រាជធានីភ្នំពេញ ៖ នគរបាលបុ៉ស្តិិ៍ច្បារអំពៅទី១ បានចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាមមកកាន់ទីស្នាក់ការនគរបាលបុ៉ស្តិ៍ទាំងព្រឹក ដោយសារបុរសរូបនេះធ្វើសកម្មភាពចាប់សម្រាតកូនស្រីចុងរបស់ខ្លួនបុ៉នប៉ងរំលោភសេពសន្ថវៈ បុ៉ន្តែត្រូវប្រពន្ធមកទាន់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ មេសា ស្ថិតនៅក្នុងផ្ទះលេខគ២៧ ផ្លូវលេខ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
មន្ត្រីនគរបាលបុ៉ស្តិ៍ច្បារអំពៅទី១ ឱ្យដឹងថា ឪពុកចុងដែលមានគំនិតតិរច្ឆានរូបនេះឈ្មោះ ង្វៀង យ៉ាំងអុក អាយុ៤០ឆ្នាំ មុខរបរលក់ពោត។ ចំណែកក្មេងស្រីរងគ្រោះដែលឪពុកចុងបុ៉នប៉ងរំលោភមិនបានសម្រេចឈ្មោះ ឆ.ស.ន អាយុ១៦ឆ្នាំ មុខរបរលក់ពោតដូចគ្នា ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ចាប់តាំងពីឪពុកបង្កើតរបស់នាងជាជនជាតិខ្មែរមានស្រីផ្សេង គាត់បានចុះចោលនាងនិងម្តាយ រួមជាមួយប្អូនតូចៗ៣នាក់ទៀត ។ ក្រោយមក ម្តាយរបស់នាងក៏មានឪពុកចុងឈ្មោះ ង្វៀង យ៉ាំងអុក ជាជនជាតិវៀតណាម រយៈពេល៧ឆ្នាំមកហើយ បុ៉ន្តែគ្មានថ្ងៃណាមួយដែលនាងសប្បាយចិត្តឡើយ ។ រហូតដល់មួយរយៈពេលចុងក្រោយនេះ ឪពុកចុងបានបុ៉នប៉ងធ្វើសកម្មភាពរំលោភនាង តែមិនបានសម្រេច ក៏គំរាមនាងមិនឱ្យប្រាប់អ្នកដទៃ និងបន្តធ្វើសកម្មភាពប៉ងរំលោភនាង៣ដងទៀត នៅតែមិនបានសម្រេច បានត្រឹមតែចាប់សម្រាតខោអាវ ហើយស្ទាបអង្អែលតែបុ៉ណ្ណោះ ។
នាងបន្តថា នៅថ្ងៃកើតហេតុ ម្តាយរបស់នាងបានចូលសម្រាកក្នុងបន្ទប់ជាមួយឪពុកចុងពេញមួយយប់ លុះព្រឹកឡើងនៅម៉ោង៦និង៣០នាទី ខណៈនាងនិងប្អូនតូច៣នាក់ទៀតកំពុងដេកជិតគ្នានៅខាងមុខបន្ទប់ ស្រាប់តែឪពុកចុងឈ្មោះ ង្វៀន យ៉ាំងអុក បើកទ្វារបន្ទប់ថ្នមៗព្រោះខ្លាចម្តាយនាងដឹង ហើយបានធ្វើសកម្មភាពឱបរឹតរូបនាង បន្ទាប់មកឪពុកចុងរូបនេះបានដោះអាវក្រៅ និងអាវក្នុង រួមទាំងបានចាប់សម្រាតខោនាងចេញអស់ពីខ្លួន និងបម្រុងរំលោភនាង ស្រាប់តែម្តាយរបស់នាងដើរចេញពីក្នុងបន្ទប់មកឃើញ ក៏ស្រែកឆោឡោឡើង ភ្លាមនោះឪពុកចុងរូបនេះស្ទុះទៅយកខ្សែក្រវាត់វាយទៅលើម្តាយរបស់នាង និងគំរាមមិនឱ្យស្រែកឡូឡា បើស្រែករូបគេនឹងវាយសម្លាប់ចោល ។ ដោយសារតែមានការប្រទូស្តរ៉ាយគ្នានាំឱ្យឮដល់អ្នកជិតខាង បានទូរស័ព្ទរាយការណ៍ទៅនាយបុ៉ស្តិ៍នគរបាលច្បារអំពៅទី១ ដើម្បីសុំការអន្តរាគមន៍ ។
ក្រោយមកនាយបុ៉ស្តិ៍ច្បារអំពៅទី១ បានដឹកនាំកម្លាំងចុះមកឃាត់ខ្លួនបុរសរូបនេះបានភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបាននាំខ្លួនយកទៅកាន់ទីស្នាក់ការនគរបាលបុ៉ស្តិ៍ដើម្បីបន្តសាកសួរជុំវិញករណីបុ៉នប៉ងរំលោភកូនស្រីចុងខ្លួនឯងនេះ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ង្វៀន យ៉ាំងអុក បានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងរំលោភកូនស្រីចុងរបស់ខ្លួនប្រាកដមែន ។ យោងតាមចម្លើយសារភាពរបស់ជននេះ និងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ