ខណៈដែលប្រទេសកម្ពុជាជួបប្រទះនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន និងអាជីវកម្មជាច្រើនជួបប្រទះនឹងបញ្ហាខ្វះបុគ្គលិកដែលមានបទពិសោធន៍ច្រើន និងជំនាញខ្ពស់ ។ ដោយហេតុដូចនេះ អាជីវកម្ម និងក្រុមហ៊ុនចាប់ផ្តើមស្វែងរកបុគ្គលិកធ្វើការ Freelance ដើម្បីបំពេញការងារតាមតម្រូវការ ។
ប្រាកដណាស់ ការធ្វើការ Freelance អនុញ្ញាតឲ្យអ្នកមានសេរីភាពច្រើន ។ ប្រសិនបើអ្នកជាប់ធុរៈផ្ទាល់ខ្លួនៅពេលព្រឹក និងថ្ងៃ អ្នកអាចធ្វើការពេលយប់បាន ។ លើសពីនេះទៅទៀតអ្នកថែមទាំងអាចមានពេលក្នុងការមើលថែកូនៗ ឬធ្វើកិច្ចការងារផ្ទះជាដើមផងដែរ ។
លើសពីនេះទៅទៀត អ្នកដែលធ្វើការ Freelance អាចសន្សំសំចៃការចាយវាយលើការធ្វើដំណើរនិងអាហារបានច្រើនផងដែរព្រោះពួកគេអាចជ្រើសរើសកន្លែងធ្វើការនៅជិតលំនៅដ្ឋាន ឬនៅលំនៅដ្ឋានខ្លួនតែម្តង ។ ប៉ុន្តែការងារណាក៏មានចំណុចខ្វះខាត និងបញ្ហាប្រឈមដែរ ។ ដូច្នេះមុនពេលសម្រេចចិត្តជ្រើសរើសអាជីពនេះ អ្នកគួរពិចារណាឲ្យបានដិតដល់នូវចំណុចខាងក្រោមនេះជាមុនសិន៖
១. កត្តាស្ត្រេស៖
ប្រាក់ចំណូលរបស់អ្នកធ្វើការ Freelance គឺពឹងផ្អែកទៅលើសមត្ថភាពរបស់អ្នកក្នុងការលក់ខ្លួនឯង និងបង្កើតបានលទ្ធផលល្អដែលអតិថិជនចង់មករកអ្នកម្តងទៀត ។ ការមានប្រាក់ចំណូលមិនទៀងទាត់នេះអាចផ្តល់សម្ពាធដល់អ្នក និងក្រុមគ្រួសារយ៉ាងខ្លាំង ។ ក្រៅពីនេះហើយ មានករណីខ្លះអ្នកត្រូវទទួលការងារច្រើនក្នុងពេលតែមួយផងដែរ ដូច្នេះទោះវាមានសេរីភាពយ៉ាងណា អ្នកមិនអាចគ្រប់គ្រងចំនូនការងារដែលអ្នកមានជារៀងរាល់ពេលទេ ។
២. ធ្វើការនៅក្រៅការិយាល័យត្រូវការវិន័យ៖
អ្នកដែលធ្វើការ Freelance ជួបប្រទះនឹងភាពខ្ជិលច្រអូស ឬការទុកការងាររហូតដល់ជិតថ្ងៃកំណត់ជាដើម ។ ក្រៅពីនេះហើយ ការធ្វើការនៅក្រៅការិយាល័យអាចធ្វើឲ្យអ្នកប្រឈមនឹងកត្តារំខានផ្សេងៗដូចជាឧបករណ៍អេឡិចត្រូនិក, ធុរៈផ្សេងៗ ឬមនុស្សស្គាល់គ្នាជាដើមដែលចង់ប្រាស្រ័យទាក់ទងជាមួយអ្នក ។
៣. អ្នកប្រហែលជាត្រូវការការងារក្រៅម៉ោង៖
ប្រសិនបើអ្នកមិនមានជំនាញដែលកំពុងមានតម្រូវការខ្ពស់ ឬមិនជឿជាក់ថាប្រាក់ចំណូលរបស់អ្នកគ្រប់គ្រាន់សម្រាប់ជីវភាពធូរធារហើយទេនោះអ្នកមិនមានបញ្ហាច្រើនឡើយ ។ ប៉ុន្តែសម្រាប់អ្នកធ្វើការ Freelance ទូទៅវិញ ពួកគេភាគច្រើនត្រូវការការងារក្រៅម៉ោងបន្ថែមដើម្បីកាត់បន្ថយសម្ពាធ និងរកប្រភពចំណូលមកផ្គត់ផ្គង់ការចាយវាយផ្សេងៗ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ