ្យដឹងថា នៅវេលាម៉ោង១និ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅហាងខារ៉ាអូខេ «ហ្វាងថាងល៊ាំងហ្វាន់លៀនស័រ» បាននាំគ្នាហូបមីម៉ាកមីគី ដោយបានឆុងជាមួយទឹកធម្មតានិងលាយស្ពៃតឿ ស្រាប់តែមួយសន្ទុះក្រោយមក មានអាការៈមិនស្រួលខ្លួន ដោយអ្នកខ្លះវិលមុខក្អួតចង្អោរ និងរាករូសថប់ដង្ហើមជាដើម ត្រូវបានមេការខារ៉ាអូខេខាងលើបញ្ជូនទៅសង្គ្រោះភ្លាមៗនៅគ្លីនិកឯកជនមួយកន្លែងនៅក្រុងបាវិត។

តាមប្រភពពីស្ត្រីដដែលបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ពួកគេមិនសូវហូបមីទេ គឺហូបបាយជាមួយម្ហូបធម្មតា ហើយនៅថ្ងៃកើតហេតុ ដោយសារតែចុងភៅអត់នៅ ទើបបុគ្គលិកនាំគ្នាឆុងមីហូប ស្រាប់តែពុលតែម្តងទៅ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី៨ តុលាកន្លងទៅ មន្ត្រីមន្ទីរសុខាភិបាលខេត្តបានចុះទៅពិនិត្យនៅខារ៉ាអូខេខាងលើនេះដែរ ក៏ប៉ុន្តែត្រូវដកថយវិញ ហើយលោកឈូក បណ្ឌិត មន្ត្រីមន្ទីរសុខាភិបាលខេត្តបានប្រាប់ថា មូលហេតុសមត្ថកិច្ចនគបាលនិងអាជ្ញាធរមិនសហការ ទើបថៅកែចិនមិនអនុញ្ញាតឲ្យចូលពិនិត្យ ត្រូវដកថយវិញ រីឯមន្ត្រីកាំកុងត្រូលបានសុំការសហការពីកម្លាំងកងរាជអាវុធហត្ថ ទើបថៅកែចិនព្រមបើកទ្វាឲ្យចូលពិនិត្យ ក៏ប៉ុន្តែសោកស្តាយដោយមិនបានពិនិត្យសំណាកដែលមាននៅក្នុងរោងបាយ ក្រោយពេលបុគ្គលិកកើតមានអាការៈពុលភ្លាមៗ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ