ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិប​ត្តិ​ការរបស់ស្ថានទូតចិនក្របួច​​ពួក​ឧក្រិដ្ឋ​ចិន​ចាប់​ជម្រិត​​​នៅ​ភ្នំពេញ​​ និងកំពត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​៥​នាក់បាន​ត្រូវ​ស្ថានទូត​ចិន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌទួលគោក​ចាត់ការ​តាម​ច្បាប់ បន្ទាប់ពី​ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា​យក​ប្រាក់​អស់​ប្រមាណ​៣​ពាន់​ដុល្លារ​កាលពី​១២​ថ្ងៃមុន នៅ​សណ្ឋាគារ​ឡាក់​គី​ស្តា​រ៍​២ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចាប់ជំរិត​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​៥​នាក់បាន​ត្រូវ​ស្ថានទូត​ចិន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌទួលគោក​ចាត់ការ​តាម​ច្បាប់ បន្ទាប់ពី​ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា​យក​ប្រាក់​អស់​ប្រមាណ
​៣​ពាន់​ដុល្លារ​កាលពី​១២​ថ្ងៃមុន នៅ​សណ្ឋាគារ​ឡាក់​គី​ស្តា​រ៍​២ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចាប់ជំរិត​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា នៅ​ស្ថានទូត​ចិន ស្ថិត​នៅ​តាម​មហាវិថីម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន ខណៈ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​ជួប​ជនសង្ស័យ ក៏​ប្តឹង​ស្ថានទូត​និង​រាយការណ៍ប្រាប់​សមត្ថកិច្ច ។

ជនសង្ស័យ​ដែល​ត្រូវ​បានឃាត់ខ្លួន ​មាន ១-​ឈ្មោះ Yan Hangkai ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ Zhang Yang ភេទ​ប្រុស អាយ​២០​ឆ្នាំ ៣-​ឈ្មោះ Li Xinmao ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ Wang Yanjim ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៥-​ឈ្មោះ​Wang Yang ភេទ​ស្រី អាយុ​១៨​ឆ្នាំ ។

ពួក​គេ​ជា​អ្នកទេសចរ តែ​ពុំ​មាន​លិខិតឆ្លងដែន​ទេ ស្នាក់​នៅផ្ទះ​សំណាក់​«​ផ្ទះ​មាស​» ផ្លូវ​លេខ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ Washi Long ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​ឡាក់​គី​ស្តា​រ៍​២ កន្លែង​កើតហេតុ ។

តាម​ព័ត៌មាន​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា ដោយ​ចាប់​វាយ​ជន​រង​គ្រោះ​ហើយ​ថត​បង្ហោះ​ផ្ញើ​ទៅ​បងប្អូន​នៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ផ្ញើ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ។ នៅ​ក្នុង​ការ​ជំរិត​ជន​រង​គ្រោះ​នេះ គឺ​បាន​ទារប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ តែ​ក្រោយមក​ជន​រង​គ្រោះ​បាន​រត់​រួច ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បាត់​លិខិតឆ្លង​ដែន​ហើយ​ក៏​ទាក់ទង​ក្រុម​ជនសង្ស័យ​ដើម្បី​ឱ្យ​ជួយ​ធ្វើ​លិខិត​ស្នាម​នៅ​ស្ថានទូត​ចិន ឯ​ជនសង្ស័យ​ក៏​មក​ជួប​ជន​រង​គ្រោះ​នៅ​សណ្ឋាគារ​ខាងលើ ។

នៅ​ពេល​ទៅ​ជួប​នោះ ក្រុម​ជនសង្ស័យ​ក៏​ចាប់​ជន​រង​គ្រោះ​វាយដំ​បណ្តាល​ឱ្យ​របួស រួច​ថត​បង្ហោះ​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​ប្រទេស​ចិន​ដើម្បី​ជំរិត​យក​ប្រាក់ ។ លុះ​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ ជន​រងគ្រោះ​រត់​រួច ​និង​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានទូតនៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ស្រាប់តែ​ប្រទះ​ឃើញជនសង្ស័យ ក៏​ប្តឹង​ស្ថានទូត​និង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​ឃាត់ខ្លួន ដោយសារ​តែ​ទីកន្លែង​ដែល​ធ្វើ​សកម្មភាព​ចាប់ជំរិត​នៅ​ក្នុង​ខណ្ឌទួលគោក ទើប​ស្ថានទូត​និង​នគរបាល​ខណ្ឌចំការមន ក៏​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ខណ្ឌទួលគោក​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច​ច្បាប់ ។

ឃាត់ខ្លួន​ចិន​១៧​នាក់ សង្ស័យ​ចាប់ជំរិត​តាម​អន​ឡាញ
ខេត្តកំពត ៖ កម្លាំង​នគរបាល​ខេត្ត​សហការជាមួយ​នគរបាល​ក្រុង​កំពត ក្រោម​កិច្ច​សម្របសម្រួល​នីតិវិធី​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា បានចុះ​ឆែកឆេរ​ផ្ទះល្វែង​១​កន្លែង និង​ឃាត់ខ្លួន​ជនជាតិចិន​ចំនួន​១៧​នាក់ នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា ដោយ​ទទួល​បាន​សេច​ក្តីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ពី​ការ​ប្រទះ​ឃើញ​ជនជាតិ​ចិន​ពពាក់ពពូន​ក្នុងផ្ទះ​ល្វែង​មួយ​នៅ​ភូមិ សង្កាត់​ខាង​លើ ទើប​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា សមត្ថកិច្ច​នគរបាល​ខេត្តសហការ​ជាមួយ​នគរបាល​ក្រុង​កំពត ក្រោម​កិច្ច​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ខា ដែន​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​កាន់​គោលដៅ​នោះ​ភ្លាម​ៗ ។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​១៧​នាក់​ក្នុង​នោះ​ស្រី​២​នាក់ និង​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដើម្បី​ដំណើរការ​បន្ត ។ លោកស្នងការ​បញ្ជាក់​ថា តាម​ការ​សង្ស័យ​ក្រុម​នេះ​អាច​ជា​មុខសញ្ញា​ជំរិត​ទារប្រាក់​តាម​អន​ឡាញ ។ ប៉ុន្តែ​យ៉ាងណា ក៏​ដោយ សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​សន្និដ្ឋាន​ជា​ផ្លូវការ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​បាន​ចុះ​ស្រាវជ្រាវ​ករណី​ខាងលើ​បន្ត​ទៀត ដើម្បី​ប្រមូល​ព័​ត៌មាន​ជុំវិញ​ការ​មក​ស្នាក់​នៅ​របស់​ជនជាតិ​ចិន​មួយក្រុម​នេះ រួច​ទើប​សម្រេច​ធ្វើ​ការ​​សន្និដ្ឋាន​ពី​សកម្មភាព​របស់​ពួក​គេ​ជា​ផ្លូវការ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ផ្ទះល្វែង​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​នោះ​គឺ​ជនជាតិ​ចិន​ម្នាក់​បាន​ជួល​ស្នាក់​នៅ​ប្រហែល​ជាង​១​ខែ​មក​ហើយ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឃើញ​វត្តមាន​ជនជាតិ​ចិន​ប្រុស​ស្រី​ពពាក់ពពូន​គួរ​ឱ្យ​មន្ទិល ទើប​អ្នក​ជិតខាង​កើតការ​សង្ស័យ​ពីមុខ​សញ្ញា​មិនល្អ​រហូត​លេចឮ​ដល់​សមត្ថកិច្ច​ក៏​ចុះ​ប្រ​តិប​ត្តិ​ការ​តែ​ម្តង ។

នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ តុលា​កង​នគរបាល​ខេត្ត និង​នគរបាល​ក្រុង​កំពត​បាន​ចាត់​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១៧​នាក់ តាម​រថយន្ត​ចំនួន​៤​គ្រឿង​ចេញពី​ខេត្តកំពត​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ការ​ឆ្មក់​ចូល​ផ្ទះល្វែង​មួយ​ចាប់ខ្លួន​ពួក​គេ​កាលពី​ថ្ងៃ​ទី​៧ តុលា ពី​បទ​សង្ស័យ​ចាប់ជំរិត​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ឬ​ល្បែង​អន​ឡាញ ។ ផ្ទះល្វែង​នោះ​ត្រូវ​បាន​ជនជាតិ​ចិន​ជួល​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ឡេ​ង ប៊ុ​ន​ថន នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

លោក​វរសេនីយ៍ឯក ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​បាន​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​មាន​១៧​នាក់ ស្រី​២​នាក់ និង​ដក​ហួត​បាន​ទូរ​ស័​ព្វ​ចំនួន​១៤៤​គ្រឿង និង​កុំ​ព្យួ​ទ័​រ​មួយ​គ្រឿង ។ តាម​ការ​ស្រាវជ្រាវ​របស់​នគរបាល​គឺ​ក្រុម​នេះ​ជា​មុខសញ្ញា​ជំរិត​ទារប្រាក់​តាម​អន​ឡាញ ។

ទោះជា​បែប​ណា​លោក​វរសេនីយ៍ឯក ហោ​វ​ណ្ណា មិន​បាន​ប្រាប់​ពី​មូលហេតុ​បញ្ជូន​ជនជាតិ​បញ្ជូន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ទេ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​បាន​នៅ​ខេត្តកំពត​នោះ​យក​ទៅ​ដាក់​ជាមួយ​ជនជាតិ​ផ្សេង​ទៀត ដែល​បាន​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បញ្ជូន​រួម​គ្នា​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ