លោកប្រធានាធិបតីម៉ុនសេហ្វ ម៉ាស៊ូគី ប្រទេសទុយនេសីុបានប្រកាសកាត់បន្ថយប្រាក់បៀវត្សរបស់ខ្លួនដល់ទៅ២ភាគ៣ក្រោយពីទុននីសីុបានជួបវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់នៅក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមក ដោយលោកបានគូសបញ្ជាក់ថា មេដឹកនាំផ្នែកនយោបាយមិនគួរសោយសុខនិងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈពេលប្រជាពលរដ្ឋនៅរងទុក្ខវេទនា ។
របាយការណ៍ពីទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៩ មេសា បានឱ្យដឹងថា លោក ម៉ុនសេហ្វ ម៉ាស៊ូគី អាយុ៦៨ឆ្នាំ ជាប្រធានាធិបតីទុយនីសីុ ដែលឡើងកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១១ បានប្រកាសក្នុងអំឡុងចូលរួមប្រារព្ធពិធីគម្រប់ខួប៥៨ឆ្នាំ នៃការបង្កើតកងការពារសន្ដិសុខផ្ទៃក្នុងរបស់ទុយនីសីុថា ខ្លួននឹងកាត់បន្ថយប្រាក់បៀវត្សប្រហែល២ភាគ៣ឬជិត៦៧%ពីប្រាក់បៀវត្សធម្មតាដើម្បីជួយដោះស្រាយវិបត្តិថវិកាជាតិ ។
លោក ម៉ាស៊ូគី បានគូសបញ្ជាក់ដូច្នេះថា«ខ្ញុំមានជំនឿថា ខ្លួនមិនគួរទទួលប្រាក់បៀវត្សគ្រប់ចំនួន ដរាបណាប្រទេសយើងនៅមិនទាន់រួចផុតពីវិបត្តិថវិកាជាតិ ។ ខ្ញុំមិនអាចសោយសុខ និងមិនគួរទទួលផលប្រយោជន៍ណាមួយ ដរាបណាប្រជាពលរដ្ឋនៅតែរងទុក្ខវេទនា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនយោបាយនៅទុនីសីុនឹងយល់ព្រមលះបង់ការសោយសុខរបស់ពួកគេក្នុងអំឡុងពេលដែលប្រទេសកំពុងជួបនឹងផលវិបាកបែបនេះ» ។
តាមទិន្នន័យរបស់រដ្ឋាភិបាលទុយនីសីុបានបញ្ជាក់ថា ទុយនីសីុមានការនាំចេញទំនិញទៅសហគមន៍អឺរ៉ុប(EU)ខ្ពស់ប្រហែល៧៥%នៃបរិមាណការនាំចេញសរុបរបស់ប្រទេសនិងបាននាំទំនិញចូលពីអឺរ៉ុបស្ថិតក្នុងកម្រិត៧២,៥% ។ ក្រៅពីប្រាក់ចំណូលពីការនាំចេញធ្លាក់ចុះនោះវិបត្តិដ៏រាំុរ៉ៃផ្នែកថវិការបស់ទុយនីសីុ ក៏មានមូលហេតុបណ្ដាលមកពីអំពើទុច្ចរិតរបស់អ្នកនយោបាយនិងមានបក្ខពួកនៅក្នុងប្រទេសដោយបំលែងថវិកាជាតិយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីដើមទសវត្ស១៩៩០ រួមទាំងការគ្មានភាពមិនប្រាកដប្រជាផ្នែកនយោបាយរបស់ទុយនីសីុក្រោយពីប្រជាជនបានរើបម្រះផ្ដួលអំណាចរបស់អតីតមេដឹកនាំផ្ដាច់ការរបស់លោកសីុនអេលអាប៊ីឌីនបេនអាលី កាលពីខែមករា ឆ្នាំ២០១១៕
ចែករំលែកព័តមាននេះ