ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី១៩ មេសា កម្លាំងចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រឹបអូសឈើប្រភេទធ្នង់ជាង៩០សន្លឹក ដែលឈើនេះមានតម្លៃរាប់ម៉ឺនដុល្លារក្នុងទីផ្សារងងឹត ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានប្រាប់កោះសន្តិភាពថា ការចុះបង្ក្រាបទីតាំងស្តុកឈើមិនស្របច្បាប់ខាងលើនេះ គឺមានការចូលរួម និងដឹកនាំផ្ទាល់ពីលោកស្រី ស៊ុន យ៉ើត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ និងសង្កាត់ នគរបាលអធិការដ្ឋាន និងប៉ុស្តិ៍ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងស្ទឹងត្រែងជាច្រើននាក់ ។ ឈើដែលធ្វើកំណត់ហេតុដកហូតមានចំនួន៩២សន្លឹក ត្រូវបានដឹកជញ្ជូនចេញពីចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងបន្តយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ។
មន្ត្រីនគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃប្រចាំការក្នុងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឈើសន្លឹកប្រភេទធ្នង់ទាំងនេះ គឺឈ្មួញបានដឹកជញ្ជូនមកពីស្រុកសៀមប៉ាងយកមកស្តុកនៅចំណុចខាងលើ ដើម្បីងាយដឹកបន្តទៅស្រុកស្នួល ខេត្តក្រចេះ រួចបន្តចូលទៅទីផ្សារប្រទេសវៀតណាម តែមិនទាន់បានដឹកជញ្ជូនចេញផង ក៏ត្រូវកម្លាំងចម្រុះធ្វើការបង្ក្រាបតែម្តង ។ ឈើដែលកម្លាំងចម្រុះបង្ក្រាបនេះ មានប្រវែងចាប់ពីពីរម៉ែត្រពីរតឹកទៅដល់បីម៉ែត្រ ។
ដោយទ្បែក ប្រភពព័ត៌មានចេញពីអ្នកអារឈើលក់ទៅឱ្យសិប្បកម្មកែច្នៃគ្រឿងសង្ហារិមនិយាយថា ប្រភេទឈើធ្នង់ខាងលើនេះ កំពុងមានទីផ្សារខ្លាំងក្នុងប្រទេសវៀតណាម ។ ក្នុងហេតុការណ៍ដោយទ្បែកមួយទៀត ឈើធ្នង់រាប់រយកំណាត់ត្រូវបានក្រុមឈ្មួញដឹកមកស្តុកនៅមាត់ទន្លេត្រង់ចំណុចកាំរទេះ ភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក បម្រុងនាំចេញ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាប និងប្រគល់ឱ្យទៅខាងរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពស្រុកសៀមបូកផងដែរ កាលពីថ្ងៃទី១៣ មេសា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ។
នៅក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើ រាប់នៅលើគោកមានចំនួន២៧ដុំ និងធ្វើការរាវរកក្នុងទឹក ដែលក្រុមឈ្មួញបានប្រមៀលទម្លាក់ទឹក បានជាច្រើនកំណាត់ទៀតដែលធ្វើការបូកសរុបទៅមានចំនួន១១៧ដុំ ។ ក្រោយពីរាវរកឃើញវត្ថុតាងបទល្មើសនោះ រួចមកកម្លាំងរដ្ឋបាលព្រៃឈើនិងអាវុធហត្ថ បានឱ្យទូកចំនួន៤គ្រឿងដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ធ្វើការវាស់វែងបន្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថដែលចុះប្រតិបត្តិការបង្ក្រាបនេះ បញ្ជាក់ថា ឈើធ្នង់ទាំងអស់នេះ មិនមែនមានតែជាងមួួយរយកំណាត់ទេ ។ ឈើទាំងនេះ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនចេញមុនពេលចុះបង្ក្រាបនេះ មួយយប់អស់រាប់រយកំណាត់មកហើយ ។ ចំណុចនេះ គឺជាចំណុចមួយដែលក្រុមឈ្មួញយកធ្វើជាទីតាំងល្អបំផុតសម្រាប់ការដឹកជញ្ជូនបទល្មើសព្រៃឈើ ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បញ្ជាក់ថា ឈើដែលរឹបអូសបានចំនួន១១៧ដុំ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរួចរាល់អស់ហើយ តែនៅមិនទាន់បានធ្វើការវាស់វែងនៅទ្បើយទេ រង់ចាំថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីសិន ទើបចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ