ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឋិន​មាន​លក្ខណៈ​ប្លែក​វិសេស​ជាង​ចីវរ​ទាន​ដទៃ

4 ឆ្នាំ មុន

បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា គេ​តែង​ឃើញ​ក្បួន​កឋិន​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ពុំ​មាន​ទំនេរ​វត្ដ​ណាមួយ​ឡើយ ដែល​កំណត់ពេល​២៩​ថ្ងៃ​ចាប់ពី​ថ្ងៃ១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ហើយ​បើ​ទី​អារាម​ណាមិន​មាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ឡើង​ដែរ ។ ពិធី​ហែ​អង្គ​កឋិន​ទៅ​កាន់​ទី​អារាម​នីមួយ​ៗ គេ​រៀបចំ​ធ្វើ​ឡើង​យ៉ាង​អធិកអធម…

បន្ទាប់​ពី​បុណ្យ​ចេញ​វស្សា គេ​តែង​ឃើញ​ក្បួន​កឋិន​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ពុំ​មាន​ទំនេរ​វត្ដ​ណាមួយ​ឡើយ ដែល​កំណត់ពេល​២៩​ថ្ងៃ​ចាប់ពី​ថ្ងៃ១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ហើយ​បើ​ទី​អារាម​ណាមិន​មាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​នោះ​ក៏​ត្រូវ​តែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ឡើង​ដែរ ។ ពិធី​ហែ​អង្គ​កឋិន​ទៅ​កាន់​ទី​អារាម​នីមួយ​ៗ គេ​រៀបចំ​ធ្វើ​ឡើង​យ៉ាង​អធិកអធម សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង ។

កឋិន​ជា​បុណ្យ​ផ្នែក​ខាង​វិន័យ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ចីវរ​ទាន​ធម្មតា ជា​ទាន​មាន​ផល​ច្រើន​ជា​អនេក ឯ​ទាយក​អ្នក​ឱ្យ និង​ភិក្ខុសង្ឃ​អ្នក​ទទួល​ក្រាល​គ្រង​ក៏​ត្រូវធ្វើ​ទៅ​តាម​ក្រឹត្យក្រម​វិន័យ​បំផុត​ទើប​កើតជា​កឋិន​ប្រកបដោយ​ធម៌ ។ កឋិន​ប្លែក​ពី​ចីវរ​ទាន​ឯទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺៈ

១-​ប្លែក​ដោយ​កាល ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ខែអស្សុជ​មាន​១៤​ថ្ងៃ ពី​ត្រឹម​១​រោច ដល់​១៤​រោច ដាច់​ខែអស្សុជ​។ ចំណែក ខែកត្តិក​មាន​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​ពេញបូណ៌មី​។ រយៈកាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​កំណត់​នេះ​បរិស័ទ​ចង់​ធ្វើ​ថ្ងៃ​ណាមួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃ​ទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ ។

២-​ប្លែក​ដោយ​វត្ថុ គឺ​សំពត់​ដែល​ក្រាលកឋិន​នោះ បាន​តែ​ស្បង់ ឬ​ចីវរ ឬ​ក៏​សង្ឃាដី ដែល​គេ​ធ្វើ​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ​។ សំពត់​ក្រៅពី​នេះ​ធ្វើ​ពុំ​បាន ហើយ​សំពត់​ទាំង​៣​មុខ​នេះ​ទៀត​សោត​នឹង​យក​ទាំងអស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខ ទោះបី​ទាយក​យក​ចីវរ​១​ត្រៃ​គឺ ចីវរ​១ ស្បង់​១ សង្ឃាដី​១ ជា​សំពត់​កឋិន​មក​វេរ​ប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុ​ណាមួយ​ធ្វើ​ជា​អង្គ​កឋិន គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន ចីវរ​ក៏​បាន ឬ​សង្ឃាដី​ក៏​បាន ស្រេច​លើ​ព្រះ​ទ័យ​លោក ឲ្យ​តែ​វត្ថុ​នោះ​ត្រឹមត្រូវ​តាម​វិនយ​ប្បញ្ញត្តិ​។ តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដី ជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​១​ត្រៃ សង្ឃាដី​ជា​ចីវរ​ធំ​ជាងគេ​។

៣-​ប្លែក​ដោយ​អំពើ គឺ​បុគ្គល​អ្នក​ធ្វើ​គប្បី​ធ្វើ​ឲ្យ​បាន​ត្រូវ​របៀប​តាម​ផ្លូវ​ព្រះ​វិន័យ​ទើបបាន​។

៤-​ប្លែក​ដោយ​បដិគ្គាហកៈ​គឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ ក្រៅពី​ភិក្ខុ​ពុំ​បាន​ឡើយ ហើយ​ភិក្ខុ​នោះ​ទៀត​សោត​លុះណាតែ​បាន​នៅ​គង់​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណាមួយ​ទើប​អាច​ទទួល​ក្រាល​គ្រង​និង​អនុមោទនា កឋិន​ក្នុង​វត្ត​នោះ​បាន ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន ។

៥-​ប្លែក​ដោយ​អានិសង្ស គឺ​ភិក្ខុ​អ្នក​ទទួល និង​ភិក្ខុ​អ្នក​ក្រាល​គ្រង​កឋិន​ក៏​បាន​អនិស​ង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ត្រង់​កឋិន​ក្ខ​ន្ធ​កថាៈ

១-​អនាម​ន្ត​ចា​រោ ត្រាច់​ទៅ​កាន់​ទី​ដទៃ ដោយ​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន​មានទោស​។

២-​អ​សមាទាន​ចា​រោ ត្រាច់​ទៅ​ដោយ​មិនបាច់​យក​ត្រៃចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន​។

៣-​គណ​ភោ​ជ​នំ ឆាន់​អាហារ​ភោជន​បាន​។

៤-​យាវ​ទ​ត្ថ​ចីវ​រំ ទុកដាក់​អតិរេកចីវរ​បាន​តាម​ត្រូវការ ។

៥-​យោ ច ត​ត្ថ ចីវ​រុ​ប្បា​ទោ សោ នេ​សំ ភ​វិ​ស្សតិ ចីវរណា​ដែល​កើតឡើង​ក្នុង​អាវាស ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះមិនជំទាស់ទៅនឹងវិន័យឡើយ ។

ដោយ​កឋិនទាន​ជា​ទាន​នាំ​ឲ្យ​ភិក្ខុសង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទនា បាន​អានិសង្ស​៥​យ៉ាងដូច​ពោល​មកនេះ​ហើយ បានជា​ទាយក​អ្នក​ធ្វើ​កឋិន​ត្រូវ​បាន​អានិសង្ស​ច្រើន​ជា​អនេក សម​ដូច​ព្រះពុទ្ធ​ដីកា​ថា សុខ​ស្ស ទា​តា មេធាវី សុ​ខំ សោ អ​ធិ​គ​ច្ឆ​តិ ជន​អ្នកមាន​ប្រាជ្ញា​ណាមួយ​បាន​ឲ្យ​នូវ​សេចក្ដីសុខ​ស្រួល​ដល់​អ្នក​ដទៃ ជន​នោះ​ឯង​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្ដីសុខ​វិញ​ជាក់​ជា​មិន​ខាន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ