ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រទះឃើញ​​ព្រះ​កេស​លោកេស្វរៈកប់​ក្បែរ​ខ្លោងទ្វារ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រះ​កេស​បដិមា​ព្រះ​ពោធិសត្វ ឬ​លោកេស្វរៈ​ចំនួន​មួយ​សាង​ពី​ថ្មភក់​ ត្រូវ​បាន​ប្រទះ​ឃើញ ខណៈ​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ នៅ​ក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់​ចុះ​កប់​ក្នុង​គំនរ​ថ្ម និង​ដីដំបូក​យក​មក​ជួសជុល​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃ​ទី​៨…

ខេត្តសៀមរាប ៖ ព្រះ​កេស​បដិមា​ព្រះ​ពោធិសត្វ ឬ​លោកេស្វរៈ​ចំនួន​មួយ​សាង​ពី​ថ្មភក់​ ត្រូវ​បាន​ប្រទះ​ឃើញ ខណៈ​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ នៅ​ក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់​ចុះ​កប់​ក្នុង​គំនរ​ថ្ម និង​ដីដំបូក​យក​មក​ជួសជុល​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា កន្លង​មកនេះ ។

តាម​ការ​បញ្ជាក់​របស់​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ នៃ​នាយកដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​លោក ស៊ា សុភា​រុន ឱ្យ​ដឹង​ថា ចម្លាក់​ព្រះ​កេសលោកេស្វរៈ ដែល​ក្រុមការងារ​ប្រទះ​ឃើញ​នេះ គឺ​មាន​ត្រឹមតែ​ព្រះ​កេស​ប៉ុណ្ណោះ ដោយ​មាន​រូប​ព្រះពុទ្ធ​នៅ​លើ​ផ្នួងសក់ មាន​ត្រចៀក​ខាងស្តាំ តែ​គ្មាន​ខាងឆ្វេង ច្រមុះ​ឆែប មុខ​ម្ខាង​របក​សាច់​ថ្ម ។

សភាព​ខូចខាត​ទាំងនេះ ជាបឋម​មិនដឹង​ថា មកពី​មូលហេតុ​អ្វី​ប្រាកដ​ទេ តែ​អាច​ជា​ការ​ប៉ះទង្គិច​អ្វីមួយ​ធ្វើ​ឱ្យ​បែក ឬ​គុណភាព​ថ្ម នៅ​លើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ ទើប​ធ្វើ​ឱ្យ​ស្រទាប់​ថ្ម​របក​ចេញពីថ្ពាល់ ។ ម្យ៉ាងវិញទៀត ចម្លាក់​មួយ​នេះ ក៏​ប្រហែលមិន​​ស្ថិត​នៅ​ទីតាំង​នេះ​ពី​ដើម​មក​ទេ ព្រោះ​មិន​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ថា មាន​ដងខ្លួន​នៅ​កន្លែង​នេះ​ទេ ។

មន្ត្រី​ទទួល​បន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ឈូក សុ​ម៉ា​ឡា បាន​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់​ទំហំ​ព្រះ​កេស​បដិមា ព្រះ​ពោធិសត្វ​លោកេស្វរៈ​បានឱ្យ​ដឹង​ថា ព្រះ​កេស​នេះ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៥៤​ស​.​ម ទទឹង​២៧​ស​.​ម និង​កម្រាស់​៣៦​ស​.​ម ។

ព្រះ​កេស​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬ​លោកេស្វរៈ បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមការងារ​យក​មក​រក្សា​ទុក នៅ​អាជ្ញា​ធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ចុះបញ្ជី និង​ថតរូប​ទុកជា​ឯកសារ ព្រមទាំង​រៀបចំ​បែបបទ​ស្នើ​យក​ទៅ​រក្សា​ទុក នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ។

ចំពោះ​ព្រះ​កេស​ខាងលើ​នេះ លោក សុ​ម៉ា​ឡា ក៏​បញ្ជាក់​ដែរ​ថា ស្ថិត​ក្នុង​រចនាបថ​បាយ័ន ប្រហែល​ពី​ចុង​ស​.​វ​.​ទី​១២ និង​ដើម​ស​.​វ​.​ទី​១៣ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ លោ​កេ​សូ ឬ​លោកេស្វរៈ គឺជា​ព្រះ​ពោធិសត្វ ក្នុង​ពុទ្ធសាសនា​មហាយាន ដែល​មាន​ករុណា​ធម៌​កំពូល ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្សលោក ។

ក្នុង​សិល្បៈ​ខ្មែរ​យើង តែង​ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះ​ហ​ស្ថ​២ ៤ ឬ​៨ ដោយ​មាន​កាន់​កេតនភណ្ឌ ដូច​ជា​ខ្សែ​ផ្គាំ គម្ពីរ ផ្កាឈូក និង​ថូ ព្រមទាំង​ឆ្លាក់​រូប​ព្រះ​ពោធិសត្វ​អមិតាភៈ អង្គុយ​ភាវនា​នៅ​លើ​ផ្នួងសក់ ដូច​គ្នា​នឹង​បដិមា​ប្រាជ្ញា​បារ​មិ​តា​ដែរ ៕

អត្ថបទសរសេរ ដោយ