ខេត្ដបន្ទាយមានជ័យ ៖ អាជីវករផ្សារសិរីសោភ័ណ ប្រមាណជិត២០០នាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៥ បណ្ដាលឱ្យស្ទះចរាចរណ៍ជាង២ម៉ោងដែលមានរថយន្ដគ្រប់ប្រភេទត្រូវឈប់បន្ដកន្ទុយគ្នាជិត១០គីឡូម៉ែត្រ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី១៨ មេសា នៅចំណុចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ការតវ៉ារបស់ក្រុមអាជីវករនាព្រឹកថ្ងៃនោះមាន២លើក ដែលលើកទី១ចាប់ពីវេលាម៉ោង៧ដល់ម៉ោង៨ព្រឹកនៅផ្លូវបំបែកជាបី មុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ដ និងលើកទី២ចាប់ពីវេលាម៉ោង៨និង៣០នាទីដល់ម៉ោង១០ព្រឹកនៅលើផ្លូវជាតិលេខ៥ ស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាទីរួមខេត្ដ ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្ដ និងលោកឧត្ដមសេនីយ៍ត្រី សំ ជិត ស្នងការរងនគរបាលខេត្ដបានមានវត្ដមានដឹកនាំការរៀបចំសណ្ដាប់ធ្នាប់ដោយមានកងកម្លាំងនគរបាលអន្ដរាគមន៍ និងកម្លាំងនគរបាលការពារព្រំដែនប្រមាណជិត១០០នាក់ព្យាយាមដោះស្រាយឱ្យមានការបើកផ្លូវជាតិឡើងវិញ ។ ក្រុមអាជីវករបានប្រាប់ថា មូលហេតុដែលពួកគាត់លើកគ្នាតវ៉ាគឺមកពីលោកអភិបាលខេត្ដអាណត្ដិថ្មីបានប្រើកងកម្លាំងបិទផ្សារមិនឱ្យពួកគាត់ទៅលក់នៅផ្សារសិរីសោភ័ណ ទើបពួកគាត់លើកគ្នាបិទផ្លូវរកដំណោះស្រាយ តែគ្មានដំណោះស្រាយឡើយ ។
លក្ខខណ្ឌដែលពួកគាត់ទាមទារដោះស្រាយគឺ៖
១-សុំឱ្យលោកអភិបាលខេត្ដអាណត្ដិថ្មីពន្យារពេលទុកឱ្យពួកគាត់ដាច់អាណត្ដិផ្សាររយៈពេល៥ឆ្នាំទៀត ។
២-ខេត្ដត្រូវរកផ្សារមេឃកន្លែងចាស់ដែលមន្ដ្រីខេត្ដអាណត្ដិមុនឃុបឃិតជាមួយក្រុមហ៊ុនផ្សារសិរីសោភ័ណយកលក់អស់ហើយ ដោយឱ្យពួកគាត់មកលក់លើចិញ្ចើមផ្លូវជុំវិញផ្សារសិរីសោភ័ណ ដែលត្រូវទទួលនូវការបណ្ដេញចេញជាបន្ដបន្ទាប់ និងមានភាពចម្រូងចម្រាសបំផុត គឺដេញម្ដងហើយ ដេញម្ដងទៀត ។
លោកឧត្ដមសេនីយ៍ត្រី សំ ជិត បានប្រាប់ថា ថ្វីបើមានការពង្រាយកម្លាំងនគរបាលដើម្បីទប់ទល់រារាំងមែន មិនបានប្រើហិង្សាទេគ្រាន់តែសុំអង្វរពួកគាត់កុំឱ្យបិទផ្លូវ ព្រោះបណ្ដាលឱ្យស្ទះចរាចរណ៍ប៉ះពាល់ដល់អ្នកដំណើរ តែពួកគាត់មិនស្ដាប់សោះ ។ រយៈពេល២ម៉ោងក្រោយមក ទើបឱ្យរថយន្ដធំបើកចូលក្នុងហ្វូងមនុស្សដែលឈររាំងផ្លូវដើម្បីញែកពួកគាត់ចេញ ដោយប្រើកម្លាំងរាំងជាជួរបើកផ្លូវទើបអាចបើកបាននៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ។
អ្នកដំណើរបានត្អូញត្អែរថា មូលហេតុដែលប្រជាពលរដ្ឋតវ៉ានិងបិទផ្លូវយូរបណ្ដាលឱ្យស្ទះអត់បាយក្រហាយទឹក ព្រោះតែអាជ្ញាធរមិនប្រញាប់ចេញមុខដោះស្រាយ ហើយបានប្រើកម្លាំងរុញច្រានដើម្បីបំបែកហ្វូង ទើបបានជាបិទផ្លូវបណ្ដាលឱ្យស្ទះយូរបែបហ្នឹង ។
គួរបញ្ជាក់ថា ក្នុងវិធានការលុបបំបាត់ការលក់ដូរនៅជុំវិញផ្សារសិរីសោភ័ណ លោក គោស៊ុំ សារឿត អភិបាលខេត្ដ បានឱ្យកម្លាំងនគរបាលនិងប៉េអឹមបិទផ្លូវចូលផ្សារនៅម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ មេសា មិនឱ្យអាជីវករចូលលក់នៅលើផ្លូវជុំវិញផ្សារសិរីសោភ័ណឡើយ ។ ទាំងអ្នកលក់នៅក្នុងផ្សារនិងខាងក្រៅផ្សារមិនអាចចូលលក់បានទេ ។ ប៉ុន្ដែនៅលើផ្លូវខាងត្បូងផ្សារគេឃើញមានអាជីវករប្រមាណ២០ភាគរយបានចូលលក់ ទោះជាមានការរារាំងពីកម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ។
មានការកត់សម្គាល់ថា នៅពេលមានការតវ៉ានៅផ្សារសិរីសោភ័ណ រថយន្ដធុន១០តោនដែលមានបិទឡូហ្គោបង្រៀនបើកបរដៃទិព្វមានជ័យរបស់ម្ចាស់ផ្សាររាត្រីដែលបម្រុងចូលដឹកជើងថ្មដាក់ឆត្រត្រូវបានអាជីវករនាំគ្នាលើកគ្រែរាំងមុខ និងយកជើងថ្មដាក់ឆត្រកល់កង់ទៅមុខលែងរួច។ ការតវ៉ាចំពោះវិធានការរបស់អាជ្ញាធរខេត្ដនេះមិនទាន់ដឹងថានឹងមានដំណោះស្រាយបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ